អាជ្ញាធរ​ថា ពលរដ្ឋ​នៅ​មិនទាន់​ចេញ​អស់​ពី​ចម្ការ​លោក ខឹម វាសនា ឡើយ ទោះ​បី​ផុត​ឱសានវាទ​ក្ដី

អ្នកគាំទ្រប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា រាប់ម៉ឺននាក់ ប្រមូលផ្ដុំគ្នាមករស់នៅប្រមូលផ្តុំគ្នានៅ​ចម្ការម្រេចរបស់លោក ខឹម វាសនា ក្នុងស្រុកបន្ទាយស្រី ក្នុងខេត្តសៀមរាប។ (រូបភាពនេះបង្ហោះលើទំព័រហ្វេសប៊ុកលោក ខឹម វាសនា ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២)

អាជ្ញាធរខេត្តសៀមរាបអះអាងថា ពលរដ្ឋដែលជឿតាមការកៀរគររបស់លោក ខឹម វាសនា នៅមិនទាន់ចាកចេញអស់ពីចម្ការលោកនៅខេត្តសៀមរាប​ឡើយ បើទោះផុតឱសានវាទទៅហើយ​ ដោយថា អ្នកគាំទ្រលោក ខឹម វាសនា មួយចំនួនមិនព្រមសហការជាមួយសមត្ថកិច្ចទេ។

ការអះអាងនេះធ្វើឡើងស្របពេលអាជ្ញាធរខេត្តសៀមរាបព្រមានចាត់វិធានការផ្លូវច្បាប់ ប្រសិនបើពលរដ្ឋមិនព្រមចាកចេញពីចម្ការ​របស់លោក ខឹម វាសនា ខណៈតំណាងរបស់លោក ខឹម វាសនា បានចុះកិច្ចសន្យាព្រមព្រៀងជាមួយសមត្ថកិច្ចថា នឹងជំរុញឱ្យសមាជិកខ្លួនចាកចេញឱ្យអស់ត្រឹមល្ងាចថ្ងៃទី៥ ខែកញ្ញានេះ។

ស្នងការនគរបាល​ខេត្តសៀមរាប លោក តេង ច័ន្ទណាត មានប្រសាសន៍ប្រាប់ VOD នៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះថា អាជ្ញាធរបានចុះទៅផ្ទាល់ និងសង្កេតឃើញថា ពលរដ្ឋដែលជឿតាមការកៀរគររបស់លោក ខឹម វាសនា ប្រហែល ១៥% ឬប្រមាណ២ ០០០នាក់ទៀត នៅពុំទាន់ចាកចេញពីចម្ការលោក ខឹម វាសនា នៅឡើយ ដោយថា ពួកគេមួយចំនួនមិនព្រមសហការជាមួយសមត្ថកិច្ចថែមទៀតផង។

យ៉ាងណា លោកថា សមត្ថកិច្ចមិនអាចទៅធ្វើអ្វីដែលហួសហេតុបានទេ ព្រោះម្ចាស់ទីតាំងគឺលោក ខឹម វាសនា ជាបុគ្គលត្រូវទទួលខុសត្រូវ បើសិនមានព្រឹត្តិការណ៍អ្វីមួយកើតឡើង។  

លោក តេង ច័ន្ទណាត ថា៖ «ការងារទាំងអស់ហ្នឹង គឺយើងកំពុងតែសួរនាំ។ ហើយពេលខ្លះ គាត់អត់ចូលរួមសហការ។ បើគាត់ថា គាត់នៅដល់ថ្ងៃនេះៗៗ អាហ្នឹងយើងអាចកំណត់បានហើយ តែសំខាន់គាត់អត់សហការ គាត់អត់ប្រាប់យើង។ យើងសួរ ហើយគាត់អត់ប្រាប់ អ៊ីចឹងយើងពិបាកដែរ។ [ពិតជាមានអ្នកដែលសមត្ថកិច្ចសួរហើយមិនប្រាប់?] បាទ! សូម្បីតែប្រធានគាត់សួរ ក៏គាត់មិនប្រាប់ៗដែរ ម្ចាស់ទីតាំង[សួរ] អ៊ីចឹងមិនដឹងថាជាហេតុផលអីបានពួកគាត់ចង់នៅនោះ ឬក៏យ៉ាងម៉េច យើងក៏មិនដឹង។ គាត់អត់សូវនិយាយ អ្នកខ្លះក៏និយាយ អ្នកខ្លះក៏អត់ដែរ ប៉ុន្តែភាគច្រើនមិនសូវទេ»។

ស្នងការនគរបាល​ខេត្តសៀមរាបរូបនេះថា កងកម្លាំងសមត្ថកិច្ចប្រមាណ៨០០នាក់បន្តប្រចាំការនៅជុំវិញចម្ការលោក ខឹម វាសនា ដោយសារព្រួយបារម្ភពីសន្តិសុខ សុវត្ថិភាព ខណៈលោកចាត់ទុកថា ការជួបជុំលក្ខណៈទ្រង់ទ្រាយធំដោយគ្មានការជូនដំណឹងទៅអាជ្ញាធរដែនដីនេះ ទាមទារឱ្យមានការគ្រប់គ្រងឱ្យបានច្បាស់លាស់ដើម្បីបង្ការផលប៉ះពាល់។

ក្នុងលិខិត​កិច្ចសន្យាចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ដែលមានស្នាមមេដៃផងនោះ តំណាងលោក ខឹម វាសនា ចំនួន៦រូប បានទទួលស្គាល់កំហុសដែលបានកៀរគរប្រមូលផ្តុំប្រជាពលរដ្ឋ ដោយពុំមានច្បាប់អនុញ្ញាត។

ក្នុងនោះ ពួកគេបានសន្យាចំនួន៦ចំណុចទៅកាន់អាជ្ញាធរ ដោយអះអាងពីការបញ្ចប់ការជួបជុំប្រមូលផ្ដុំ ព្រមទាំងប្រកាសរំសាយកម្លាំង ចាកចេញពីចម្ការលោក ខឹម វាសនា ឱ្យអស់ត្រឹម​ម៉ោង៥កន្លះល្ងាច ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។

កិច្ចសន្យាសរសេរថា៖ «ក្នុងករណីជនណាម្នាក់រឹងរូស មិនព្រមអនុវត្តតាមការសំណូមពរឱ្យចាកចេញតាមកាលបរិច្ឆេទដូចបានកំណត់ខាងលើនេះ សូមឱ្យអាជ្ញាធរមានសមត្ថកិច្ចជួយអន្តរាគមន៍ ឬមានចំណាត់ការផ្លូវច្បាប់ឱ្យពួកគាត់ចាកចេញ។ ទន្ទឹមនេះ ចាប់ពីថ្ងៃប្រកាសឱ្យចាកចេញ យើងខ្ញុំសុំមិនទទួលខុសត្រូវលើការដាំស្ល ឬផ្គត់ផ្គង់អាហារឱ្យប្រជាពលរដ្ឋតទៅទៀតនាះទេ»។

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមអាដហុក ខេត្តសៀមរាប លោក សួស ណារិន ដែលបានចុះឃ្លាំមើលពីទិដ្ឋភាពខាងក្រៅចម្ការលោក ខឹម វាសនា ​​កត់សម្គាល់ថា អ្នកគាំទ្រលោក ខឹម វាសនា ទាំងនោះភាគច្រើនមិនសូវនិយាយស្ដី ឬឆ្លើយតបជាមួយនរណា​ឡើយ។ ​

លោក សួស ណារិន ថា៖ «ភាគច្រើនដូចជាមនោគមវិជ្ជា គេដាក់ការអប់រំហ្នឹងខ្លាំង រហូតដល់និយាយជាមួយខ្ញុំអី គេថាអ្នកឯងគ្មានសិទ្ធិសួរ ហើយគេក៏គ្មានសិទ្ធិឆ្លើយដែរ។ អ៊ីចឹងបានន័យថា របៀបរបបហ្នឹង វាជារបបមួយដែលគេមិនត្រូវការខាងក្រៅចូលទេ គេស្ដាប់តែមេគេអ៊ីចឹង»។

មន្ត្រីអាដហុករូបនេះថា បើរដ្ឋាភិបាលចាត់វិធានការ ​រឿងនេះនឹងត្រូវបញ្ចប់លឿន។ ជាក់ស្តែង លោកថា ​ករណីឃោសនាថាមិនឱ្យចាយលុយខ្មែរ ឬឈប់ចាយលុយ ប្រសិនបើជារឿងពិត វាជាការរារាំងដល់សេដ្ឋកិច្ចជាតិ ហើយបើអាជ្ញាធរចោទប្រកាន់ ​អាច​ជាប់ទោសព្រហ្មទណ្ឌ។

មន្ត្រីសង្គមស៊ីវិលរូបនេះនៅតែពិបាកសន្និដ្ឋានជុំវិញការប្រមូលផ្តុំរបស់អ្នកគាំទ្រលោក ខឹម វាសនា ថាធ្វើឡើងក្នុងគោលបំណងអ្វីឱ្យប្រាកដ​ ប៉ុន្តែលោកព្រួយបារម្ភចំពោះការប្រមូលផ្តុំនេះ ពាក់ព័ន្ធបញ្ហាសុខភាព អនាម័យ បរិស្ថាន កុមារខកខានការរៀនសូត្រ និង​ខាតបង់ប្រាក់កាសរបស់ពលរដ្ឋ ជាដើម។

ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា បានប្រកាសកៀរគរអ្នកគាំទ្រលោកមកប្រមូលផ្តុំគ្នានៅចម្ការរបស់លោក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយថា ពិភពលោកទាំងមូលនឹងលិចលង់ដោយទឹកជំនន់ ក្នុងនោះមានតែទីតាំងចម្ការលោកមួយទេ ដែលអាចរួចផុតពីគ្រោះមហន្តរាយនេះ។

ការកៀរគរនេះបានធ្វើឱ្យពលរដ្ឋ​ដែលអាជ្ញាធរប៉ាន់ប្រមាណថាមានជាង១ម៉ឺន៥ពាន់នាក់ ដែលនៅក្នុងស្រុក និងត្រលប់ពីក្រៅប្រទេស បានធ្វើដំណើរទៅ និងសាងសង់រោងជាច្រើន​ស្នាក់នៅទីតាំងនោះ។

យ៉ាងណា រដ្ឋាភិបាល និងអាជ្ញាធរខេត្តក៏ធ្លាប់បានចេញ​ប្រកាសជាបន្តបន្ទាប់ប្រាប់ពលរដ្ឋកុំឱ្យជឿនូវរឿងអបិយជំនឿដែលលោក ខឹម វាសនា និយាយដោយថាជារឿងមិនពិត និងមិនអាចកើតឡើងឡើយ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី្ន ថ្លែងថា ករណីលោក ខឹម វាសនា នេះ គ្មានចំណុចណាមួយពាក់ព័ន្ធដែលអាចឱ្យក្រសួងធម្មការ​លូកដៃដោះស្រាយ​ឡើយ ដោយសារពុំមានចំណុចជាប់ពាក់ព័ន្ធនឹងសាសនា តែពាក់ព័ន្ធនឹងការបោកប្រាស់ទៅវិញ។

លោកថា៖ «ដូច[ករណី]លោក ខឹម វាសនា អ៊ីចឹង សាសនាក៏មិនមែន មនោគមវិជ្ជាក៏មិនមែន នយោបាយក៏មិនមែន ជំនឿបែបអរូបិយក៏មិនមែន [គឺ] បោក លក្ខណៈឆបោកទេណាក្មួយ។ […] បើសិនជា ខឹម វាសនា គាត់ទាញស្បង់ចីវរមកគ្របដណ្ដប់ខ្លួនគាត់ ស្លៀកពាក់ ប្រហែលជាក្រសួងធម្មការវឹង[ចាត់ការ]ហើយ ដាច់ខាតអន្តរាគមន៍ជាបន្ទាន់ ថ្នាក់ខេត្តត្រូវធ្វើការហើយជាមួយអាជ្ញាធរហ្នឹង មិនចប់ទេ! ត្រូវរាយការណ៍មកក្រសួង ក្រសួងមានសមត្ថកិច្ចចាត់កម្លាំងវិធានការភ្លាមៗ ដើម្បីទៅអនុវត្តនីតិវិធីហ្នឹង មិនឱ្យយកព្រះពុទ្ធសាសនាទៅបំផ្លាញទេ»។

លោកថា អ្វីដែលគួរធ្វើនៅពេលនេះ គឺការព្យាបាលលោក ខឹម វាសនា និងអ្នកគាំទ្ររបស់លោក ទាំងផ្លូវកាយ និងផ្លូវចិត្ត ខណៈពួកគេប្រឈមខ្ពស់នឹងបញ្ហាសុខភាពនៅកន្លែងប្រមូលផ្តុំ និងសម្ពាធផ្លូវចិត្តពេលចាកចេញពីទីតាំងនោះ។ ក្រៅពីនេះ អាជ្ញាធរមានសមត្ថកិច្ចអាចចាត់វិធានការទៅតាមផ្លូវច្បាប់ បើរកឃើញថាមានការបំពានណាមួយនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ