ក្រុមសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជា បានច្រានចោលនូវក្ដីកង្វល់របស់អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) ដែលបានទាមទារឲ្យដោះលែងសកម្មជនដែលត្រូវបានចាប់ខ្លួននៅពេលពួកគេចូលរួមរំឭកខួប៣ឆ្នាំនៃការបាញ់សម្លាប់អ្នកវិភាគល្បីឈ្មោះ លោកបណ្ឌិត កែម ឡី។
ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃសុក្រកន្លងមកនេះ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានបង្ហាញក្ដីកង្វល់របស់អ្នកស្រីទៅលើការចាប់ខ្លួនយុវជន គង់ រ៉ៃយ៉ា និងសួង នាគព័ន្ធ ដែលត្រូវបានចោទប្រកាន់នាពេលក្រោយមកថា «ញុះញង់» បន្ទាប់ពីពួកគេបានចូលរួមរំឭកខួប ៣ឆ្នាំនៃឃាតកម្មលើលោក កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដាកន្លងមកនេះ។
អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិរូបនេះ បានចាត់ទុកការចាប់ខ្លួនយុវជនទាំង ២រូបនេះថា ជាការបង្ក្រាបទៅលើការអនុវត្តសិទ្ធិសេរីភាពស្របច្បាប់នៃការបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធី។
បើតាមសេចក្ដីថ្លែងការណ៍ដដែលនោះ អ្នកស្រី រ៉ូណា ស្មីត បានទាមទារទៅអាជ្ញាធរកម្ពុជា ឲ្យទម្លាក់ចោលការចោទប្រកាន់ទៅលើយុវជនទាំង ២រូបនេះ ហើយដោះលែងពួកគេឲ្យមានសេរីភាពឡើងវិញ។
អ្នកស្រី រ៉ូណា ស្មីត រៀបរាប់ក្នុងសេចក្ដីថ្លែងការណ៍ថា៖ «យើងមានកង្វល់ចំពោះការចាប់ខ្លួន ការឃុំខ្លួន និងការចោទប្រកាន់ទៅលើ គង់ រ៉ៃយ៉ា និងសួង នាគព័ន្ធ»។ អ្នកស្រីបន្តថា៖ «យើងមានកង្វល់ថា ជាថ្មីម្ដងទៀត អាជ្ញាធរកំពុងកំណត់គោលដៅលើសេរីភាពនៃការបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធី»។
ទោះជាយ៉ាងណា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍តបវិញកាលពីថ្ងៃម្សិលមិញនេះ ដោយបានច្រានចោល និងចាត់ទុកនូវអ្វីដែលលើកឡើងដោយអ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិរូបនេះថា «គ្មានមូលដ្ឋាន»។
អ្នកនាំពាក្យក្រុមសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជា ចាត់ទុកការចាប់ខ្លួនយុវជនទាំង ២រូបខាងលើថា ជាវិធានការ«ទប់ស្កាត់កុំឲ្យមានចលាចលក្នុងសង្គម» ហើយចាត់ទុកសកម្មភាពយុវជនទាំង ២រូបនេះថា មានបង្កប់នូវ «ចេតនាទុច្ចរិត»។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រៀបរាប់ក្នុងសេចក្ដីថ្លែងការណ៍ថា៖ «ករណីចាប់ខ្លួនលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ មិនមែនជាការរឹតត្បិតទៅលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការជួបជុំដោយសន្តិវិធីនោះទេ»។
លោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ ត្រូវបានអាជ្ញាធរចាប់ខ្លួនរួមជាមួយមនុស្ស ៥នាក់ផ្សេងទៀតនៅមុនមួយថ្ងៃ និងនៅចំថ្ងៃប្រារព្ធខួប ៣ឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី ប៉ុន្តែ មនុស្ស ៥នាក់ទៀត ត្រូវបានអាជ្ញាធរដោះលែងវិញ លើកលែងតែលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ តែប៉ុណ្ណោះ ដែលត្រូវបាននាំយកទៅចោទប្រកាន់ និងដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួន។
លោក គង់ រ៉ៃយ៉ា ដែលត្រូវបានអាជ្ញាធរកម្ពុជាចាប់ដាក់ឃុំអស់រយៈពេល ១៨ឆ្នាំក្រោមនៅចន្លោះឆ្នាំ២០១៥ ដល់២០១៧ ពាក់ព័ន្ធនឹងការចោទប្រកាន់ថាបានបង្ហោះសារអំពាវនាវឲ្យមាន«បដិវត្តន៍ពណ៌»នោះ ផ្សព្វផ្សាយលក់អាវយឺតនៅលើអនឡាញ ដើម្បីរំឭកខួប៣ឆ្នាំនៃការបាញ់សម្លាប់អ្នករិះគន់រដ្ឋាភិបាល៕