លោក ហ៊ុន សែន ប្រកាស​មិន​ចាត់​វិធានការ​លើ​លោក ខឹម វាសនា ដោយ​បារម្ភ​ខ្លាច​ចូល​អន្ទាក់នយោបាយ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសមិនចាត់វិធានការលើលោក ខឹម វាសនា​ ឬ​ប្រើប្រាស់កម្លាំង​ក្នុង​ការ​បង្ក្រាបណាមួយ​​ទៅលើ​ការប្រមូលផ្ដុំពលរដ្ឋដែលជាអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ​​​​​ នៅតំបន់ភ្នំគូលេន ខេត្តសៀមរាប​ នោះ​ទេ ​ដោយបា​រម្ភខ្លាចចូលអន្ទាក់ បើ​ទោះបីលោករង​ការជេរប្រមាថពីសំណាក់​លោក ខឹម វាសនា ក៏ដោយ។

ក្នុង​ពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធនេះ លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ថ្លែងថា អ្នកគាំទ្ររូបលោកជាច្រើនបានប្រតិកម្ម និងស្នើឱ្យចាត់វិធានការ​លើលោក ខឹម វាសនា ដែលបានប្រើពាក្យ​សម្ដីធ្ងន់​ធ្ងរជេរ​​ប្រមាថ​លើរូបលោក។

លោក​បន្តថា គោលបំណងរបស់​លោក ខឹម វាសនា គឺ​ចង់ឱ្យរដ្ឋាភិបាល​ប្រើ​​ប្រាស់​កម្លាំង​បំបែក​កន្លែង​​ជួប​​ជុំ ប៉ុន្តែ​រឿង​នេះ ​លោកមិនចូលអន្ទាក់លោក ខឹម វាសនា ឡើយ ទើប​លោក​បញ្ជា​ទៅកម្លាំង​សមត្ថកិច្ច​​ឱ្យនៅស្ងៀម​ស្ងាត់ កុំតបត ឬមានវិធានការ​ណាមួយទៅលើ​ក្រុម​លោក ខឹម វាសនា ទោះបីជាលោក​ត្រូវទទួលរងការជេរ​ប្រមាថ និង​ត្រូវបាន​​​ក្រុម​ប្រឆាំង​មួយចំនួន​​ចោ​​ទរូប​លោក​ថា បង្កើត​ព្រឹត្តិ​ការណ៍ដើម្បីលុបបំបាត់​រឿង​កូន​ប្រុស​​របស់​លោក គឺលោក ហ៊ុន ម៉ាណែត ទៅវៀតណាម និង​​ករណី​​​ភ្នំតាម៉ៅ ជាដើម​។

លោក ហ៊ុន សែន បានថ្លែងថា៖ «បង​ប្អូន​អ្នក​គាំទ្រ​ខ្ញុំ ដែលយប់មិញបានបង្ហាញកំហឹងពុះកញ្ជ្រោ​ល​អំពី​សារ​ដ៏​ធ្ងន់​ធ្ងរ ដែលឯកឧត្ដម ខឹម វាសនា ធ្វើការប្រមាថចំពោះខ្ញុំ ជេរគ្រប់សព្វរហូត “អាខ្វាក់” ប៉ុន្តែជាបន្ទាន់ ខ្ញុំបានចេញបទបញ្ជាថា អ្វីដែលលោក ខឹម វាសនា ចង់​បាន​នោះ គឺចាប់បង្ខំឱ្យរាជរដ្ឋាភិបាលប្រើប្រាស់កម្លាំង​ គឺផ្ទេរពីអបិយ​​ជំនឿ​ទៅ​កាន់នយោ​បាយ​តែ​ម្ដង។ សូមកុំចូលអន្ទាក់ ខឹម វាសនា ឱ្យសោះ! អ៊ីចឹងបានយប់មិញ ខ្ញុំត្រូវប្រុងប្រ​យ័ត្នបន្ទាប់​ពី​មាន​សារ ព្រឹក​មិញ​នេះ​ហើយ​នៅ​តែមាន​សារ វាយចូល​អាមួយ​នេះ​ជេរ​អញ្ចេះៗ មិនគួរ​អត់ឱន​អញ្ចេះៗ។ ខ្ញុំប្រិបភ្លាម ខ្ញុំបញ្ជាទៅ[អាជ្ញាធរ​ខេត្ត​]​សៀម​រាប ប្រយ័ត្ន អត់មានធ្វើសកម្មភាពអីទេ»។

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បញ្ជាក់ដែរ​ថា មូលហេតុ​ដែល​លោក​មិន​ឱ្យ​សមត្ថ​កិច្ចចាត់​វិធាន​ការ ដោយ​សារ​​លោក ខឹម វាសនា មិន​បាន​អំពាវនាវ​ឱ្យ​ប្រមូល​កម្លាំង​ដើម្បីផ្ដួលរំលំរដ្ឋា​ភិ​​បាលដូចក្រុមគណបក្សប្រឆាំងឡើយ។

លោក​ថា៖ «ខឹម វាសនា គាត់អត់បានអំពាវនាវឱ្យប្រជាពលរដ្ឋងើបបះបោល​ផ្ដួលរំលំរដ្ឋាភិបាល​ដូចអ្នកដទៃទេ គាត់អត់បានអំពាវនាវឱ្យ​កម្លាំង​ប្រដាប់​អាវុធ​ផ្ទេរ​ចុង​កាណុង​មក​បំផ្លាញ​រដ្ឋាភិបាល​ទេ គាត់អត់បានអំពាវនាវ​ឱ្យបរទេសកាត់ជំនួយពីស្រុកខ្មែរទេ ខុស​ពីអ្នកដទៃ។ គាត់ត្រឹមតែថា ពិភពលោកនឹងលិចលង់ស្លាប់អស់ នៅសល់​តែកន្លែង​គាត់​ហ្នឹង ហើយបើសិនទៅមិនបាន​ទេ ពេល​ដែល​មាន​ហេតុការណ៍​កើត​ឡើង នឹក​ដល់ ខឹម វាសនា​ បាន ប៉ុន្តែខ្ញុំអត់យកការសន្និ​ដ្ឋាន​ថា​​គាត់​​​ជា​មនុស្ស​ឡប់ សរសៃប្រសាទ​ វាមិនគ្រប់អញ្ចេះអញ្ចុះទេ នេះជាការប្រមាថមួយ»។


មេដឹកនាំគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិតេយ្យ លោក ខឹម វាសនា ក្នុងថ្ងៃឃោសនាបក្ស ថ្ងៃទី ២៧ កក្កដា ២០១៨

សង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលប្រើការសម្របសម្រួលជាជាងចោទប្រកាន់ដាក់គុកលើអ្នកប្រឆាំងដូចអាជ្ញាធរអនុវត្តលើលោក ខឹម វាសនា

កាលពីថ្ងៃទី២៥ ខែសីហា កន្លងទៅនេះ លោក ខឹម វាសនា ដែលគេស្គាល់​​ជា​​ទូ​ទៅ​​ថាជាមេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានបង្ហោះសារនៅ​​លើ​​​បណ្តាញសង្គម​​ហ្វេសប៊ុក​​ផ្ទា​​ល់​​​​​ខ្លួនរបស់លោក ដោយលើកឡើងថា បាងកកនឹងត្រូវរលំ ភ្នំពេញនឹងត្រូវរលាយ ចំណែកព្រៃន​​គរ​​ខ្ចាត់​​​​ខ្ចាយ ​​សប្បាយនៅអង្គរវត្ត។


ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​បញ្ជាទៅ​សមត្ថកិច្ច​ឈ​រជើង​​នៅ​​ខេត្ត​សៀម​រាប ឱ្យ​បិទ​ទីតាំង​ចម្ការរបស់លោក ខឹម វាសនា ចាប់ពី​យប់រំលង​អធ្រាត្រ​​ឈានចូល​ថ្ងៃទី៣១ ខែ​សីហានេះ ក្រោយ​​ឱសាន​វាទ​បាន​បិទ​បញ្ចប់។ លោកថា ប្រជាពលរដ្ឋ​​នៅ​ទីនោះ​អាចចេញពីចម្ការនោះ​បាន តែចូលវិញ​មិនបាននោះទេ។ ​​ប៉ុន្តែលោក​បានបញ្ជា​​ឱ្យ​​​សមត្ថកិច្ច​ផ្ដល់​អាហារ និង​​​យក​រថយន្ត​​ទៅដឹក​​​ប្រជាពលរដ្ឋ​​​ដែល​​មាន​គោលបំណងចង់ត្រលប់ទៅ​លំនៅឋាន​វិញ​ ប្រសិន​​បើ​​ពួកគេ​គ្មាន​មធ្យោបាយ​ត្រលប់​ទៅ​ផ្ទះ​វិញ។

អភិបាលរងខេត្តសៀមរាប លោក លី សំរិទ្ធ លើកឡើងថា អាជ្ញាធរបានរៀបចំរថយន្តរួចរាល់​ហើយ​ សម្រាប់ដឹកប្រជាពលរដ្ឋ​ដែលចាកចេញពីចម្ការលោក ខឹម វាសនា ត្រលប់ទៅផ្ទះវិញ បន្ទាប់​ពី​បាន​ទទួល​បទបញ្ជាពីប្រ​មុខរដ្ឋាភិបាល។

លោកថា៖ «ការដាក់កម្លាំងគោលដៅកន្លែងសំខាន់ៗ មិន​ឱ្យ​មនុស្ស​ចូល ប៉ុន្តែចេញ​មក​វិញ។ យើង​អំពាវ​នាវ​លើក​ទឹក​ចិត្តឱ្យ​គាត់​ចេញ​មក​វិញ ក្នុងករណីគ្មានមធ្យោបាយដឹកជញ្ជូន អាជ្ញាធរជួយ»។

ប្រតិកម្មតបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើងក្រោយពី​​ប្រធានគណ​បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា កាលពីថ្ងៃអង្គារ​ម្សិលមិញ បាន​បង្ហោះ​សា​រ​លើបណ្ដាញ​សង្គម​​ ដោយបាន​ជេរ​ប្រមាថ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយប្រើពាក្យធ្ងន់ៗជា​បន្ត​បន្ទាប់ អំឡុងពេលលោកកំពុងជួបអ្នកគាំទ្រ​នៅ​ខេត្ត​សៀម​រាប។

បើតាមហ្វេសប៊ុក លោក ខឹម វាសនា បានសរសេរថា៖ «កុំខ្លាចពួកអាខ្វាក់ ពូមិនដែលជេរវាអ៊ីចឹង​ទេ តែពេល​នេះ​ពូដឹ​ង​ថា​ ពួកវាធ្វើក្ដិតអាចម៍​អី​ពូ​មិន​កើត​ទេ ហើយ​ធ្វើកូន​ចៅ​ពូ​ទាំង​អស់​នៅក្នុងលោកក៏មិនកើតដែរ កុំថាប៉ះរោមជើង ប៉ះតែអាចម៍កូន​ពូ​ទាំងអស់ម្នាក់ណាក៏​ដោយ វាធ្វើអីពួកយើងមិនកើតទេ។ ពូជា​ស្ដេចច​ក្រ បើ​ពូគ្មានឫទ្ធិទេ ពួក​អាចោរអស់​ខ្វាក់​អស់​នេះ វា​មក​ធ្វើពូភ្លាម ឱ្យ​​ពួកវាមកទៅ ធ្វើអាចម៍អីពូមិនកើតទេ។ បើពូហ៊ាននិយាយពាក្យហ្នឹង​កណ្ដាល​នគរអាខ្វាក់​ហើយ កូនខ្មែរមិនភ្ញាក់ដឹងថា​ពូជាអ្នកណា​​ទៀត ភ្លើងាប់ជាមួយអាខ្វាក់ហ្នឹងទៅ»។

ស្ថាបនិកនៃអង្គការអភិវឌ្ឍន៍​ផ្នត់គំនិត លោក សេក សុជាតិ ចាត់ទុកការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​ជារឿងល្អ ហើយ​​លោកចង់ឃើញការអនុវត្តដូចគ្នា​នេះជា​មួយគណបក្ស​​ប្រឆាំង​​ដែរ ដើម្បី​បង្ហាញ​ពី​តម្លា​ភាព និង​ការ​អនុគ្រោះចំពោះភាគីពាក់ព័ន្ធដែលមាននិន្នាការផ្ទុយពីគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាប្រមុខរដ្ឋាភិបាល។

លោកយល់​ថា៖ «ក្នុងកាលៈទេសនេះ កាលណាតែរដ្ឋាភិបាលហ៊ានមានវិធានការណាមួយគណបក្ស LDP [គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ​] មានក្ដីព្រួយបារម្ភ ពួកគាត់មិនចាកចេញ​ពីដីចម្ការលោក ខឹម វាសនា ហើយនឹងអាចទ្រាំអាចធ្វើកិច្ចការផ្សេងៗទៀត តាម​ការញុះ​ញង់ តាមការចង្អុលបង្ហាញរបស់ប្រធានបក្ស LDP ហ្នឹង។ អ៊ីចឹងកាលៈទេសៈនេះ យ៉ាង​​​ណាក៏ដោយ គួរតែបំបែកសិន ហើយគ្មានអ្នកណាដឹងច្បាស់ដែរថា លោក ហ៊ុន សែន នឹងចាត់ការឬមិន​ចាត់ការ។ ជាទូទៅ ក្នុងដំណាក់កាលនេះ យើងយល់ថា គាត់មិនចាត់ការភ្លាមទេ វាអាចបង្កជាបញ្ហាស្មុគស្មាញ ហើយវាអាចធ្វើឱ្យប៉ះពាល់សភាពការណ៍នយោបាយនៅក្នុងប្រទេស»។

កាលពីថ្ងៃទី២៥ ខែសីហា លោក ខឹម វាសនា បានអំពាវនាវ​នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា នៅថ្ងៃទី៣០ ខែសីហា គឺជាថ្ងៃដែលពិភពលោកនឹងត្រូវលិចលង់ដោយទឹកជំនន់ សូម្បីតែរាជធានីភ្នំពេញ ក៏មិនអាច​នឹង​ទប់ទល់​ចំពោះគ្រោះធម្មជាតិនេះបានដែរ។ លោក​​អះអាង​ថា ទីតាំង​ដែល​អាច​ជួយ​សង្រ្គោះជី​វិតមនុស្សបាន គឺមានតែនៅចម្ការម្រេចរបស់លោក ដែលស្ថិតក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប តែមួយគត់។ លោកបន្តថា ការអះអាងដូច្នេះ ដោយសារលោកគឺជា​​ព្រហ្មចុះ​​ម​​ក​​​​រក្សាលោក ហើយលោកដឹងពិតថា វានឹង​​មានព្រឹត្តិការណ៍ដ៏អាក្រក់នេះកើតឡើង​​ចំពោះ​ពិ​​ភ​​ព​​​​​លោ​​កមួយនេះ។

ក្រោយការ​អំពាវនាវនេះ បើ​តាមសេចក្តីរាយការណ៍​​នានាពីសារព័ត៌មាន​​ក្នុង​​​​​​ស្រុ​​ក​​​ដែលដកស្រង់សម្ដី​ពី​អាជ្ញាធរ ឱ្យដឹងថា អ្នកគាំទ្រគណបក្ស​សម្ព័ន្ធដើ​​ម្បី​​ប្រជា​​ធិប​​តេ​យ្យ​​ ដែល​បាន​ទៅ​​ស្នាក់​នៅ​ដី​​ចម្កា​​រ​​​​ម្រេចរបស់លោក ខឹម វាសនា មាន​ប្រមាណ​​ជិត២​​ម៉ឺន​​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ