សាច់ញាតិ​អនុភូមិ​ស្លាប់​ក្នុង​រថយន្ត​សមត្ថកិច្ច ស្នើ​តុលាការ​អនុវត្ត​ច្បាប់​លើ​អ្នកក្រៀក​កឪពុក​គាត់​ម្នាក់​ទៀត

លោក សួង ឌ័ន ទទួលមរណភាព ដោយសាច់ញាតិអះអាងថាលោកស្លាប់អំឡុងពេលកងរាជអាវុធហត្ថខេត្តកំពង់ធំចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង (ជល់មាន់) ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុកកូនស្រីជនរងគ្រោះ)

សាច់ញាតិអនុភូមិម្នាក់ដែលស្លាប់ក្នុងរថយន្តសមត្ថកិច្ច ពេល​កំពុងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ អំពាវនាវទៅតុលាការចាត់វិធានការច្បាប់ទៅលើអ្នកក្រៀកកឪពុករបស់គាត់ម្នាក់ទៀត និងទាមទារសំណង៣ម៉ឺនដុល្លារ ខណៈតុលាការសម្រេចចោទប្រកាន់​និងឃុំខ្លួនអ្នកពាក់ព័ន្ធចំនួន៣នាក់តែប៉ុណ្ណោះ។

កញ្ញា ឌិន នារតី កូនបង្កើតរបស់អនុប្រធានភូមិរូង មកពីគណបក្សកាន់អំណាច ស្ថិតនៅឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ លោក សួង ឌ័ន បានប្រាប់វីអូឌីនៅថ្ងៃនេះថា កាលពីថ្ងៃទី៧ ខែសីហា ឪពុករបស់គាត់បានទៅអង្គុយពិសាកាហ្វេនៅក្នុងហាងមួយកន្លែងក្នុងភូមិរូង ក្រោយត្រលប់មកពីប្រជុំវិញ។

កញ្ញាបន្តថា នៅថ្ងៃកើតហេតុ ក្នុងហាងកាហ្វេនោះមិនបានបើកល្បែងស៊ីសងតាមអនឡាញទេ ស្រាប់តែពេលនោះមានក្រុមកម្លាំងកងរាជអាវុធហត្ថស្រុកចុះទៅចាប់ក្រៀកស្មា និងសង្កត់កឪពុករបស់គាត់ឡើងរថយន្ត ដើម្បី​បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ប៉ុន្តែឪពុករបស់កញ្ញាក៏បានស្លាក់ខ្យល់ និង​ស្លាប់នៅលើរថយន្តតែម្តង។

ក្រោយពីមានហេតុការណ៍នេះកើតឡើង កញ្ញាបញ្ជាក់ថា កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឃាត់ខ្លួនជនសង្ស័យដែលជាមន្ត្រីកងរាជអាវុធហត្ថចំនួន១៣នាក់មកសួរនាំជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី២២ ខែសីហានេះ គាត់ទទួលបានព័ត៌មានថា សាលាដំបូងខេត្តកំពង់ធំបានសម្រេចឃុំខ្លួនមន្ត្រីកងរាជអាវុធហត្ថខេត្តចំនួន៣នាក់នៅពន្ធនាគារខេត្ត និងអនុញ្ញាតឱ្យមន្ត្រីកងរាជអាវុធហត្ថចំនួន១០នាក់ទៀតត្រលប់ទៅផ្ទះវិញ ដោយ​រកពុំឃើញថា ពួកគេ​មានកំហុសនោះទេ​។

ទោះជាបែបនេះក្ដី កញ្ញា នារតី នៅតែមិនទាន់អស់ចិត្តលើការសម្រេចរបស់តុលាការ ចំពោះការឃុំខ្លួនមន្ត្រីកងរាជអាវុធហត្ថចំនួន៣នាក់ ខណៈអ្នកដែលក្រៀកកឪពុករបស់គាត់ផ្ទាល់ មិនឃើញមានចំណាត់ការ និងអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ហើយថាគ្មានកំហុសទៅវិញ។

ករណីនេះ កញ្ញាបង្ហាញការងឿងឆ្ងល់ និងស្នើទៅតុលាការធ្វើការស្រាវជ្រាវឱ្យមានតម្លាភាពលើមន្ត្រីកងរាជអាវុធហត្ថម្នាក់ទៀតដែលក្រៀកកឪពុកគាត់ផ្ទាល់ ដើម្បីចាត់វិធានការច្បាប់ និងផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសារសាច់ញាតិគាត់ដែលកំពុងរងគ្រោះ។

កញ្ញានិយាយថា៖ «សុំឱ្យអ្នកណាដែលជាអ្នកធ្វើ ជាអ្នកទទួល ដោយសារអ្នកដែលក្រៀកកត្រូវរួចខ្លួន។ និយាយទៅ ដូចខ្ញុំនិយាយអ៊ីចឹង តាមច្បាប់គេជាអ្នកចាត់ចែង»។

វីអូឌី មិនអាចសុំការបំភ្លឺពីព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា បានទេ នៅថ្ងៃនេះ ដោយលោកអះអាងថាជាប់រវល់សវនាការ។

ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា ​ប្រាប់វីអូឌីកាលពីថ្ងៃទី២២ ខែសីហា ថាមន្រ្តីកងរាជអាវុធហត្ថខេត្តកំពង់ធំ ទាំង៣នាក់ ដែលត្រូវបានតុលាការ​បង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារជាបណ្ដោះអាសន្ន កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ក្រោមបទចោទ «មនុស្សឃាតដោយអចេតនា» តាមមាត្រា២០៧ នៃក្រមព្រហ្មទណ្ឌ រួមមាន លោក សៅ សិរីវុឌ្ឍ ជាជំនួយការអង្គភាពនគរបាលយុត្តិធម៌ លោក លុយ តាំងឈួយ ជាប្រធានអង្គភាពនគរបាលយុត្តិធម៌ និងនាយការិយាល័យព្រហ្មទណ្ឌ លោក សុខ ម៉េងហុង

ព្រះរាជអាជ្ញារងរូបនេះបន្ថែមថា ចំណែកមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំចំនួន​១០នាក់ផ្សេងទៀត​ត្រូវបាន​អនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ​ ដោយសាររកមិនឃើញថាពួកគេមានកំហុស។ ប៉ុន្តែលោកថា ចៅក្រមស៊ើបអាចកោះហៅអ្នកពាក់ព័ន្ធទាំងនោះមកសួរនាំបន្ថែមទៀតបាន ត្បិតសំណុំរឿងនេះនៅមិនទាន់បញ្ចប់នៅឡើយទេ។

​​លោក សួង ឌ័ន មានវ័យ៤៧ឆ្នាំ ជាអនុភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ ឃាត់ខ្លួនក្នុងប្រតិបត្តិការចុះបង្រ្កាបករណីល្បែងស៊ីសងជល់មាន់ កាលពីថ្ងៃទី៧ ខែសីហានោះ។

ក្នុងសន្និសីទសារព័ត៌មាន​នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ កាលពី​ថ្ងៃ១៧ ខែសីហា អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ​បានថ្លែងថា ប្រតិបត្តិការចុះបង្រ្កាបករណីល្បែងស៊ីសងកាលពីថ្ងៃទី៧ ខែសីហានោះ សមត្ថកិច្ចបានឃាត់មនុស្សចំនួន៤នាក់ និងវត្ថុតាងមួយចំនួន​។ ​​លោកបន្តថា ជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់ ដែលជាអនុភូមិរូង ឈ្មោះ សួង ឌ័ន បានស្លាប់នៅក្នុងឡាន ខណៈ​កំពុងបញ្ជូនពួកគេទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ។

លោក អេង ហ៊ី អះអាងថា ការស្លាប់នេះមិនមែនបង្កដោយអំពើហិង្សានោះឡើយ ប៉ុន្តែអាចដោយសារខ្វះអុកស៊ីសែនក្នុងរថយន្ត។

ទោះជាបែបនេះក្ដី កូនស្រីបង្កើតរបស់លោក គឺកញ្ញា ឌិន នារតី ធ្លាប់បានអះអាងប្រាប់វីអូឌីថា ឪពុករបស់ខ្លួនបានស្លាប់ក្នុងរថយន្តសមត្ថកិច្ច ក្រោយមន្ត្រីប៉េអឹមបានចាប់ខ្លួនគាត់ ហើយសង្កត់នៅត្រង់ក ដែលធ្វើឱ្យគាត់ដកដង្ហើមមិនរួច។ កញ្ញាបាន​ទទូចឱ្យរដ្ឋាភិបាលជួយរកយុត្តិធម៌ក្នុងករណីនេះ ត្បិតឪពុករបស់គាត់មិនមែនស្លាប់ដោយសារជំងឺ​ឡើយ។

​នាយកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដែលតាមដានរឿងនេះ មានប្រសាសន៍ថា បើដូចការលើកឡើងរបស់កញ្ញា ឌិន នារតី ថាអ្នកដែលក្រៀកកឪពុករបស់ខ្លួនមិនត្រូវបានចាប់យកមកផ្តន្ទាទោសនោះ គួរតែបង្ហាញភស្តុតាងនិងរកសាក្សីស្នើទៅតុលាការនៅអំឡុងពេលស៊ើបអង្កេតនេះឱ្យជួយរកយុត្តិធម៌ជូនគ្រួសារគាត់ ។

លោកមានប្រសាសន៍ថា៖ «វានៅមានមន្ទិលសង្ស័យខ្លះ បើសិនជាក្រុមគ្រួសារ ឬក៏សាក្សីដែលបានឃើញថាមានអ្នកសង្កត់កពិតមែន គួរតែចេញមកធ្វើជាសាក្សី ដើម្បីឱ្យមានការស្រាវជ្រាវបន្តទៀតទៅរកអ្នកពាក់ព័ន្ធ ដើម្បីជាយុត្តិធម៌ពេញលេញនោះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ