លីកាដូ ហៅការឃាត់ខ្លួនអ្នករំឭកខួបលោក កែម ឡី ថាប្រើកងកម្លាំងបង្ក្រាបសិទ្ធិបញ្ចេញមតិ

បុរស៣នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួ​នភ្លាមៗ​នៅកន្លែង ខណៈ​ពួកគេ​ព្យាយាម​ដាក់​កម្រងផ្កា​ រំឭក​វិញ្ញាណក្ខន្ធ​ គម្រប់​ខួប៣ឆ្នាំ​លោក កែម ឡី នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។ រូបភាព៖ ជន ចាន់រ៉ែន/ Screenshot

អង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ ហៅចំណាត់ការចាប់ខ្លួនយុវជនជាបន្តបន្ទាប់ ក្នុងពិធីរំឭកខួប៣ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី ជាការប្រើកងកម្លាំងច្រើនលើសលុបបង្ក្រាបទៅលើសិទ្ធិបញ្ចេញមតិ ។

អង្គការលីកាដូ បានលើកឡើងលើបណ្តាញសង្គមរបស់ខ្លួន នាថ្ងៃពុធនេះ ថា នៅថ្ងៃទី៩ និងទី១០ ខែកក្កដានេះ អាជ្ញាធរ​បានឃាត់ខ្លួន​មនុស្សចំនួន៧នាក់​ ពាក់ព័ន្ធនឹង​ការសម្ដែងក្ដីរំលែកទុក្ខ​ និងការគាំទ្រ​ចំពោះ​អ្នកវិភាគនយោបាយ​ ដែលត្រូវបាន​ឃាតករ​បាញ់សម្លាប់​ គឺលោក​បណ្ឌិត កែម ឡី​ ។

លីកាដូ ឲ្យដឹងទៀតថា ខណៈដែល​ប្រជាពលរដ្ឋ​រំឭកខួប៣ឆ្នាំ​នៃឃាតកម្ម​លើ​លោកបណ្ឌិត​ នៅទីតាំង​នៃអំពើឃាតកម្ម​ក្នុងរាជធានី​ភ្នំពេញ ​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយកងកម្លាំងចម្រុះ​ជាច្រើន។ ​

លីកាដូ បញ្ជាក់ថា៖ «ការឃាត់ខ្លួន​មនុស្ស​ទាំងនេះ​ បង្ហាញទៅកាន់សាធារណជនថា ជា​ការបង្ក្រាប​ឥតឈប់ឈរ​នៃ​ការ​ប្រើប្រាស់​កម្លាំងអាជ្ញាធរ​ច្រើនលើសលុប​ ដើម្បីរារាំង​ប្រជាពលរដ្ឋ​កម្ពុជាពីការ​សម្ដែងសិទ្ធិ​ក្នុងការ​បញ្ចេ​ញមតិ​ និង​សិទ្ធិជួបជុំគ្នា។​

នៅថ្ងៃនេះ យុវជន៣នាក់​ ត្រូវបានឃាត់ខ្លួន​នៅខាងក្រៅ​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់តិច​ស្ដុបបូកគោ​ ក្នុង​រាជធានីភ្នំពេញ​ បន្ទាប់ពី​អ្នកទាំង៣​ បានចូលរួម​ជាមួយយុវជន​ មេដឹកនាំ​សហជីព​ និងសមាជិក​សង្គមស៊ីវិល​ដទៃទៀត​ ដើម្បី​ធ្វើពិធីរំលឹក​ខួបបាញ់សម្លាប់នេះ ក្នុងនោះមានឈ្មោះ សួង នាគព័ន្ធ ជុំ ហួត និងជុំ ហួ។

កាលពីថ្ងៃអង្គារម្សិលមិញ យុវជន៤នាក់ ក្នុងនោះមានទាំងយុវជន គង់ រ៉ៃយ៉ា ផងដែរ ត្រូវបានឃាត់ខ្លួនដូចគ្នា ក្រោយពីពួកគេផ្សព្វផ្សាយតាមបណ្តាញសង្គម លក់អាវយឺតដែលមានបោះពុម្ពភ្ជាប់រូបលោក កែម ឡី ។

លោក កែម ឡី​ ​ ត្រូវបានឃាតករ​បាញ់សម្លាប់​ទាំងកណ្ដាលថ្ងៃ​ កាលពីថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០១៦​ ខណៈ ​លោកកំពុង​ពិសាកាហ្វេ​ពេលព្រឹក​នៅស្ថានីយ​ប្រេងឥន្ធនៈកាលតិចជាប់​ស្ដុបបូកគោ។

បើតាមលីកាដូ ឃាតកម្មនេះ អាជ្ញាធរ​បានចាប់ខ្លួន​អតីតទាហាន​ម្នាក់ឈ្មោះ ​អឿត អាង​ ដែលក្រោយមក​ត្រូវបាន​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​អស់មួយជីវីត​ នៅខែមីនា​ ឆ្នាំ២០១៧​ បន្ទាប់ពី​ការស៊ើបអង្កេត​ និងសវនាការ​ ដែលត្រូវបាន​រិះគន់យ៉ាងខ្លាំងពីសំណាក់​អ្នកឃ្លាំមើលជាតិ​ និងអន្តរជាតិ​ ថានៅមិនទាន់​សមស្រប​ និងមិនទាន់​គ្រប់គ្រាន់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ