លោក ស ខេង បង្កើន​វិធាន​តាមដាន​មន្ត្រី​អនុវត្តច្បាប់​ជួញដូរ​មនុស្ស​ក្រោយ​កម្ពុជា​ធ្លាក់​ក្នុង​បញ្ជីខ្មៅ

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុង ពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ស ខេង)

​​​រ​ដ្ឋមន្ត្រី​ក្រ​​សួ​ង​ម​ហា​ផ្ទៃ ​​លោក​ ស ​​ខេង ​ប​​ង្កើន​​វិ​​ធានកា​​រតា​មដានម​ន្ត្រីអនុវត្តច្បាប់ ដើម្បី​ទប់​ស្កាត់​កុំឱ្យឧក្រិដ្ឋជន​យក​​កម្ពុជាធ្វើ​ជា​ដែន​​​ដីលាងលុយកខ្វក់ បង្កជាហានិភ័យសង្គម ក្រោយពីកម្ពុជាធ្លាក់ទៅក្នុងបញ្ជីខ្មៅជួ​​​ញ​​ដូរ​មនុស្ស​របស់សហរដ្ឋអាមេរិក។

ក្នុងពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅសណ្ឋាគារមួយ​ក្នុង​រាជធានី​ភ្នំពេញ កាលពីថ្ងៃ​ព្រហស្បតិ៍ម្សិល​មិញ លោក ស ខេង ថ្លែង​ថា រដ្ឋាភិបាល​នឹង​បន្តត្រួតពិនិត្យ ដើម្បីវាយ​តម្លៃ​រាល់​ប្រសិទ្ធ​ភាព​បង្ក្រាប​ល្បែង​ខុស​ច្បាប់​គ្រប់​ប្រភេទ រួមទាំងល្បែងតាមអនឡាញផងដែរ ពីមន្ត្រីអនុវត្ត​ច្បាប់ ក្រោយពីវិធាន​នេះត្រូវបានដាក់ចេញឱ្យបង្ក្រាបនៅទូ​ទាំ​ងប្រទេស។

ប៉ុន្មាន​សប្តាហ៍មុន​នេះ រដ្ឋាភិបាល​បាន​ចេញ​បទ​បញ្ជា​ថ្មី​មួយឱ្យ​បង្ក្រាប​ល្បែង​ខុស​ច្បាប់​នៅ​ទូទាំង​ប្រទេស ដែ​ល​សំដៅទៅដល់ការកាត់ផ្ដាច់បទល្មើស​គ្រប់​ទម្រង់ រួម​មានទាំង​បទ​ឧក្រិដ្ឋ ប្លន់ សម្លា​ប់ ​ចាប់ជំរិត អំពើឆបោ​​កតាម​អន​ឡាញ និង​បទ​ឧក្រិដ្ឋ​ជួញដូរ​មនុស្សឆ្លងដែន ជាដើម ដែល​បញ្ហានេះត្រូវ​បាន​អាមរិក​ដាក់ក្នុង​​ប​​ញ្ជី​ខ្មៅនៃ​ការ​ជួញដូរមនុស្ស កាលពីថ្ងៃទី១៩ ខែកក្ក​​ដា ឆ្នាំ២០២២។

លោក​ព្រមាន​​ថា ក្នុង​ករណី​រក​ឃើញមន្ត្រី​មូល​ដ្ឋាន​ណា​មួយគ្មាន​ការ​ទទួល​ខុសត្រូវ ឬមិនដោះស្រាយបញ្ហានេះបាន មន្ត្រីមូ​លដ្ឋា​​ននោះនឹងត្រូវប្រឈមមុខជាមួយរដ្ឋាភិបាលនិងប្រជាពលរដ្ឋ។

មេដឹកនាំរដ្ឋាភិបាលរូបនេះហាក់ទទួលស្គាល់​ថា បទល្មើសដែលបានរកឃើញជាបន្តបន្ទាប់​លើទឹកដី​កម្ពុជា​​មួយ​​រយៈ​ចុង​ក្រោយ​នេះ ហាក់មានភាព​ស៊ីចង្វាក់​គ្នាទៅនឹ​ង​អ្វី​ដែល​សហរដ្ឋអាមេរិក​បាន​រក​ឃើញ ដែលការណ៍នេះ ​លោ​​កថា ត្រូវរួមគ្នាទប់​ស្កាត់ ដើម្បីកុំឱ្យកម្ពុជារអិល​ធ្លាក់​ទៅ​ក្នុងស្ថា​នភាព​ធ្ងន់​ធ្ងរ ក្រោមវិធាន​របស់ក្រុម​ហិរញ្ញវត្ថុអន្តរ​ជាតិ។

ក្នុងន័យនេះ លោក ស ខេង គូស​បញ្ជាក់​ថា មិន​មែន​ជា​ការ​សារភាព​របស់រដ្ឋាភិបាលកម្ពុជា តែនេះ​ជាការបង្ហាញ​ការ​ទទួល​ខុស​ត្រូវ ដើម្បី​ចូល​រួម​ចំណែក​ទប់ស្កាត់បទល្មើសលាងសម្អាតប្រាក់ ដែល​​ជាក្ដីបារម្ភរបស់អង្គ​ការ​ស​​ហប្រ​ជាជាតិ។

លោកថា៖ «ការលាងសម្អាតប្រាក់ គឺជាបទល្មើសមួយដែលអង្គការសហប្រជាជាតិបានដាក់គោលការណ៍ឱ្យ​​បណ្ដាប្រទេសជាសមាជិកទាំងឡាយ ចាត់វិធានការឱ្យបានម៉ឺងម៉ាត់​ ចៀសវាងការផ្ដល់ហិរញ្ញប្បទាន​ទៅ​ឱ្យ​អំពើភេ​រ​វកម្ម ឬហិរញ្ញប្បទាន​ទៅ​ឱ្យ​ការផលិតអាវុធមហាប្រល័យ នេះ​ជាបញ្ហាដ៏ធ្ងន់ធ្ងរ! ដូច្នេះ បញ្ហាទាំ​ង​២​នេះ​ គឺត្រូវតែធ្វើឱ្យបានដាច់ខាត»។

អតីតតំណាងរាស្ត្រគណបក្សប្រឆាំង ដែលបច្ចុប្បន្នជា​អនុប្រធានគណបក្សកែទម្រង់កម្ពុជា​ លោក អ៊ូ ច័ន្ទរ័ត្ន លើកឡើងថា ប្រព័ន្ធដឹកនាំ​រដ្ឋដែលមានមេដឹកនាំកាន់អំណាចយូរ បាន​បង្កផល​លំបាក​បែប​នេះ​ដល់​ប​ញ្ហា​សង្គម ព្រោះបាន​បង្កើត​នូវ​ប្រព័ន្ធ​គ្រួសារនិយមនៅតាមក្រសួងឬស្ថាប័នរដ្ឋ ដែលជាដើមចមជំរុញឱ្យកើ​ត​មាន​អំពើពុករលួយជាប្រព័ន្ធ។

បញ្ហា​នេះ លោក​គិត​ថា ក្រសួង​មហា​ផ្ទៃអាច​នឹង​បរាជ័យ​លើ​យន្ត​ការ​ទប់​ស្កាត់​បទ​ឧក្រិដ្ឋ​ដែលកំពុងប្រទាក់ក្រឡា​គ្នា​នេះ បើ​វិធានការ​មិន​ឈាន​ទៅ​វះ​កាត់​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ ​ឬរុះរើក្រសួងស្ថាប័នគ្រួសារនិយមទេ​នោះ។

លោកថា៖ «កាលណាកាន់អំណាចយូរ វាបង្កឱ្យមានផលវិបាកច្រើនបែបហ្នឹងហើយ ចាក់ឫសស្មុគស្មាញអ៊ីចឹងហើយ! អ៊ីចឹងបានជាប្រទេសប្រជាធិបតេយ្យ គេមិនសូវឱ្យបុគ្គលម្នាក់ពីរ​នាក់​កាន់​អំណាច​យូរ​ទេ»។

ប្រហាក់ប្រហែលគ្នានេះដែរ អ្នកស្រាវជ្រាវភូមិសាស្ត្រនយោបាយ លោក​ វណ្ណ ប៊ុនណា ធ្លាប់ប្រាប់VODថា បញ្ហានេះកើត​ចេ​ញពីអំពើពុករលួយ​ប្រទាក់ក្រឡាគ្នា រហូតដល់​សែស្រឡាយ​ថ្នាក់​ដឹកនាំ ដែល​ត្រូវ​បង្ក្រាប​​ជា​ប្រព័ន្ធ​ ទើប​អា​ច​​ទប់​ស្កាត់​​បាន។

លោកថា៖ «រឿងដែលសំខាន់ជំរុញឱ្យកើតមានបញ្ហានេះ គឺអំពើពុករលួយនេះតែម្តង ដោយសារតាមការរា​យ​​ការណ៍ព័ត៌មានរបស់អាហ្សាហ្ស៊ីរ៉ាហ្នឹង គឺបានបង្ហាញអំពីសែស្រឡាយប្រទាក់ក្រឡាគ្នាក្នុងរឿងហ្នឹង រហូ​ត​​​ដល់មានសាច់ញាតិថ្នាក់ដឹកនាំធំៗ។ អ៊ីចឹងទេ! បញ្ហាអំពើពុករលួយ វាជាដើមទុន ឬជាដើមចមធ្វើឱ្យប​ញ្ហាហ្នឹងកើតឡើងផងដែរ»។

ក្នុងពិធីមួយកាលពីថ្ងៃទី២០ ខែកញ្ញា លោក ស ខេង ធ្លាប់បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨ ខែសីហា​ ដ​ល់ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ២០២២ ក្រ​សួងបានទទួ​​លប​ណ្ដឹងសរុបចំនួន២៨៩ករណី ពាក់ព័ន្ធនឹងការជួញដូ​រ​មនុស្ស​ និងបង្ខាំងមនុស្ស​ខុសច្បាប់​​​ ពីសាម៉ីជន សាច់​ញាតិ ស្ថាន​ទូ​ត​ និង​អ​ង្គការអន្តរជាតិមួយ​ចំនួន ដោយខេ​ត្ត​​​ព្រះសីហ​​នុ នាំមុខគេ មានចំនួន ២​១២​ករ​ណី ក្នុងចំណោមខេត្តចំនួន៩ផ្សេងទៀត ក្នុងនោះមានខេត្តស្វាយរៀង កណ្ដាល ឧត្ដរមានជ័យ ពោធិ៍សាត់ និងរាជធានីភ្នំពេញ​ ជាដើម។

លោ​​កគូសបញ្ជាក់ថា ឆ្ល​ង​​​កាត់ការអ​នុវត្តជាក់ស្ដែង​ និ​ង​​ចុះស្រាវជ្រាវពីមន្ត្រីជំនាញ ៩៥​ភាគរយ​​​​​​នៃពាក្យ​បណ្ដឹ​​​​​​ងជាកា​រ​ពិត​ ហើយ​សមត្ថកិច្ចបានជួយ​សង្គ្រោះ​​ជនរងគ្រោះចំនួន១៧​៦​នាក់​ ​មាន​​៨សញ្ជាតិ ​ក្នុងនោះ ​ខេ​ត្តព្រះ​សីហ​នុ​មាន​ច្រើនជាង​គេ។

លោក ស ខេង បញ្ជាក់​​ថា ភាគច្រើន​នៃជនរងគ្រោះ គឺធ្វើការនៅកន្លែងអាជីវកម្មល្បែងភ្នាល់អនឡាញខុសច្បាប់​ ដែល​ការណ៍​នេះ​នឹងជំរុញឱ្យមានបទល្មើសជួញដូរមនុស្សគ្រ​ប់ទម្រង់ បទល្មើសគ្រឿង​ញៀន ភេរវ​កម្ម លួចឆក់​ប្លន់ បទល្មើសជំរិតទារប្រាក់ ធ្វើទារុណកម្ម ឃាតកម្ម​ ការ​សងសឹក ការ​ប្រើប្រាស់អាវុធខុសច្បា​ប់ បទល្មើសអន្តោប្រវេសន៍ខុសច្បាប់ និងបទល្មើសសម្អាតប្រាក់ បង្កផលប៉ះពាល់ដល់ការកសាងយុ​ត្តិធម៌​ស​ង្គម។

សូម​រំឭកថា កម្ពុជាក្រៅពីជាប់ក្នុងបញ្ជីខ្មៅនៃអំពើជួញដូរមនុស្សរបស់សហរដ្ឋអាមេរិក ក៏ជាប់ក្នុងបញ្ជីប្រ​ផេះ​​​លាងលុយកខ្វក់ ឬប្រទេសតាមដានលើករណី​លាងលុយខុសច្បាប់ របស់​ក្រុម​ការ​ងារ​ហិរញ្ញវត្ថុអន្តរជាតិ ៤ឆ្នាំជាប់គ្នា​ ​ចា​ប់ពីឆ្នាំ២០១៨មក ដែលការណ៍នេះ លោក ស ខេង ធ្លាប់បង្ហាញការព្រួយបារម្ភថា បើកម្ពុជារអិលធ្លាក់ក្នុង​បញ្ជីខ្មៅនៃការលាងលុយកខ្វក់នោះ កម្ពុជានឹងជួបវិបត្តិ ទាំងវិស័យនយោបាយ និងវិស័យធនាគារ ពាក់ព័ន្ធ​ទៅនឹងយន្តការផ្ទេរប្រាក់តាមយន្តការអន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ