អាជ្ញាធរតៃវ៉ាន់ថាមានការលំបាកក្នុងការរំដោះពលរដ្ឋខ្លួនដែលត្រូវគេឆបោកនៅកម្ពុជាព្រោះខ្វះទំនាក់ទំនងការទូត

ទិដ្ឋភាពតាមដងវិថីមួយកន្លែងក្នុងខេត្តព្រះសីហនុ អំឡុងពេលមានការរាតត្បាតកូវីដ១៩ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះសីហនុ)

អាជ្ញាធរតៃវ៉ាន់ថា ខ្លួនមានការលំបាកក្នុងការជួយសង្គ្រោះពលរដ្ឋតៃវ៉ាន់ដែលត្រូវគេឆបោកតាមអ៊ឺនធឺណិតឱ្យមកធ្វើការនៅកម្ពុជា ដោយសារប្រតិបត្តិការ​ជួយ​សង្គ្រោះ​ត្រូវ​​គេរារាំង មានភាព​ស្មុគស្មាញ ​ហើយអាជ្ញាធរកម្ពុជាអនុវត្តមិនបានពេញលេញ​ និង​មានអំពើ​ពុករលួយ ខណៈកម្ពុជា-តៃវ៉ាន់ខ្វះទំនាក់ទំនងការទូតជាមួយគ្នា។

ការអះអាងនេះធ្វើឡើងតាមរយៈអត្ថបទចុះផ្សាយជាភាសាអង់គ្លេសជាង២ទំព័ររបស់ទស្សនាវដ្ដី The Guardian នៅថ្ងៃទី២៣ ខែសីហានេះ។

The Guardian សរសេរដោយស្រង់ការលើកឡើងរបស់អាជ្ញាធរតៃវ៉ាន់ថា ជនជាតិតៃវ៉ាន់រាប់រយនាក់ស្ថិតក្នុងចំណោមជនរងគ្រោះជាច្រើនទៀតដែលគេមិនបានដឹងពីចំនួនពិតប្រាកដ ត្រូវគេបង្ខាំង និងបង្ខំឱ្យធ្វើការក្នុងបណ្ដាញបោកប្រាស់តាមអ៊ីនធឺណិត ដោយប្រតិបត្តិការជួញដូរមនុស្សនៅអាស៊ីអាគ្នេយ៍។

ក្នុងនោះ កងកម្លាំងប៉ូលិសនៅតៃវ៉ាន់ ចិន ហុងកុង ម៉ាកាវ និងវៀតណាម បានបើកប្រតិបត្តិការធំៗ ដើម្បីជួយសង្គ្រោះពលរដ្ឋរបស់ពួកគេ និងលុបបំបាត់ក្រុមជួញដូរមនុស្ស។

អ្នកជួញដូរ ដែលភាគច្រើនមានទំនាក់ទំនងជាមួយបណ្តាញឧក្រិដ្ឋកម្មខុសច្បាប់ដ៏ល្បីឈ្មោះ កំពុងដាក់គោលដៅលើយុវជនអាស៊ី តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយឆបោកថាផ្ដល់ការងារមានប្រាក់ខែខ្ពស់ កន្លែងស្នាក់នៅ នៅប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា និងឡាវ។

យ៉ាងណា នៅពេលមកដល់ លិខិតឆ្លងដែនរបស់ពួកគេត្រូវបានគេដកយក ហើយពួកគេជារឿយៗត្រូវបានលក់ទៅឱ្យក្រុមផ្សេងៗ ហើយត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងការិយាល័យដែលដំណើរការតាមទូរសព្ទខុសច្បាប់ ឬបោកប្រាស់តាមអ៊ីនធឺណិត។ ក្រុម​ជន​រង​គ្រោះ​ច្រើន​បំផុត​ទំនង​ជា​មក​ពី​ប្រទេស​វៀតណាមនិង​តៃវ៉ាន់។

The Guardian បានស្រង់សម្ដីអាជ្ញាធរ​តៃវ៉ាន់​​ថា ពលរដ្ឋ​ជិត៥ ០០០នាក់​ត្រូវ​បាន​កត់ត្រា​ថា​បានធ្វើ​ដំណើរ​មក​កម្ពុជា ​ហើយ​មិន​ឃើញវិល​ត្រឡប់​មក​វិញ​ទេ។ ប៉ូលិសបាននិយាយថា ពួកគេបានកំណត់អត្តសញ្ញាណយ៉ាងហោចណាស់ ពលរដ្ឋ៣៧០នាក់ក្នុងចំណោមនោះ ត្រូវបានគេចាប់បង្ខាំង ប៉ុន្តែជនរងគ្រោះដែលរួចខ្លួនបាននិយាយថា ចំនួនជនរងគ្រោះទំនងជាមានច្រើនជាងនេះ។

យ៉ាងហោចណាស់មនុស្ស៤៦នាក់បានត្រលប់ទៅតៃវ៉ាន់វិញ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយខ្លះរាយការណ៍ថា ពួកគេឬអ្នកផ្សេងទៀតត្រូវបានបង្ខំឱ្យចុះហត្ថលេខាលើកិច្ចសន្យា ហើយត្រូវបានគេរំលោភផ្លូវភេទ បង្អត់អាហារនិងទឹក និងត្រូវបានគំរាមកំហែងជាញឹកញាប់។

The Guardian សរសេរថា៖ «ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ត្រូវ​បាន​គេរារាំង ឬមានភាព​ស្មុគស្មាញ ​ដោយ​ការ​អនុវត្ត​របស់អាជ្ញាធរមិនបានពេញលេញ​ និង​មានអំពើ​ពុករលួយ​នៅ​កម្ពុជា។ របាយការណ៍​ខុសៗ​គ្នា​បាន​ឱ្យ​ដឹង​ថា ជន​ល្មើស​រួម​មានជនជាតិ​តៃវ៉ាន់ ចិន ថៃ និង​ខ្មែរ»។

បើតាមប្រភពដដែល ព័ត៌មាន​នៃ​ការ​ជួញ​ដូរមនុស្ស​ត្រូវ​បាន​គេផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នៅ​អាស៊ី ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍ចុងក្រោយនេះ។

ក្នុងនោះ កាល​ពី​សប្តាហ៍​មុន វីដេអូ​បែកធ្លាយមួយបង្ហាញ​ថា ​​ជនជាតិ​វៀតណាម​រាប់​សិប​នាក់​​បានរត់​ភៀស​ខ្លួន​ចេញពី​កាស៊ីណូ​នៅ​​ព្រំដែន​កម្ពុជា។ ពួកគេ​ត្រូវ​បាន​អ្នកយាម​កាន់​ដំបង​ដេញ​តាម ពេល​ពួក​គេប្រញាយគ្នា​រត់ចេញ​ពី​អគារ​ ហើយ​លោត​ចូល​ទឹក​ទន្លេ​ ដើម្បី​ហែល​ឆ្លងព្រំដែន​ទៅ​វៀតណាម។ យ៉ាងណា យុវជន​អាយុ​១៦​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្លាប់​នៅពេល​រត់គេច​។

យុវតីតៃវ៉ាន់ម្នាក់ឈ្មោះ Yu Tang បានប្រាប់ The Guardian ថានាងត្រូវគេទាក់ទងតាម Facebook កាលពីខែមេសា ដោយគេអះអាងថា ឃើញនាងនៅក្នុងក្រុមមនុស្សដែលកំពុងរកការងារធ្វើ។ គេបានប្រាប់នាងថា គេនឹងផ្តល់ការងារនៅក្រៅប្រទេសដល់នាង ពោលគឺធ្វើជាអ្នកហៅទូរសព្ទ (Call Center) នៅក្រុមហ៊ុនហ្គេមអនឡាញ និងកាស៊ីណូ។

នាងថា នៅពេលដែលនាងបង្ហាញការសង្ស័យ ពួកគេបានស្ម័គ្រចិត្តចំណាយលុយថ្លៃយន្តហោះ ឱ្យតែនាងព្រមជួបដោយផ្ទាល់។

ក្រោយជួបផ្ទាល់ជាមួយគេ និងសង្កេតឃើញថាមានភាពប្រក្រតីធម្មតា នាងបានយល់ព្រមទទួលយកការងារនេះ។ ពេលមកដល់​​អាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ​ ខណៈអ្នក​ដែលអះអាង​ថា​​ជា​ក្រុមការងារ​មកទទួលនាង ​​មើល​ទៅ​ដូច​ជា​ក្រុមជើងកាង​ ឬ gangsters។ មនុស្សទាំងនោះ​បានដក​យក​លិខិតឆ្លងដែន​របស់​នាង និងអ្នកដែលរកការងារធ្វើ ដោយ​អះអាង​ថា ដើម្បី​រៀបចំ​ស៊ីម​កាតទូរសព្ទឱ្យ ប៉ុន្តែ​ពួកគេមិន​បាន​ប្រគល់​លិខិតឆ្លងដែននោះមកវិញ​ទេ។

Yu Tang ថា៖ «ខ្ញុំដឹងថា បើខ្ញុំចង់ហៅរកជំនួយ ខ្ញុំចាំបាច់ត្រូវការស៊ីមទូរសព្ទ។ នៅពេលនោះ យើងក៏បានគិតមមៃហើយថាយើងត្រូវគេលក់ហើយ»។

Yu Tang បាននិយាយថា រាល់ការសន្ទនាជាមួយក្រុមមនុស្សឆបោកទាំងនោះ ត្រូវបានគេលុបចេញពីទូរសព្ទរបស់ជនរងគ្រោះ។ ពួកគេត្រូវបាននាំទៅខេត្តព្រះសីហនុ ហើយក្រោយមក គេប្រាប់ជនរងគ្រោះទាំងនោះថា ពួកគេត្រូវតែធ្វើការនៅក្នុងប្រតិបត្តិការឆបោកតាមទូរសព្ទ។

ពួកគេក៏ត្រូវបានប្រាប់ផងដែរថា ពួកគេនឹងត្រូវបោកអ្នកផ្សេងទៀតមកធ្វើការនេះ ដើម្បីបង់លុយ១៧ ០០០ដុល្លារអាមេរិកសិន បើពួកគេចង់រួចខ្លួន។

Yu Tang៖ «នៅ​ពេល​បុរស​ម្នាក់​បាន​តវ៉ា គាត់​ត្រូវ​បាន​គេ​វាយ​ឱ្យសន្លប់ និងភ្ជង់​កាំភ្លើង​គំរាមយ៉ាង​រន្ធត់។ បុរស​នោះ​នៅ​តែ​ស្ថិត​ក្នុង​បញ្ជី​អ្នក​បាត់​ខ្លួន​របស់​តៃវ៉ាន់»។

ក្រោយមក Yu Tang បាននិយាយថា នាងរកបានស៊ីមមួយ ហើយបានរាវតាមហ្វេសប៊ុកទាក់ទងរកប្រភពដែលអាចអាចជួយនាងបាន។

នៅ​ថ្ងៃ​បន្ទាប់ ​សមត្ថកិច្ច និង​ទាហាន​បាន​មក​ដល់​កន្លែងនោះ​ ដើម្បី​នាំនាងចេញទៅ។ នាង​បាន​ចោទ​ថៅកែ​ថា​បាន​ផ្តល់លុយ​ដើម្បីបិទមាត់អាជ្ញាធរ​ ប៉ុន្តែអាជ្ញាធរ​​បាន​បដិសេធ។ យ៉ាងណា ចុងក្រោយនាង​បាន​ត្រលប់​មក​តៃវ៉ាន់​វិញ​ហើយ​។

បើតាម Yu Tang នាងជឿថា មានជនជាតិតៃវ៉ាន់ជាច្រើននាក់ទៀតនៅតែបន្តជាប់នៅកម្ពុជា ច្រើនជាងចំនួនដែលអាជ្ញាធរ​បានបញ្ជាក់ ដោយកត់សម្គាល់ថា នាងបានឃើញយ៉ាងហោចណាស់មនុស្ស៥០នាក់ផ្សេងទៀតត្រូវបានឃុំខ្លួននៅទីតាំងជាមួយនាង ហើយតំបន់នោះពោរពេញដោយអគារស្រដៀងៗគ្នា។

The Guardian បានស្រង់សម្តី Yu Tang ទៀតថា មនុស្សជាច្រើនត្រូវគេបង្ខំឱ្យចុះហត្ថលេខាលើកិច្ចសន្យា ហើយថាពួកគេកាន់តែភ័យខ្លាចក្នុងការនិយាយ នៅពេលអាជ្ញាធរសាកសួរអំពីស្ថានភាព។

The Guardian បន្តថា៖ «កិច្ចប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះរបស់អាជ្ញាធរតៃវ៉ាន់ គឺមានភាពស្មុគស្មាញណាស់ ដោយសារកង្វះវត្តមានមន្ត្រីការទូតរបស់តៃវ៉ាន់នៅកម្ពុជា ខណៈរដ្ឋាភិបាលកម្ពុជាយល់ស្របនឹងចិនថា កោះតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ចិន»។

ប្រភពដដែលថា ស្របពេលជាមួយគ្នានេះ អាជ្ញាធរតៃវ៉ាន់បន្តល្បាតនៅអាកាសយានដ្ឋានអន្តរជាតិ ដោយដាក់ស្លាកសញ្ញាសួរនាំនិងព្រមានអ្នកដំណើរដែលទៅកម្ពុជា។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា កម្ពុជាទទួលស្គាល់ «គោលនយោបាយចិនតែមួយ» ដែលមានន័យថាកម្ពុជាចាត់​ទុក​តៃវ៉ាន់ថាជាផ្នែករបស់ចិន។ ដូច្នេះ លោកថា ការដែលអាជ្ញាធរតៃវ៉ាន់អះអាងថាមានការពិបាកក្នុងការទំនាក់ទំនងជាមួយកម្ពុជាដើម្បីជួយពលរដ្ឋខ្លួនដែលត្រូវគេឆបោក អាចជារឿងត្រឹមត្រូវ។ យ៉ាងណា លោកថា អាជ្ញាធរតៃវ៉ាន់ក៏អាចទាក់ទងសុំជំនួយតាមរយៈស្ថានទូតចិននៅកម្ពុជាបាន។

ក្រៅពីនេះ មន្ត្រីក្រសួងមហាផ្ទៃរូបនេះថា តៃវ៉ាន់មានទំនាក់ទំនងការទូត​ជាមួយ​វៀតណាម។ ដូច្នេះ តៃវ៉ាន់ក៏៏អាច​ទាក់ទងរកជំនួយពីកុងស៊ុលនៅវៀតណាម ដើម្បីជួយពលរដ្ឋខ្លួនបានដែរ បើសិនមិនអាចទាក់ទង​ដោយ​ផ្ទាល់​ជាមួយកម្ពុជាបាន។

ចំពោះការលើកឡើងថា អាជ្ញាធរកម្ពុជាអនុវត្តមិនបានពេញលេញ​ និង​មានអំពើ​ពុករលួយក្នុងការចាត់​វិធានការ​នោះ លោក ខៀវ សុភ័គ ចោទជាសំណួរថា តើជាករណីមួយណា? ហើយកើតឡើងពីពេលណា?

លោក ខៀវ សុភ័គ ថា៖ «​ពូក៏មិនដឹងថា ពុករលួយយ៉ាងម៉េច! ​និយាយជារួមអ៊ីចឹង! [មិនប្រាប់ថា] តើករណីពីថ្ងៃណាៗ ពូម៉េចនឹងឆ្លើយបានកូន? គាត់និយាយករណីរួមៗអ៊ីចឹង! ហើយ case នៅពីថ្ងៃណា? ស្នើសុំ [ជំនួយដល់ជនរងគ្រោះ] ពីថ្ងៃណា? អាហ្នឹងបានពូសុំព័ត៌មាន [ពីអាជ្ញាធរពាក់ព័ន្ធ] អីបាន ហើយយើង check មើលទៅបាន»។

បែបនេះក្ដី អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះទទួលស្គាល់ថា ពិតជាមានករណីបង្ខាំង ឆបោក និងជួញដូរមនុស្សនៅកម្ពុជាប្រាកដមែន ខណៈអាជ្ញាធរបានចាត់វិធានការជាបន្តបន្ទាប់ជួយសង្គ្រោះជនស្លូតត្រង់ និងចាប់ខ្លួនជនប្រព្រឹត្តបានបណ្តើរៗ ដូចជា នៅខេត្តព្រះសីហនុ។ លោកថា ឱ្យតែមានព័ត៌មានច្បាស់លាស់ ដូចជា ទីតាំងកើតហេតុ ជាដើម សមត្ថកិច្ចកម្ពុជានឹងមិនឱបដៃឈរមើលឡើយ។

យ៉ាងណា មន្ត្រីរដ្ឋាភិបាលរូបនេះថា ក្រុមជនប្រព្រឹត្តអំពើឆបោក និងជួញដូរមនុស្សទាំងនោះ មិនអាចក្រឡុករដ្ឋាភិបាលកម្ពុជាបានស្រេចតែចិត្តទេ ពោលគឺពួកគេនឹងស្ថិតក្រោមក្រសែភ្នែកសមត្ថកិច្ចកម្ពុជារហូតទៅ។

នាយកកិច្ចការទូទៅអង្គការលីកាដូ លោក អំ សំអាត យល់ថា ពិតជាមានការពិបាក ដោយសារកម្ពុជា-ចិនទទួលស្គាល់គោលនយោបាយចិនតែមួយ ខណៈតៃវ៉ាន់មិនស្ថិតក្នុងបញ្ជីការទូតជាមួយកម្ពុជាទេ។ ដូច្នេះ បើមានបញ្ហាអ្វី លុះត្រាទាក់ទងតាមរយៈស្ថានទូតចិន។

យ៉ាងណា លោក សំអាត ថាបើគិតពីបញ្ហាសិទ្ធិមនុស្ស និងកត្តាមនុស្សធម៌វិញ បើទោះជនរងគ្រោះជាជនជាតិអ្វីក៏ដោយ ឱ្យតែសុំកិច្ចអន្តរាគមន៍ អាជ្ញាធរកម្ពុជាត្រូវតែជួយ ដើម្បីរំដោះជនរងគ្រោះ។ លោកចាត់ទុកថា កិច្ចអន្តរាគមន៍ដោយមិនប្រកាន់ជាតិសាសន៍ គឺជាគោលការណ៍គោរពសិទ្ធិមនុស្ស។

លោក អំ សំអាត ថា៖ «ទោះបីជាជនជាតិណាក៏ដោយ ពណ៌សម្បុរណាក៏ដោយ ឱ្យតែរងគ្រោះ ហើយមានកិច្ចសុំអន្តរាគមន៍ អាជ្ញាធរមិនត្រូវមានការរើសអើងទេ។ ត្រូវតែធ្វើការជួយសង្គ្រោះ ពីព្រោះអានេះវាពាក់ព័ន្ធនឹងជីវិតមនុស្ស មិនមែនពាក់ព័ន្ធនឹងបញ្ហានយោបាយ បញ្ហាការទូតអីទេ គឺជាការជួយជនរងគ្រោះ។ បើមិនអ៊ីចឹងទេ បើសិនជាមានហេតុការណ៍កើតឡើង គឺគេរិះគន់ៗកម្ពុជាយើង»។

មន្ត្រីសង្គមស៊ីវិលរូបនេះថា បើមានព័ត៌មាន អាជ្ញាធរកម្ពុជាត្រូវតែស៊ើបអង្កេតដោយម៉ឺងម៉ាត់ ដើម្បីផ្តល់យុត្តិធម៌ និងជួយជនរងគ្រោះ ហើយបើរកឃើញថា ជនឬមន្ត្រីណាមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ គឺត្រូវតែអនុវត្តតាមផ្លូវច្បាប់លើបុគ្គលនោះ។

ប៉ូលិសហុងកុងកាលពីសប្តាហ៍មុន បាននិយាយថា មនុស្ស៥នាក់ត្រូវបានចាប់ខ្លួន ខណៈដែលអាជ្ញាធរបានបង្កើតក្រុមការងារដើម្បីជួយជនរងគ្រោះដែលត្រូវបានកំណត់អត្តសញ្ញាណជាង៣០នាក់។ ប្រទេសចិនបាននិយាយថា ខ្លួនកំពុងធ្វើការជាមួយអាជ្ញាធរកម្ពុជា ដើម្បីជួយសង្គ្រោះជនរងគ្រោះ ហើយអនីតិជនចំនួន៦០នាក់ត្រូវបានជួយសង្គ្រោះនាពេលថ្មីៗនេះ រួមទាំងទាសភាពផ្លូវភេទផងដែរ។

បើតាម The Guardian អគ្គស្នងការរងនគរបាលជាតិកម្ពុជា នាយឧត្តមសេនីយ៍ ឆាយ ស៊ីណារិទ្ធ មានប្រសាសន៍ថា អាជ្ញាធរកម្ពុជាបានរកឃើញគម្រោងខុសច្បាប់តាមអ៊ីនធឺណិតជាច្រើនដែលផ្តោតលើពលករបរទេស ហើយបានចាប់ខ្លួនមនុស្សរាប់រយនាក់មកពីប្រទេសចិន និងតៃវ៉ាន់។

ចំណែករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បាននិយាយកាលពីពេលកន្លងទៅថា ក្រសួងនឹងបើកការត្រួតពិនិត្យទូទាំងប្រទេសស្តីពីស្ថានភាពជនបរទេសដែលកំពុងធ្វើការ ឬស្នាក់នៅក្នុងសណ្ឋាគារ អចលនទ្រព្យជួល និងកាស៊ីណូ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ