មន្ត្រីខេត្តកម្ពុជាអះអាងថាភាគីវៀតណាមព្រមសហការក្នុងការដោះស្រាយដោយសន្តិវិធីលើចំណុចខ្វែងគំនិតនៅព្រំប្រទល់ខេត្តរតនគិរីនិងយ៉ាឡាយ ប៉ុន្តែអាជ្ញាធរវៀតណាមនៅតែបន្តសាងសង់ប៉ុស្តិ៍លើតំបន់ហាមឃាត់។
កាលពីម្សិលមិញមានកិច្ចប្រជុំរវាងខេត្តរតនៈគិរីនិងខេត្តយ៉ាឡាយប្រទេសវៀតណាមអំពីកិច្ចសហការរវាងខេត្តទាំងពីរដែលជាប់ព្រំដែន។ អភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តរតនគិរី លោក ញ៉ែម សំអឿន មានប្រសាសន៍ប្រាប់វីអូឌីនៅព្រឹកនេះថា ក្នុងការពិភាក្សាដាច់ដោយឡែករបស់ខេត្តទាំងពីរ ខាងកម្ពុជាបានស្នើដល់វៀតណាមក្នុងការគោរពយោគយល់និងរង់ចាំការដោះស្រាយពីថ្នាក់ជាតិរឿងបញ្ហានៃការសាងសង់ប៉ុស្តិ៍ ដែលវៀតណាមបានសាងសង់ក្នុងតំបន់ហាមឃាត់។ ជាការឆ្លើយតបវៀតណាមបានយល់ព្រមនិងបញ្ជាក់ជំហរសហការ ខណៈលោកអះអាងថាទាហានវៀតណាមនៅតែបន្តសាងសង់ប៉ុស្តិ៍ទាំងនោះនៅឡើយ។
លោកបន្តថា៖ “យើងសុំឲ្យមានការយោគយល់គ្នាទៅវិញទៅមក។ ហើយរង់ចាំថ្នាក់ជាតិដែលបានផ្ញើកំណត់ទូតទៅហើយ។… ខាងគេ(វៀតណាម)ឆ្លើយមកយើងអញ្ចឹង គេថាអត់អីទេ គេនឹងប្រឹងប្រែងធ្វើកិច្ចការហ្នឹងទៅវិញទៅមក”។
បើតាមលោក ញ៉ែម សំអឿន រហូតមកដល់ពេលនេះសកម្មភាពនៃការសាងសង់ប៉ុស្តិ៍របស់វៀតណាមនៅតែបន្ត ដែលលោកថាប៉ុស្តិ៍នីមួយៗដែលសាងសង់នោះមានទំហំ១៥គុណនឹង៣០ម៉ែត្រ។
រហូតមកដល់ពេលនេះមានរយៈពេលជាងបីសប្តាហ៍ហើយ ដែលកងទ័ពវៀតណាមបានសាងសង់ប៉ុស្តិ៍យាមចំនួនពីរក្នុងតំបន់ហាមឃាត់ឬតំបន់សជាប់ព្រំដែននៅឃុំប៉ក់ញៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។
ទាក់ទងនឹងបញ្ហាដែលវៀតណាមសង់ប៉ុស្តិ៍នេះដែរ ត្រូវបានប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាលោក វ៉ា គឹមហុង មានប្រសាសន៍ឲ្យវីអូឌីដឹងកាលពីថ្ងៃទី១៥មិ្សលមិញថា លោកនឹងជួបប្រជុំជាមួយគណៈកម្មាធិការព្រំដែនវៀតណាមនៅចុងខែនេះ ដើម្បីពិភាក្សានិងសុំឲ្យវៀតណាមបញ្ឃប់ការសាងសង់សំណង់រំលោភលើតំបន់ហាមឃាត់នេះ៕