កូដករណាហ្គាបន្តការតវ៉ាទាមទារឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ និងដោះស្រាយបញ្ចប់វិវាទការងារ

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងក្នុងសន្និសីទសារព័ត៌មានអំពី «បច្ចុប្បន្នភាពនៃដំណើរការចរចាដោះស្រាយវិវាទការងារ និងការបន្តធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់អំពើហិង្សាមកលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍» នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រុមកូដករណាហ្គាវើលដ៍ បន្តធ្វើកូដកម្មនៅថ្ងៃសុក្រ​​នេះ ដើម្បី​ទាម​ទារឱ្យ​មានការ​​​ដោះ​លែង​កញ្ញា ឈឹម ស៊ីថរ និង​​ទម្លាក់ចោល​ការចោទប្រកាន់លើកូដករផ្សេងៗទៀត​ដែលកំពុងជាប់បណ្ដឹងនៅតុលាការ ព្រមទាំងទាមទារឱ្យ​មានដំណោះស្រាយវិវាទការ​ងារ​​។

កូដករណាហ្គាវើលដ៍ កញ្ញា វណ្ណ រីណា មានប្រសាសន៍ថា កូដករជិត១០០នាក់ នៅថ្ងៃនេះ បាន​នាំគ្នាបន្តការ​​តវ៉ា ដើម្បីទាម​ទារ​ឱ្យមាន​ការ​ដោះលែងប្រធានសហជីពរបស់ពួកគេ គឺកញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាពវិញ និងទម្លាក់ចោលការចោទប្រកាន់លើកូដករផ្សេងៗទៀតដែលកំពុងជាប់បណ្ដឹងនៅតុលាការ រួមទាំងទាមទារឱ្យថៅកែ​ណាហ្គាវើលដ៍ ទទួលថ្នាក់ដឹកនាំ និងសមាជិកសហជីពចូលធ្វើការងារវិញ។

កញ្ញា វណ្ណ រីណា ចាត់ទុកករណីចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ដាក់ពន្ធនាគារ និងប្តឹងកូដករទៅតុលាការនោះថា ជាការគំរាមកំហែងបំបាក់ស្មារតីកូដករផ្សេងទៀតមិនឱ្យហ៊ានតវ៉ា និងជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

កូដកររូបនេះបានឱ្យដឹងថា ការតវ៉ានៅថ្ងៃនេះ គឺអាជ្ញាធរខណ្ឌចំការមន បានចុះទៅប្រាប់ឱ្យក្រុមកូដករផ្អាកការតវ៉ាមួយរយៈសិន ក្រោមហេតុផលថា សមត្ថកិច្ចចុះស៊ើបអង្កេតករណីការដាក់បង្កៃគ្រាប់បែក​នៅតំបន់ដែល​​កូដករ​តវ៉ា ប៉ុន្តែកញ្ញាថា ក្រុមកូដករមិនស្ដាប់តាមនោះទេ គឺបន្តធ្វើកូដកម្មរហូតមានដំណោះស្រាយវិវាទការងារ។

កញ្ញាបន្ថែមថា៖ «ខ្ញុំយល់ថា វាជាទង្វើមួយបំបិទសិទ្ធិសេរីភាព ជាការគំរាមកំហែងមិនឱ្យកម្មករផ្សេងៗទៀត​ហ៊ានមកចូលរួមតវ៉ា ដែលជាការពិតទៅ ពួកយើងតវ៉ានិងប្រើប្រាស់សិទ្ធិស្របទៅតាមច្បាប់។ ការគំរាមកំហែងដោយយកប្រព័ន្ធតុលាការមកដាក់សម្ពាធលើពួកយើង វាបង្ហាញថា ប្រព័ន្ធតុលាការយើងមិនឯករាជ្យ​​ មានភាពទន់ខ្សោយ និងអយុត្តិធម៌សម្រាប់ពួកយើងជាជនរងគ្រោះណាស់»

ក្រោយ​ការចាប់ឃុំខ្លួនកញ្ញា ឈឹម ស៊ីថរ ជាលើកទី២ មិន​បានប៉ុន្មានម៉ោងផង ក៏មាន​ប្រតិកម្មពីសំណាក់សហគមន៍ជាតិ និងអន្តរជាតិជាបន្តបន្ទាប់ផងដែរ។

សហរដ្ឋអាមេរិក និងអូស្ត្រាលី ជាប្រទេសនាំមុខគេក្នុងការទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងកញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីពផ្សេងទៀតដែលកំពុងជាប់ឃុំ ព្រមទាំងស្នើឱ្យដោះស្រាយបញ្ចប់វិវាទការងារនេះឱ្យបានត្រឹមត្រូវ។

ដោយឡែក កាលពីថ្ងៃទី​៧ ខែធ្នូនេះ លិខិត​របស់សហព័ន្ធសហជីពអឺរ៉ុប​ផ្នែកចំណីអាហារ កសិកម្ម និងទេសចរណ៍ (EFFAT) ​បានផ្ញើទៅកាន់​ឯកអគ្គរាជទូតខ្មែរប្រចាំ​ប្រទេសបែលហ្ស៊ិក លោក នង សាកល ដោយ​បញ្ជាក់ថា ការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ជាការ​បំពាន​ច្បាប់របស់​កម្ពុជា និង​បំពានលើកាតព្វកិច្ចការងារ និងសិទ្ធិមនុស្សជាអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។ ករណីនេះ EFFAT ​ទាម​ទារ​​ឱ្យ​រដ្ឋាភិបាលដោះលែង​កញ្ញា ឈឹម ស៊ីថរ ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ