អគ្គនាយកទូរទស្សន៍អនឡាញ TNM ស្នើសាជាថ្មីទៀតទៅកាន់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ឱ្យស្វែងរកយុត្តិធម៌សម្រាប់លោក ក្រោយពីមានការចាប់ឃុំខ្លួនលោកអស់រយៈពេល៦ថ្ងៃ ដោយខុសច្បាប់។
អគ្គនាយកទូរទស្សន៍អនឡាញ TNM លោក សែម បូរ៉ា បានឱ្យដឹងថា បន្ទាប់ពីនគរបាលខេត្តកំពង់ចាម បានឃុំខ្លួនលោកចំនួន៦ថ្ងៃ កាលពីចុងខែតុលា ឆ្នាំ២០១៨ ដោយចោទពីបទ «ឆបោកប្រាក់»។ តែយ៉ាងណា លោកអះអាងថា ការចាប់ខ្លួនលោកទាំងគ្មានដីកានេះ គឺជារឿងអយុត្តិធម៌សម្រាប់រូបលោក។
លោកបន្តថា ក្រៅតែពីការឃុំខ្លួន បុគ្គលម្នាក់ឈ្មោះ ទេព ភារម្យ ដែលអះអាងថាជាអ្នកទិញដីពីពលរដ្ឋនៅស្រុកបាធាយ ខេត្តកំពង់ចាម តាមរយៈលោក បានបន្តប្តឹងលោកទៅតុលាការ ទាំងតុលាការជាន់ទាប និងជាន់ខ្ពស់ ដោយចោទលោករឿងឆបោកប្រាក់។
អ្នកកាសែតរូបនេះបន្តថា ក្រោយរួចពីការឃុំខ្លួនមក លោកបានដាក់លិខិតអន្តរាគមន៍ទៅកាន់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ ឱ្យចាត់វិធានការទៅលើមន្ត្រីនគរបាលខេត្តកំពង់ចាមទាំងនោះ ពាក់ព័ន្ធការចាប់ឃុំខ្លួនលោកទាំងអយុត្តិធម៌នេះ។ តែយ៉ាងណា សំណើទាំងនោះនៅមិនទាន់ចាត់វិធានការទេ។
ជាថ្មីម្តងទៀត លោកស្នើដល់មន្រ្តីពាក់ព័ន្ធទាំងអស់ជួយរកយុត្តិធម៌ដល់រូបលោកជុំវិញករណីនេះ ត្បិតការចាប់ឃុំខ្លួនលោកនេះកើតឡើងដោយសារមន្ត្រីនគរបាលធ្វើរបាយការណ៍ច្រឡំ។
លោកថា៖ «អាត្រង់ហ្នឹងហើយដែលគាត់ទទួលកំហុស គាត់[សមត្ថកិច្ច]ធ្វើរបាយការណ៍ច្រឡំមិនអ៊ីចឹង? អ៊ីចឹងដើរតែច្រឡំចាប់មនុស្សដោយអត់មេត្តាទៅ? ដើរតែច្រឡំចេះតែវាយខ្នោះគេ បំបាក់កេរ្តិ៍ឈ្មោះគេទៅ?»
ស្នងការនគរបាលខេត្តកំពង់ចាម លោក ឯម កុសល និងស្នងការរងនគរបាលខេត្តកំពង់ចាម លោក ហេង វុទ្ធី បដិសេធការឆ្លើយតបចំពោះរឿងនេះ។
ក្នុងលិខិតមួយផ្ញើជូនទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីខែតុលា ឆ្នាំ២០១៨ ស្នងការនគរបាលខេត្តកំពង់ចាម លោក ឯម កុសល បានបញ្ជាក់ប្រាប់ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថា លោក សែម បូរ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទ «ឆកបោកប្រាក់» តាមបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម និងបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីពេលនោះ។
តែយ៉ាងណា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ លោក ឯម កុសល បានផ្ញើលិខិតមួយទៀតទៅកាន់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ដដែល ដោយថា នគរបាលជំនាញបានសរសេរកំណត់ហេតុឃាត់ខ្លួនលោក សែម បូរ៉ា និងបានរាយការណ៍បញ្ជូនសំណុំរឿងទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ដោយសរសេរច្រឡំថាជាបទល្មើសជាក់ស្ដែងទៅវិញ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា លោកនៅមិនទាន់ទទួលបានសំណើសុំកិច្ចអន្តរាគមន៍របស់លោក សែម បូរ៉ា នៅឡើយទេ ប៉ុន្តែសំណើនោះ លោកថាអាចនៅនឹងខាងជំនាញផ្សេងទៀត។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា លោក ណុប វី មានប្រសាសន៍ថា ប្រសិនបើករណីចាប់ឃុំខ្លួនដោយខុសនីតិវិធីច្បាប់ មិនមានការផ្តន្ទាទោសលើមន្រ្តីអនុវត្តច្បាប់នោះ គឺជានិទណ្ឌភាពមួយទៅលើជនរងគ្រោះ ហើយនឹងបង្កឱ្យបញ្ហាបែបនេះបន្តកើតមានឡើងបន្ថែមទៀតនៅកម្ពុជា។
លោកថា៖ «វាបង្ហាញករណីការបង្ហាញពាក់ព័ន្ធនឹងនិទណ្ឌភាព ហើយវាជាបញ្ហាដែលកំពុងកើតមានឡើង ហើយយើងក៏ទទូចឱ្យសមត្ថកិច្ចពាក់ព័ន្ធ លោកអនុវត្តសមត្ថកិច្ចឱ្យមានប្រសិទ្ធភាព ដើម្បីដោះស្រាយលើនិទណ្ឌភាពនេះ។»
លោកបន្តថា អាជ្ញាធរទាំងអស់ត្រូវតែប្រកាន់យកភ្ជាប់នូវអព្យាក្រឹត្យ និងអនុវត្តច្បាប់ឱ្យបានស្មើភាពគ្នា ដើម្បីទប់ស្កាត់កុំឱ្យផលអវិជ្ជមានបែបនេះបន្តកើតមានតទៅទៀត។
អគ្គនាយកទូរទស្សន៍អនឡាញ TNM លោក សែម បូរ៉ា បានអះអាងថា រូបលោកត្រូវបាននគរបាលខេត្តកំពង់ចាម ចាប់វាយខ្នោះ នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ និងឃុំខ្លួនរយៈពេល៦ថ្ងៃ។
លោកបន្តថា ដំបូងឡើយ លោក ទេព ភារម្យ បានទិញដីពលរដ្ឋចំនួន៨គ្រួសារ នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ តាមរយៈរូបលោក ដោយបានផ្ដល់ប្រាក់កក់មួយចំនួនដល់ពលរដ្ឋ ប៉ុន្តែ លោក ទេព ភារម្យ មិនមានលទ្ធភាពប្រគល់ប្រាក់បង្គ្រប់ដល់ពលរដ្ឋតាមពេលវេលាកំណត់ ហើយត្រូវបានពលរដ្ឋលុបចោលកិច្ចសន្យាទាំងនោះវិញ។
លោកបន្តថា ក្រោយមក លោក ទេព ភារម្យ បានប្ដឹងរូបលោក ដោយចោទពីបទ «ឆបោកលុយជាង១០ម៉ឺនដុល្លារ» ទាំងដែលលោកមិនបានប្រព្រឹត្តឡើយ។
ក្នុងលិខិតអន្តរាគមន៍របស់អគ្គនាយកទូរទស្សន៍អនឡាញ TNM ដែលដាក់ទៅឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ លោក សែម បូរ៉ា បានស្នើទៅកាន់រដ្ឋមន្ត្រីរូបនេះឱ្យចាត់វិធានការច្បាប់ ដាក់ពិន័យ ឬបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌទៅលើមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលបានប្រើអំណាច តួនាទី រំលោភទៅលើសិទ្ធិសេរីភាព រំលោភសិទ្ធិមនុស្ស និងបំពានច្បាប់ ដោយបានចាប់ខ្លួនលោកទាំងគ្មានដីកា និងគ្មានទោសទាល់តែសោះ៕