យុវជនអះអាងថា អំពើហិង្សាលើស្ត្រីនិងកុមារនៅតែបន្តកើតឡើងក្នុងសង្គម

សកម្មភាពរបស់យុវជន-យុវនារី និងអ្នកពាក់ព័ន្ធ ចូលរួមប្រារព្វកម្មវិធីអបអរសាទរ យុទ្ធនាការ១៦ថ្ងៃ និងទិវាសិទ្ធិមនុស្ស ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារមួយ ក្នុងក្រុងសៀមរាប។ (ផ្ដល់ឱ្យ)

ក្រុមយុវជនស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ចាត់ទុកថា អំពើហិង្សាលើស្ត្រី និងកុមារ នៅតែបន្តកើតមានក្នុងស​ហ​គមន៍ ទោះបីស្ថិតក្នុងទម្រង់មិនវាយដំរូបរាងកាយ តែជាសញ្ញាមួយគួរឱ្យព្រួយបារម្ភ ដែលចាំបាច់ត្រូវរួមគ្នា​​​​ទប់​​ស្កា​ត់ និងដោះស្រាយ។

យុវតី យ៉ាត់ ស៊ីឡូ អាយុ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១១ រស់នៅក្នុងឃុំគោល ស្រុកអង្គរជុំ ខេត្តសៀមរាប បានឱ្យដឹងថា តាមការសង្កេតមើលឃើញថា អំពើហិង្សាលើស្ត្រី និងកុមារ នៅតែបន្តកើតមានក្នុងភូមិឃុំដែលខ្លួនរស់​​នៅ។ ប្រភពបន្តថា អំពើហិង្សាភាគច្រើន គឺជាទម្រង់ហិង្សាផ្លូវចិត្ត និងការស្តីបន្ទោស ច្រើនជាងការវាយដំលើរូបរាងកាយ។ ម្យ៉ាងវិញទៀត ក្រោយពេលកើតមានអំពើហិង្សា ពួកគេមិនមានភាពក្លាហានរាយការណ៍ ដើម្បីឱ្យមានកិច្ច​​អន្ត​រា​​គមន៍​​ពីអាជ្ញាធរ ឬអង្គការមិនមែនរដ្ឋាភិបាលបានដឹងទេ ព្រោះខ្មាសអៀន និងមិនចង់ឱ្យដឹងរឿង​​អាស្រូវនៅ​​ក្នុង​​គ្រួ​សារផង។

កញ្ញាបន្តថា៖ «គួរតែមានផែនការមួយក្នុងការទប់ស្កាត់វា ដូចជា ការបង្កើតក្លឹបកុមារ ហើយនិងការផ្សព្វផ្សាយ ទី១ នៅពេលយើងផ្តល់វគ្គបណ្តុះបណ្តាល កុមារអាចយកចំណេះដឹងទៅចែករំលែកតាមសហគមន៍បន្ត ទី២ គឺការផ្ស​​ព្វ​ផ្សា​យឱ្យអាណាព្យាបាលបានដឹងពីគុណវិបត្តិនៃការប្រើអំពើហិង្សាថាវាមានផលប៉ះពាល់អីខ្លះ»។

លោក ឃុន មិញ វ័យប្រមាណ១៧ឆ្នាំ និងជាតំណាងក្រុមកុមារ និងយុវជន នៅក្នុងឃុំតាសោម ស្រុកអង្គរជុំ ទ​​ទួ​ល​ស្គាល់ថា អំពើហិង្សាពិតនៅតែបន្តកើតឡើងនៅក្នុងសហគមន៍ពិតប្រាកដមែន។ លោកបន្តថា សកម្មភាពភាគ​​ច្រើនកើត​​ចេញពីបុរសជាមេគ្រួសារ តាមរូបភាពការប្រមាថមាក់ងាយផ្លូវចិត្តទៅលើស្រ្តី និងកុមារ។ លើសពីនេះ​​ទៀត ផលជះពីអំពើហិង្សានេះបង្កឱ្យពួកគេបាត់បង់កិត្តិយស បាក់ទំនុកចិត្ត ចំណែកកុមារត្រូវធ្លាក់ទឹកចិត្ត បាត់​​បង់​ឱកាសក្នុងការរៀនសូត្រ និងគ្មានភាពក្លាហាន ជាពិសេសការចូលរួមនៅក្នុងកិច្ចការងារសង្គម។

លោកបន្តថា៖ «ពេលខ្លះគាត់តែងតែជួយដោះស្រាយបញ្ហារបស់ស្ត្រី ក៏ដូចជាប្រជាពលរដ្ឋផ្សេងៗ ប៉ុន្តែភាគច្រើនគាត់អត់ដឹងពីបញ្ហាទេ ទាល់តែស្ត្រី និងកុមារ គាត់លើកបញ្ហារបស់គាត់ទៅ បានគាត់ដោះស្រាយជូន។ ពេលខ្លះក៏មា​ន​ប្រសិទ្ធភាព ពេលខ្លះក៏អត់មានប្រសិទ្ធភាព ពេលខ្លះវាមានអំពើពុករលួយតិចតួចទៅ ​ពេលខ្លះវារលូន ពេលខ្លះវាអត់​​​រលូន »។

ការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងអំពើហិង្សាលើកុមារ ដែលត្រូវបានចុះផ្សាយដោយអង្គការ យូ​​នី​​​សេហ្វ (UNICEF) កាលពីខែតុលា ឆ្នាំ២០២១ បង្ហាញថា ការការពារកុមារ និងយុវជនពីអំពើហិង្សា គឺជាការ​​ចាំ​​បា​​​ច់ មិនត្រឹមតែដើម្បីសុខុមាលភាព និងការអភិវឌ្ឍរយៈពេលវែងរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែវាក៏ចាំ​​បាច់ដែរ​ស​​ម្រា​​​ប់​​​ការអភិវឌ្ឍរបស់ជាតិ។

ការបញ្ជាក់ជំហរជាថ្មីទៀតដែលធ្វើឡើងនៅក្នុង «កិច្ចពិភាក្សាគោលនយោបាយថ្នាក់ជាតិ ស្តីពីការស្វែងរក​​ដំ​​ណោះ​​​​ស្រាយដើម្បីបញ្ចប់អំពើហិង្សាលើកុមារ» នេះ គឺរដ្ឋាភិបាលបានដាក់ចេញនូវផែនការជាយុទ្ធសាស្រ្ត ធ្វើយ៉ាង​​ណា​​ឈា​​​ន​ទៅលុបបំបាត់អំពើប្រឆាំងលើកុមារ និងយុវជន ឱ្យបាននៅឆ្នាំ២០៣០។

ចំណែកអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើកិច្ចការប្រយុទ្ធប្រឆាំងអំពើហិង្សា​លើស្រ្តី និងកុមារ បង្ហាញ​​និយ​​​មន័យ​ថា អំពើហិង្សាសំដៅដល់ការរំលាភបំពាន ឬបង្ខិតបង្ខំផ្លូវចិត្ត ផ្លូវកាយ ផ្លូវភេទ ផ្លូវសេដ្ឋកិច្ច រួមបញ្ចូលទាំងការប្រ​​មាថ​​​មា​ក់ងា​យ ការគំរាមកំហែង ការដាក់ឱ្យនៅឯកោដាច់ពីគេឯង និងការរំលោភបំពានផ្នែកជីវភាពសេដ្ឋកិច្ចពីសំ​ណា​​ក់​​​​​បុគ្គ​​ល​​​ម្នាក់ឬច្រើន ដើម្បីត្រួតត្រាទៅលើបុគ្គលផ្សេងៗទៀត។

ដោយឡែក ច្បាប់​ស្ដី​ពី​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជន​រង​គ្រោះ ដែល​រដ្ឋ​សភា​បាន​អនុម័ត ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ២០០៥ បង្ហាញថា ច្បាប់នេះមានគោលបំណងទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការពា​​រ​​ជនរងគ្រោះ និងពង្រឹងវប្បធម៌អហិង្សា រួមទាំងភាពសុខដុមរមនាក្នុងគ្រួសារ ក្នុងសង្គម នៅក្នុង​​ប្រទេស​​កម្ពុ​​ជា​។

ជាមួយបញ្ហានេះ លោកស្រី វណ្ណ ចាន់ណា អនុប្រធានមន្ទីរកិច្ចការនារីខេត្តសៀមរាប មានប្រសាសន៍ដែរថា រដ្ឋាភិបាលបានបើកទូលាយសិទ្ធិចូលរួមរបស់ស្រ្តី ទាំងក្នុងវិស័យសង្គម និងនយោបាយ។ នៅចំពោះមុខនេះ តួនាទីរបស់​​ស្រ្តី​​ត្រូវបានផ្តល់ដូចនឹងបុរសដែរ ក្នុងការបំពេញការងារនៅក្នុងសង្គម​​។ លោកស្រីបន្តថា ជាក់ស្តែង បច្ចុប្បន្ននេះ នៅ​​​តាម​​មន្ទីរ អង្គភាព និងស្ថាប័នរដ្ឋ ស្រ្តីត្រូវបានផ្តល់ឋានៈជាប្រធាន និងអនុប្រធាន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោម​​ជា​​តិ ​​​ជាបន្តបន្ទាប់។

លោកស្រីបន្តថា៖ «អ្វីក៏ដោយត្រូវការរួបរួម ដូច្នេះបានខ្ញុំនិយាយថា ក្រសួងកិច្ចការនារី លើកប្រធានបទ ១៦ថ្ងៃ រួមគ្នាធ្វើសកម្មភាពបញ្ឈប់អំពើហិង្សា។ អ៊ីចឹងការធ្វើសកម្មភាពមានច្រើនណាស់ តាមសកម្មភាពពេលយើងរងគ្រោះ យើ​​ង​​​ផ្តល់ព័ត៌មានទៅអាជ្ញាធរ យើងស្វែងរកសេវា ក្នុងនោះ តួយ៉ាងមន្ទីរកិច្ចការនារី អត់មានសិទ្ធិទៅចាប់ចងបុគ្គ​​ល​​អ្នកប្រព្រឹត្តអំពើហិង្សាទេ ប៉ុន្តែមន្ទីរកិច្ចការនារីមានសិទ្ធិសម្របសម្រួលសហការជាមួយអាជ្ញាធរ ដើម្បីឱ្យស្ត្រីទទួលបានសេវាផ្លូវច្បាប់ សេវាសុខាភិបាល សេវាផ្សេងៗដែលស្ត្រីចង់បាន»។

អនុប្រធានមន្ទីរកិច្ចការនារីរូបនេះ ឱ្យដឹងទៀតថា ការផ្តល់សិទ្ធិ និងតម្លៃចំពោះស្រ្តី មិនមែនសម្រាប់តែថ្ងៃ១០ ខែធ្នូ ដែ​ល​ជាថ្ងៃបញ្ចប់យុទ្ធនាការបំពាក់បូពណ៌ស​ សម្រាប់និមិត្តរូបនៃថ្ងៃបញ្ចប់អំពើហិង្សាលើស្ត្រី និងក្មេងស្រីប៉ុណ្ណោះ​​ទេ​​​​។ ក៏ប៉ុន្តែសកម្មភាពដែលរដ្ឋាភិបាល និងអង្គការដៃគូ កំពុងតែធ្វើនេះ គឺត្រូវអនុវត្តជាប្រចាំ ប្រឆាំងការធ្វើ​​ទារុ​​​ណ​​កម្ម និង​​ហិ​​ង្សា​​​​ដោយកាយវិការ និងពាក្យសម្ដីមកលើស្រ្តី និងកុមារ។

ចំណែកលោកស្រី ស្ដើង ភារ៉ុង នាយិកាប្រតិបត្តិ នៃអង្គការបន្ទាយស្រីប្រចាំខេត្តសៀមរាប លើកឡើងថា មកដល់បច្ចុប្បន្ននេះ យុទ្ធនាការពាក់បូពណ៌ស ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងកុមារ គឺស្ថាប័នក្រៅរដ្ឋាភិបាលមួយនេះបានដើរតួនាទីក្នុងការលើកកម្ពស់ និងអប់រំផ្សព្វផ្សាយពីតម្លៃស្រ្តីក្នុងវិស័យសង្គម។ ថ្លែងនៅក្នុងទិវា យុទ្ធនាការ ១៦​​ថ្ងៃពាក់បូពណ៌ស និង ទិវាសិទ្ធិមនុស្ស ១០ធ្នូ ក្នុងឆ្នាំ២០២២នេះ លោកស្រីលើកឡើងថា បើទោះបីបច្ចុប្បន្ននេះនៅមិនទាន់មានទិន្នន័យពិតប្រាកដថា ករណីអំពើហិង្សាបានកើនឡើងឬថយចុះ ប៉ុន្តែករណីរំលោភបំពានទៅលើក្មេងស្រីបានកើតឡើងជាហូរហែ នៅតាមខេត្តគោលដៅដែលអង្គការបន្ទាយស្រីបានធ្វើការជាមួយ។

លោកស្រីបន្តថា៖ «ទាំងអស់គ្នាសុទ្ធតែស្ថិតនៅក្នុងស្ថានភាពដែលយើងចង់ឱ្យមិនមានហិង្សាលើស្រ្តី មកទីនេះសុទ្ធ​តែ​មានឆន្ទៈខ្ពស់ៗក្នុងការចូលរួមលុបបំបាត់ទាំងអស់គ្នា។ ខ្ញុំតាំងនាមឱ្យអង្គការបន្ទាយស្រី សង្ឃឹមយ៉ាងមុតមាំថា វេទិការនៅថ្ងៃនេះនឹងអាចបញ្ជ្រាបនូវសារសំខាន់ៗ​ ក៏ដូចជាចំណេះដឹងខ្លះៗបន្ថែមទៀតដល់ពុកម៉ែបងប្អូនចូលរួមនៅទីនេះ។ ហើយអ្វីដែលសំខាន់បំផុតនោះ ពុកម៉ែបងប្អូននឹងត្រលប់ទៅសហគមន៍វិញ ហើយបញ្ជ្រាបសារទាំងអស់នេះទៅដល់បងប្អូននិងឪពុកម្តាយ»។

មាត្រា៣ នៃច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ចែងថា អំពើហិង្សាក្នុងគ្រួ​​សារទាមទារឱ្យមានការទប់ស្កាត់ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ហើយតម្រូវឱ្យចាត់ចែងវិធានការសមស្របបំផុត ដើម្បីការពារជនរងគ្រោះ ឬជនអាចនឹងងាយរងគ្រោះ។

បើទោះជាបីជាកម្ពុជាមានច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារយ៉ាងណាក៏ដោយ គេសង្កេតឃើញថា ជា​​រឿ​យៗ អំពើហិង្សានៅតែបន្តកើតមានពីសំណាក់បុរសជាមេគ្រួសារ។ មួយចំនួនធំនៃអំពើហិង្សាក្នុងគ្រួសារ គេ​ចា​​ត់​​​ទុកថា អាចដោយសារកត្តាជីវភាពក្រីក្រ និងខ្វះចំណេះដឹង ជាមូលហេតុចម្បងមួយ​​ក្នុងចំណោមហេតុ​​​ផល​​ផ្សេ​ង​​ទៀត ដែលជំរុញឱ្យមានអំពើហិង្សាចេះតែបន្តកើតមាន​​៕


អត្ថប​​ទ​​​ដោយ កញ្ញា យូ រស្មី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ