ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លោកឧកញ៉ា សុខ ប៊ុន និងអាជ្ញាធរចំនួន៥នាក់ទៀត ពាក់ព័នឹងករណីរំលោភដីរដ្ឋនៅសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩។
ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក គុជ គឹមឡុង ប្រាប់វីអូឌីនៅថ្ងៃនេះថា ឧកញ៉ា សុខ ប៊ុន ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំឯកសារសាធារណៈប្រើប្រាស់ឯកសារសាធារណៈ និងផ្តើមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត តាមក្រមព្រហ្មទណ្ឌ។
ចំណែកអាជ្ញាធរចំនួន៥នាក់ទៀតលោក គុជ គឹមឡុង ថា ត្រូវចោទប្រកាន់ពីបទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត, ពុករលួយ, ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅខេត្តព្រះសីហនុ។
លោក គុជ គឹមឡុង ថា៖ «ការចោទប្រកាន់ហ្នឹង មានបទ ឯកសារក្លែង ស្អីៗហូហែរជាមួយហ្នឹង ការធ្វើគៃបំបាត់ដោយទុច្ចរិក ហើយធ្វើអីឱ្យខូចខាតអីអ៊ីចឹង។ នៅមិនទាន់បញ្ជូនទៅណាទេ ចៅក្រមកំពុងសាកសួរ។ [បញ្ជូនណា] អាហ្នឹងលើការសម្រេចរបស់ចៅក្រម ខ្ញុំអត់ដឹង»។
អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនលោកឧកញ៉ា សុខ ប៊ុន និងអាជ្ញាធរ៥នាក់ ករណីប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋធ្ងន់ធ្ងរ ជាការបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត, ការរំលោភអំណាច ប្រព្រឹត្តកាលពីអំឡុង ឆ្នាំ២០១៦-២០១៩ ក្រោយពីស្ថាប័ននេះ បានសាកសួរអ្នកទាំង៦ នាក់ចំនួន៧២ម៉ោង។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឃាង សេង បានទេ នៅថ្ងៃនេះ។
កាលពីឆ្នាំ២០១៥ លោក សុខ ប៊ុន ក៏ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្តងរួចទៅហើយ ករណីដែលលោកបានប្រើប្រាស់ហិង្សាលើអតីតពិធីការិនីទូរទស្សន៍ ឯក សុជាតា ហៅ សាសា ហើយករណីនេះ តុលាការបានកាត់ទោសឧកញ៉ា សុខ ប៊ុន ឱ្យជាប់ពន្ធនាគារ៣ឆ្នាំ ប៉ុន្តែបង្គាប់ឱ្យអនុវត្តទោសក្នុងពន្ធនាគារតែ១០ខែប៉ុណ្ណោះ៕