អាមេរិកថា ក្រុមទាហានស៊ីឈ្នួលមួយរបស់រុស្ស៊ីបានទិញអាវុធកូរ៉េខាងជើងសម្រាប់សង្គ្រាមនៅអ៊ុយក្រែន

ទិដ្ឋភាពខាងក្នុងមជ្ឈមណ្ឌល PMC Wagner ដែលជាគម្រោងអនុវត្តដោយស្ថាបនិកនៃក្រុមយោធាឯកជន Wagner លោក Yevgeny Prigozhin អំឡុងពេលបើកសម្ពោធប្លុកការិយាល័យនៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។ (REUTERS /Igor Russak)

សេតវិមានបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ក្រុមហ៊ុនយោធាឯកជនមួយរបស់រុស្ស៊ីដែលមានឈ្មោះថា Wagner Group បានទទួលយកការដឹកជញ្ជូនអាវុធពីកូរ៉េខាងជើង ដើម្បីជួយពង្រឹងដល់កងកម្លាំងរុស្ស៊ីសម្រាប់សង្គ្រាមឈ្លានពានក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

យោងតាមអ្នក​នាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ប្រចាំ​សេតវិមាន លោក John Kirby អង្គភាពយោធា​ឯកជនខាងលើនេះ បានព្យាយាមស្វែងរកអ្នកផ្គត់ផ្គង់អាវុធពីជុំវិញពិភពលោក ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។

ថ្លែងប្រាប់អ្នកយកព័ត៌មាន អ្នក​នាំពាក្យរូបនេះបន្តថា៖ «យើងអាចធ្វើការបញ្ជាក់បានថា កូរ៉េខាងជើងបានបញ្ចប់ការបញ្ជូនអាវុធលើកដំបូងទៅឱ្យក្រុម Wagner ដែលបានទិញពីពួកគេ។ កាលពីខែមុន កូរ៉េខាងជើងក៏បានបញ្ជូនគ្រាប់រ៉ុក្កែត និងកាំជ្រួចម៉ីស៊ីល ចូលទៅក្នុងប្រទេសរុស្ស៊ី ដើម្បីឱ្យក្រុមទាហានស៊ីឈ្នួល ​Wagner ប្រើប្រាស់ផងដែរ»។

ជាមួយគ្នានេះ អាមេរិកក៏បានធ្វើការប៉ាន់ប្រមាណដែរថា ក្រុម Wagner នេះ បច្ចុប្បន្នមានយោធាចំនួន ៥ម៉ឺននាក់ ដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងនោះ ១ម៉ឺននាក់គឺជាយោធាជាប់កិច្ចសន្យា និង ​៤ ម៉ឺននាក់ផ្សេងទៀតគឺសុទ្ធសឹងតែជាអ្នកទោសដែលត្រូវបានជ្រើសរើសចេញពីពន្ធនាគាររុស្ស៊ី។

ទាក់ទិននឹងករណីនេះ រុស្ស៊ី និងកូរ៉េខាងជើង មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយឡើយ។

ទោះជាយ៉ាងណា ស្ថាបនិក និងជាអ្នកគ្រប់គ្រងក្រុមហ៊ុនយោធាឯកជន Wagner លោក Yevgeny Prigozhin បានបដិសេធការលើកឡើងដោយសេតវិមាននេះ ដោយចាត់ទុកថាជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។

ថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយ លោកបន្តថា៖ «មនុស្សគ្រប់គ្នាបានដឹងរួចទៅហើយថា ប្រទេសកូរ៉េខាងជើងមិនបានផ្គត់ផ្គង់សព្វាវុធណាមួយដល់ប្រទេសរុស្ស៊ី អស់រយៈពេលជាយូរមកហើយ។ សកម្មភាពនេះមិនដែលត្រូវបានធ្វើឡើងនោះទេ»។

លោកបន្ថែមថា៖ «ដូច្នេះហើយព័ត៌មានទាក់ទងនឹងការផ្គត់ផ្គង់អាវុធពីកូរ៉េខាងជើង គឺគ្មានអ្វីក្រៅពីពាក្យចចាមអារ៉ាម និងការទស្សន៍ទាយតែប៉ុណ្ណោះ»។

គួរបញ្ជាក់ថា អង្គភាពយោធា​ឯកជន Wagner ត្រូវបាន​បង្កើត​ឡើង​ដំបូងកាលពី​​ឆ្នាំ​២០១៤​ ដើម្បី​​បញ្ជូនទាហាន​មាន​សមត្ថភាព​ប្រយុទ្ធ​ទៅ​តំបន់​ដុនបាស់ ភាគ​ខាង​កើត​អ៊ុយក្រែន។

ទោះជាយ៉ាងណា លោកប្រធានាធិបតី ​វ្លាឌីមៀរ ពូទីន ធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា ក្រុមនេះមិនមែនតំណាងឱ្យប្រទេសរុស្ស៊ីឡើយ ដោយពួកគេគ្រាន់តែដើរតួជាក្រុមហ៊ុនយោធាឯកជនប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ