ជនជាតិដើមភាគតិចពូនង ស្នើអាជ្ញាធរខេត្តមណ្ឌលគិរីចាត់វិធានការលើអ្នកដែលឈូសឆាយដីលើភ្នំជំនឿរបស់ពួកគាត់

បុរសបីនាក់ជិះម៉ូតូតាមដងផ្លូវកាត់ពីមុខសាលាដំបូងខេត្តមណ្ឌលគិរី។ (ជន ចាន់រ៉ែន)

ជនជាតិដើម​​ភាគ​តិច​ពូនង នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ​ខេត្ត​មណ្ឌល​គិរី ​ស្នើដល់អាជ្ញាធរចាត់វិធានការទប់ស្កាត់ការឈូសឆាយ​ដីភ្នំដែល​ជាកន្លែងគោរពជំនឿ និង​ទាញ​យកអនុផលព្រៃឈើរបស់ពួកគាត់ ខណៈពួកគាត់អះអាងថា ថ្មីៗនេះមានជនល្មើស​បាន​ប្រើប្រាស់​​គ្រឿង​​ចក្រ​​ឈូស​​ឆាយ​​ដីភ្នំនោះអស់​ប្រមាណ១០ហិកតា។

តំណាង​ជនជាតិដើមភាគតិច​ពូនង នៅភូមិ​ឡៅកា​​ អ្នក​ស្រី ភ្លឹក ភារម្យ ​បានឱ្យ​ដឹង​នៅថ្ងៃអង្គារ​នេះ​ថា ​​​​​​​ភ្នំឆានានទ្រុប ​ជា​​ទីកន្លែង​​គោរព​​បូជា​របស់​​ជនជាតិ​ពូនង​នៅទីនេះ​ និង​​ទាញយក​អនុផលព្រៃឈើ​ រួមមាន ​ការ​រកជ័រ​​ និង​​​​ផ្កាអ័រគី​ដេ ​ជាដើម ខណៈនៅលើភ្នំនោះក៏មាន​សត្វទោច និង​សត្វ​​ផ្សេ​ងៗរស់នៅផងដែរ​​។ ប៉ុន្តែកាលពីសប្តាហ៍មុននេះ អ្នកស្រី​អះ​អាង​ថា មាន​អ្នក​មាន​អំណាច​បាន​ជួល​ជន​​ល្មើសឱ្យ​​​ទៅ​ឈូស​​​ឆាយដីនៅលើភ្នំ​នោះ​​អស់​​ចំនួន​​១០​ហិក​តា​។

ករណី​នេះ ​អ្នកស្រី​​ស្នើដ​ល់​​អាជ្ញាធរ​​​មានសមត្ថកិច្ចចាត់វិ​ធាន​​ការ​ជាប​ន្ទាន់​​​​​​ទៅ​លើ​​ជន​ល្មើស​ដែល​បាន​ឈូសឆាយដីភ្នំ​នេះ និងចូលរួមការពារ​ព្រៃឈើនៅក្នុង​សហគមន៍នេះ​​ឱ្យគង់វង្ស ដើម្បីទុកជាប្រយោជន៍សម្រាប់មនុស្ស​តជំនាន់​។​

អ្នកស្រីថា​៖​ «ការសំណូមពររបស់ពួកខ្ញុំ​ សុំឱ្យ​ចេះសហការ​ការពារ​ដីហ្នឹង​ទុកជា​សម្បត្តិ​រួមរបស់យើង​ ហើយទុក​កន្លែង​ហ្នឹង​​ឱ្យមានសត្វព្រៃ​សត្វ​អី​ និងជាកន្លែង​គោរព​បូជា​របស់​ភូមិឡៅកា​ហ្នឹងឯង​»។​

​ពលរដ្ឋម្នាក់ទៀត លោក​ លក ឌឿន​ បានលើកឡើងថា ការ​ឈូសឆាយដីភ្នំដែលជាជំនឿ និង​ជាកន្លែងរកផលអនុផលព្រៃឈើរបស់សហគមន៍ជនជាតិដើមភាគតិចនេះ បាន​បង្កផលប៉ះ​ពាល់​ដល់ជីវភាពរបស់ពលរដ្ឋ និង​ប៉ះពាល់ដល់ការគោរពជំនឿរបស់ជនជាតិដើមភាគតិច​ផង​ដែរ។

​លោកថា៖ «​​កាលមុន ចាស់ៗតែងតែ​ឃើញភ្នំ ឃើញជ្រោះ ឃើញថ្មអ៊ីចឹងទៅ​ តែងតែគោរព​ តែងតែហៅ​នាំគោរព នាំអីជំនឿទៅ​! សារសំខាន់ មានផលប្រយោជន៍ច្រើនដែរ​សម្រាប់ជនជាតិពូនង​​អត់មានមុខរបររកស៊ី ពឹងផ្អែកទៅលើ​អនុផលធនធានធម្មជាតិនៅកន្លែងហ្នឹង​»។

មេភូមិ​ឡៅកា​ លោក គឹម ស៊ីម​ ឆ្លើយតប​ថា​ លោកពុំបាន​ដឹង​ថា​មាន​ករណី​ឈូសឆាយ​ភ្នំជំនឿរបស់សហគមន៍ជនជាតិ​ដើមភាគតិចនោះទេ ហើយប្រសិន​បើ​មាន​មែននោះ​ លោកស្នើដល់​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​មន្រ្តី​បរិស្ថាន​​​ទៅ​ពិនិត្យនិងដោះស្រាយ​បញ្ហានេះ​។

លោកថា៖​ «ដូចអត់មានទេនៅភូមិហ្នឹង! បើមាន ឱ្យគាត់ជួយរាយការណ៍ទៅកាន់​មន្រ្តីបរិស្ថាន​ ឬមេព្រៃទៅ​។ កន្លងទៅ មានគេឈូសឆាយចម្ការគេ​ដែរ មានខ្លះដែរ មិនមែនអត់ទេ​​»។​​

មន្ត្រី​អង្កេត​​​សិទ្ធិ​មនុស្ស​​​នៃ​​អង្គការ​​អាដហុក​​ប្រចាំ​ខេត្ត​មណ្ឌល​គិរី លោក គ្រើង តុលា​ មានប្រសាសន៍​​ថា​ ប្រសិន​​មាន​​ការ​ឈូសឆាយ​ដីព្រៃសហគមន៍ជនជាតិដើមណាមួយមែននោះ គឺជាកំហុស​​របស់​​​មន្រ្តី​​មូល​ដ្ឋា​​ន​​នៅ​ទី​នោះ​ ដែល​​បណ្ដែតបណ្ដោយឱ្យមានបទល្មើសកើតឡើង​។  តែយ៉ាងណា លោកស្នើឱ្យ​មន្រ្តីសហការជាមួយ​សហគមន៍​ក្នុងការពិនិត្យ និងដោះស្រាយជូនពលរដ្ឋ។​

លោកថា៖​ «ខ្ញុំយល់ថា ​ជាកម្សោយរបស់​មន្រ្តី​ ដែលមិនអាចគ្រប់គ្រង​ទិន្នន័យ​ក្នុងការប្រើប្រាស់ដីធ្លីព្រៃឈើរបស់​រដ្ឋបាលរបស់ខ្លួន។​ អ៊ីចឹងនៅពេលកម្សោយក្នុងការគ្រប់គ្រង បានបាត់ទិន្នន័យ​ មិនដឹងថាដីនរណា​ ចម្ការនរណា អត់ដឹង​»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ