ភរិយារបស់សកម្មជនការពារព្រៃឈើ លោក ឆន ផល្លា ស្នើទៅតុលាការទម្លាក់ចោលរាល់ការចោទប្រកាន់ និងដោះលែងស្វាមីរបស់ខ្លួនឱ្យមានសេរីភាពឡើងវិញ ក្រោមហេតុផលថា ស្វាមីរបស់គាត់បានធ្លាក់ខ្លួនឈឺនៅក្នុងពន្ធនាគារ ប៉ុន្តែប្រធានពន្ធនាគារអះអាងថា អ្នកជាប់ឃុំរូបនោះមិនមានជំងឺនោះទេ។
អ្នកស្រី ខាំ សាឡុង ភរិយាសកម្មជនការពារព្រៃឈើ លោក ឆន ផល្លា បានប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះថា នៅប៉ុន្មានថ្ងៃមុននេះ អ្នកស្រីបានទៅសួរសុខទុក្ខស្វាមីនៅពន្ធនាគារ ហើយស្ថានភាពសុខភាពស្វាមីរបស់គាត់ដែលមានជំងឺទឹកនោមផ្អែម និងលើសឈាមនោះ កាន់តែមានសភាពធ្ងន់ធ្ងរ។
អ្នកស្រីថា៖ «គាត់ពិបាកហ្នឹង! គាត់មនុស្សលើសឈាមផង ទឹកនោមផ្អែមផង ដូចថាគាត់នៅមួយកន្លែងអត់មានសេរីភាព ដូចយើង[ដឹងហើយថា]គាត់មានជំងឺហ្នឹង គាត់វិលមុខរហូត គាត់ថាឱ្យដែរថ្នាំ ដូចថាគាត់ហូបអត់គ្រប់គ្រាន់ដូចយើងនៅក្រៅ ដេកអត់គ្រប់គ្រាន់ អត់លុយអត់កាក់ វាពិបាកនៅកន្លែងហ្នឹង»។
ករណីនេះ អ្នកស្រីបានស្នើទៅកាន់តុលាការដោះលែងស្វាមីរបស់គាត់ឱ្យមានសេរីភាពវិញ ដោយអ្នកស្រីអះអាងថា លោក ឆន ផល្លា មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ ហើយពេលនេះស្វាមីរបស់គាត់កំពុងធ្លាក់ខ្លួនឈឺកាន់តែខ្លាំងថែមទៀត។
អ្នកស្រីថា៖ «ស្នើទៅកាន់តុលាការឱ្យរកយុត្តិធម៌ឱ្យខ្ញុំ គាត់អត់ខុសអី គាត់អ្នកការពារព្រៃឈើម៉េចត្រូវដាក់ទោសដាក់ច្រវាក់អ៊ីចឹង? អត់ខ្លាច អត់ខ្មាសទេ ព្រោះគាត់អយុត្តិធម៌មែនទែន គាត់អត់ដូចគេចោទប្រកាន់ គាត់អត់មានធ្វើអ្វីខុសផង គាត់អ្នកការពារព្រៃឈើសុទ្ធសាធ បែរជាមានទោស»។
អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី លោក កែវ ពិសុទ្ធ បានលើកឡើងថា ការស្នើសុំឱ្យមានការដោះលែងអ្នកជាប់ឃុំណាម្នាក់ក្រោមហេតុផលមានជំងឺធ្ងន់ធ្ងរនេះ គឺតម្រូវឱ្យមានរបាយការណ៍ពីប្រធានពន្ធនាគារ នោះទើបចៅក្រមអាចមានសិទ្ធិសម្រចបាន។
ចំណែកប្រធានពន្ធនាគារខេត្តរតនគិរី លោក អ៊ុក គឹមជន មានប្រសាសន៍ថា លោក ឆន ផល្លា មិនមានជំងឺនោះទេ ហើយនៅក្នុងពន្ធនាគារក៏មានពេទ្យប្រចាំការទាំងថ្ងៃទាំងយប់ដែរ។ លោកថា បើមានអ្នកជាប់ឃុំមានជំងឺធ្ងន់ធ្ងរមែននោះ គ្រូពេទ្យនឹងរាយការណ៍ទៅលោក ហើយមន្រ្តីពន្ធនាគារនឹងបញ្ជូនអ្នកជាប់ឃុំនោះទៅពេទ្យខេត្តផងដែរ។
លោកថា៖ «ព្រោះនៅអង្គភាព [ពន្ធនាគារខេត្ត] ពេទ្យប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ហើយអត់មានពេទ្យរាយការណ៍មកខ្ញុំសោះ អត់មានអ្នកជំងឺផងហ្នឹង»។
លោកបន្ថែមថា៖ «ប្រាប់ទៅ មិនបាច់ឱ្យគាត់ព្រួយបារម្ភទេ ព្រោះនៅឯណេះ ទោះបីជាពេទ្យអស់លទ្ធភាព គឺយើងបញ្ជូនទៅពេទ្យខេត្តភ្លាម យើងយកចិត្តទុកដាក់លើសុខភាពពួកគាត់ណាស់»។
លោក ឆន ផល្លា ដែលមានវ័យ៤២ឆ្នាំ បានចូលរួមយ៉ាងសកម្មក្នុងការការពារព្រៃឈើ និងធនធានធម្មជាតិ នៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី តាំងពីឆ្នាំ២០១៦មក។ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឆន ផល្លា ត្រូវបានចៅក្រមសាលាដំបូងខេត្តរតនគិរី លោក ឈុន ច័ន្ទសីហា ផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ ពីបទ «កាប់គាស់ រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ»។ តែយ៉ាងណា ភរិយារបស់សកម្មជនរូបនេះបានអះអាងថា ដីដែលស្វាមីបានធ្វើនោះ គឺជាដីសមូហភាពរបស់ជនជាតិដើមទំពូន និងជារបស់ឪពុកម្ដាយអ្នកស្រីតាំងពីយូរមកហើយ។
កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ សាលាឧទ្ធរណ៍បានប្រកាសច្រានចោលសាលក្រមរបស់សាលាដំបូងខេត្តរតនគិរី ដោយឱ្យលោក ឆន ផល្លា មានសេរីភាពឡើងវិញ។ តែលោក ឆន ផល្លា នៅតែមិនមានសេរីភាពឡើងវិញនោះទេ ដោយលោកត្រូវបានសាលាដំបូងខេត្តរតនគិរី ប្រកាសសាលក្រមកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២នេះ ដោយផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៦ឆ្នាំ ក្រោមបទចោទថ្មីមួយទៀត គឺបទ «ផ្ដើមគំនិត កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីជាកម្មសិទ្ធិ» តាមមាត្រា៦២ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ករណីផ្ដន្ទាទោសលោក ឆន ផល្លា ជារឿងអយុត្តិធម៌ ខណៈគាត់ជាសកម្មជនការពារព្រៃឈើម្នាក់ តែបែរត្រូវបានកាត់ទោសនូវបទល្មើសព្រហ្មទណ្ឌ ដោយសារតែការមិនពេញចិត្តរបស់ជនល្មើសកាប់បំផ្លាញព្រៃឈើទៅវិញ។
ករណីនេះ លោកសង្ឃឹមថា តុលាការសាលាឧទ្ធរណ៍នឹងយកសំណុំរឿងលោក ឆន ផល្លា មកបើកសវនាការក្នុងពេលឆាប់ៗ ខណៈដែលគាត់កំពុងមានជំងឺប្រចាំកាយនេះ។
លោកថា៖ «ឥលូវហ្នឹងគាត់ធ្លាក់ខ្លួនឈឺទៅទៀត អ៊ីចឹងសង្ឃឹមថាសាលាឧទ្ធរណ៍ត្បូងឃ្មុំ នឹងយករឿងលោក ឆន ផល្លា មកជម្រះឆាប់ៗ ហើយទម្លាក់បទចោទប្រកាន់ដូចរឿងទីមួយ»៕