Updated:​ កញ្ញា​ ​ឈឹម​ ​ស៊ីថរ​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ ​​ក្រោម​បទ​ចោទ​ល្មើស​បម្រាម​តុលាការ​  ​

កញ្ញា ឈឹម ស៊ីថរ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន អំឡុងពេលក្រុមសហជីព តំណាងកូដករ និងកូដករ យកញត្តិទៅដាក់នៅក្រសួងការងារ ដើម្បីសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍ជាមួយនឹងក្រុមកូដករ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

កូដករក្រុមហ៊ុនណាហ្គាវើលដ៍អះអាងថា ប្រធានសហជីពរបស់ពួកគេ​ប្រចាំក្រុមហ៊ុនល្បែងនេះ គឺ​ កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ក្រោយពេលសមត្ថកិច្ចចាប់ខ្លួនកញ្ញានៅព្រឹកថ្ងៃដដែល ​ ពាក់ព័ន្ធបទល្មើសបម្រាម ឬគេចវេសពីការត្រួតពិនិត្យរបស់តុលាការ។ ​

ការចាប់ និងបញ្ជូនខ្លួន កញ្ញា ឈឹម ស៊ីថរ ​ ទៅឃុំនៅពន្ធនាការព្រៃសភ្លាមៗនេះ ធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ ក្រោយពេលកញ្ញាបានធ្វើដំណើរត្រឡប់មកពីប្រជុំនៅ​ប្រទេសអូស្ត្រាលីវិញនាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា។

សកម្មជនសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ណុប ទិត្យបូរ៉ាវី ឱ្យវីអូឌីដឹងនៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ​ថា  ​ កញ្ញា ឈឹម ស៊ីថរ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២(ម២) ឬពន្ធនាគារព្រៃសហើយ។ ​

កញ្ញាបន្តថា៖ «ឥឡូវទទួលដំណឹងបានហើយថា ស៊ីថរ គេបានបញ្ជូនគាត់ទៅម២ហើយអូន នៅចន្លោះម៉ោង៣ជាងហ្នឹង ដោយសារឃាត់ខ្លួនគាត់នៅព្រលានយន្តហោះរយៈពេលប៉ុន្មានម៉ោងហើយនៅម៉ោង៣ជាងហ្នឹងបញ្ជូនគាត់ទៅម២ហ្មង់»។

ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ​កញ្ញា ឈឹម ស៊ីថរ បានចេញទៅប្រជុំការងារសហជីពនៅប្រទេសអូស្ត្រាលីកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ហើយបានត្រឡប់មកដល់រាជធានីភ្នំពេញនៅម៉ោងជាង១០ព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា មានប្រសាសន៍​ថា ការចាប់ខ្លួននោះ ​ធ្វើឡើងតាមដីកាបញ្ជាឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរ ពាក់ព័ន្ធនឹងបទល្មើសបម្រាមរបស់តុលាការ ដែលមិនតម្រូវឱ្យកញ្ញាចេញទៅក្រៅប្រទេសឡើយ អំឡុងពេលដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យនេះ។

លោកបន្តថា៖ «ត្រូវហើយ ព្រឹកមិញហ្នឹងមានការឃាត់ខ្លួន ដោយសមត្ថកិច្ចទទួលផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយខាងព្រលាន បានធ្វើការឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមសាកសួរអមសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធករណីមិនអនុវត្តតាមសេចក្តីសម្រេចរបស់ខាងតុលាការ ដែលចុះថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២២កន្លងមកហ្នឹង។ គាត់[កញ្ញា ឈឹម ស៊ីថត]ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានរបស់ខាងតុលាការ។ អីចឹងមានន័យថា គឺគាត់មិនមានសិទ្ធិចេញក្រៅពីដែនដីនៃព្រះរាជាណាចក្រកម្ពុជាទេ។ វាលុះត្រាតែមានការអនុញ្ញាតពីខាងតុលាការ»។

​អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរូបនេះ បន្ថែមថា ការចាប់ខ្លួននេះ គឺមានតែ កញ្ញា ឈឹម ស៊ីថរ ម្នាក់ប៉ុណ្ណោះ ហើយករណីនេះ សមត្ថកិច្ចក៏បានបញ្ជូនកញ្ញាទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ភ្លាមៗដើម្បីបន្តនីតិវិធីបន្ថែមទៀតផងដែរ។

ដោយឡែក ករណីបញ្ជូន កញ្ញា ស៊ីថរ ទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ឬម២ យ៉ាងណានោះ លោករុញឱ្យទៅសាកសួរខាងតុលាការវិញ។

​​អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មានប្រសាសន៍នៅព្រលប់ថ្ងៃទី២៦ ខែវិច្ឆិកា ថា កញ្ញា ឈឹម ស៊ីថរ ត្រូវបានចៅក្រមស៊ើបសួរសម្រេចឱ្យឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ​ពីបទ«ល្មើសបម្រាមរបស់តុលាការ»។

លោក អ៊ី រិន្ទ បន្តថា៖ «ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅម២ ដោយសារគាត់មិនបានគោរពកាតព្វកិច្ចតុលាការ ដែលបានដាក់ឱ្យគាត់»។  

​ក្រោយហេតុការណ៍ចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ នេះ អង្គការការពារសិទ្ធិមនុស្សលីកាដូបានចេញអត្ថបទខ្លីមួយ ដោយអះអាងថា មេធាវី​របស់​ កញ្ញា​ ​ស៊ី​ធ​រ​ ​ដែល​បានមាន​វត្តមាន​នៅ​អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ​ ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ជួបកូនក្តីឡើយ ​អំឡុង​ពេល​សាកសួរ​របស់សមត្ថកិច្ចនោះ​​​ ​ព្រមទាំង​មិន​អាច​ទាក់ទង​កូនក្ដី​របស់​ខ្លួន​ ​ជាច្រើន​ម៉ោង​ផង​ដែរ​​។​

នាយកទទួលបន្ទុកកិច្ចការទូរទៅអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា ការចាប់និងឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ ពាក់ព័ន្ធករណី​ល្មើសបម្រាមតុលាការនេះ គឺជារឿងមិនសមហេតុផលឡើយ ដ្បិតកញ្ញា បានអះអាងហើយថា កញ្ញា ​មិនធ្លាប់បានផ្តិតមេដៃទៅលើដីកា ឬសេចក្តីសម្រេចណាមួយរបស់តុលាការឡើយ។ ​លោកបន្ថែមថា ការចាប់ខ្លួនកញ្ញា ស៊ីថរ គួរតែធ្វើនៅពេលកញ្ញារៀបចំចេញពីកម្ពុជា មិនមែនត្រលប់មកវិញបានចាប់ខ្លួនបែបនេះទេ ដោយថាប្រធានសហជីពរូបនេះក៏គ្មានចេតនាគេចវេសពីលក្ខខណ្ឌរបស់តុលាការនោះដែរ។

លោកមានប្រសាសន៍ថា៖ «អីចឹងអ្វីដែលចាប់ខ្លួននេះ យើងមើលទៅវាហាក់ដូចជាគំរាមកំហែង បំភិតបំភ័យបន្ថែមទៀតទៅលើមេដឹកនាំសហជីពណាហ្គាវើលដ៍ ហើយក៏ជាការគំរាមកំហែងទៅកូដករដែលកំពុងធ្វើកូដកម្ម ដែលជាបុគ្គលិក និងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ទាក់ទងនឹងវិវាទការងារ»។

មន្ត្រីសង្គមស៊ីវិលរូបនេះបង្ហាញការសោកស្តាយ ដោយថា វិវាទការងារមួយនេះគួរត្រូវបានដោះស្រាយបញ្ចប់ មិនគួរមានការចាប់ខ្លួន ឃុំខ្លួន ការចោទប្រកាន់ ឬ​ការប្តឹងផ្តល់ទៅតុលាការចំពោះក្រុមកូដករ និងមេដឹកនាំសហជីពនោះឡើយ។ ​

ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍​ កញ្ញា ឈឹម ស៊ីថរ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពី​បទ«​ញុះញង់​» ​តាម​បញ្ញត្តិ​មាត្រា​៤​៩​៤​ ​និង​មាត្រា​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​កាលពី​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​ក្រោយពេល​សហជីព​កញ្ញា​ចាប់ផ្ដើម​ធ្វើ​កូដកម្ម​អហិង្សាទាមទាររកដំណោះស្រាយការងារពីភាគីក្រុមហ៊ុនបនល្បែងមួយនេះ។​

លីកាដូអះអាងថា ​កញ្ញា​ត្រូវ​បាន​ចាប់ខ្លួន​យ៉ាង​ហិង្សា​កាល​ពីរសៀល​ ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២ ០២២​ ​អំឡុង​ពេល​ព្យាយាម​ចូលរួម​ធ្វើ​កូដកម្ម​ជាមួយ​កូដករ​ផ្សេងទៀត​ ​ហើយ​ត្រូវ​បាន​ជាប់ឃុំ​បណ្ដោះអាសន្ន​ក្នុង​ពន្ធ​នាគា​រ​អស់​រយៈពេល​២​ខែ​ ​ជាមួយនឹង​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​របស់​ខ្លួនចំនួន១០នាក់ផ្សេងទៀត​ ​មុន​ពេល​មានការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​វិញ​ ​កាលពី​ខែ​មីនា​ ​ឆ្នាំនេះ​។​ ​

អង្គការសិទ្ធិមនុស្សដដែលនេះ អះអាងថា ក្រោយ​ពី​ការ​ដោះលែង​ ​ទាំង​កញ្ញា​ ​ស៊ី​ធ​រ​ ​និង​មេធាវី​កញ្ញា​ ​មិន​ត្រូវ​បាន​ជូនដំណឹង​ពី​កា​រដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ ​ឬ​លក្ខខណ្ឌ​សាកល្បង​ ​ដូចជា​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​នោះ​ទេ​។

​សមាជិក​សហ​ជី​ព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៏​ ​បាន​ចាប់ផ្ដើម​ធ្វើ​កូដកម្ម​ ​តាំងពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​បន្ទាប់ពី​មាន​ការបញ្ឈប់​បុគ្គលិក​ទ្រង់ទ្រាយ​ធំ​ ​នៅ​ក្រុមហ៊ុន​កា​ស៊ី​ណូ​ណា​ហ្គាវើ​ល​ដ៏​ ​ដែល​ក្នុង​នោះ​ក៏មាន​ថ្នាក់​ដឹកនាំ​សហជីព​ទាំងអស់​ផងដែរ។​ ​កញ្ញា​ ​ស៊ី​ធ​រ​ ​ក៏ដូចជា​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៏ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួនកាលពីដើមឆ្នាំ២០២២នេះ​ អាច​ប្រឈមមុខនឹង​កា​រជាប់ពន្ធ​នាគា​រ​រយៈពេល​ ​២​ឆ្នាំ​ ​ប្រសិនបើ​ត្រូវ​បាន​រក​ឃើញ​ថា​ពួកគេមានទោស​​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ