គណបក្សប្រជាធិបតេយ្យមូលដ្ឋានស្នើឲ្យរដ្ឋាភិបាលកំណត់យកថ្ងៃ១០ខែកក្កដាជាថ្ងៃដែលឃាតកបាញ់សម្លាប់លោក កែម ឡី ធ្វើជាទិវាសេរីភាពនៃការបញ្ចេញមតិសម្រាប់ជាតិកម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅថ្ងៃនេះបានលើកឡើងពីគុណសម្បត្តិនៃការលះបង់ខ្ពស់របស់លោក កែម ឡី ដើម្បីបុព្វហេតុជាតិមាតុភូមិ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា ដើម្បីជាការរំលឹកគុណដល់ស្នាដៃនិងការលះបង់ខ្ពស់របស់លោក កែម ឡី នោះ គណបក្សនេះស្នើឲ្យរដ្ឋាភិបាលកំណត់យកថ្ងៃទី១០ខែកក្កដាជាទិវាសេរីភាពបញ្ចេញមតិនៅកម្ពុជា។
លោក កែម ឡី អ្នកស្រាវជ្រាវនិងជាអ្នកវិភាគបញ្ហាសង្គមល្បីឈ្មោះមួយរូបត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ អ្នកវិភាគរូបនេះលេចធ្លោ ដោយសារលោកវិភាគប្រើភាសាសាមញ្ញៗ មានរបាយការណ៍ច្បាស់លាស់ធ្វើឲ្យប្រជាពលរដ្ឋងាយយល់ ពិសេសលោកហ៊ាននិយាយអ្វីដែលជាការពិត បើទោះជាដឹងថាមានការគំរាមកំហែងក៏ដោយ។
កាលពីថ្ងៃទី២ខែសីហាកន្លងទៅនេះ គណបក្សប្រជាធិបតេយ្យបញ្ជាក់ថាដំណាក់កាលនេះ ពួកគេស្នើឲ្យរដ្ឋាភិបាលកំណត់យកថ្ងៃទី១០ខែកក្កដាធ្វើជាទិវាសេរីភាពបញ្ចេញមតិ។ ប៉ុន្តែថា បើរដ្ឋាភិបាលបច្ចុប្បន្នមិនព្រមទេ ពេលគណបក្សនេះឈ្នះការបោះឆ្នោតនឹងកំណត់ថ្ងៃនោះជាទិវារបស់ជាតិ៕