ខេត្តកែប ប្រកាសចាប់ផ្តើមមានសាលាដំបូង និងអយ្យការអមសាលាដំបូងរបស់ខ្លួនជាផ្លូវការ ដោយគ្រោងដំណើរការចាប់ពីថ្ងៃសុក្រក្នុងសប្តាហ៍នេះ។
ខេត្តកែប បានបំបែកចេញពីខេត្តកំពត ចាប់តាំងពីឆ្នាំ២០០៨ ប៉ុន្តែរចនាសម្ព័ន្ធខេត្តនេះ នៅមិនទាន់មានសាលាដំបូងខេត្តកែបនៅឡើយទេ។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ឱ្យដឹងថា សាលាដំបូងខេត្តកែប និងអយ្យការអមសាលាដំបូងខេត្តកែប នឹងដាក់ឱ្យដំណើរការចាប់ពីថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ ២០២១នេះ។ សេចក្ដីប្រកាសព័ត៌មានដដែលបន្តថា សាលាដំបូងខេត្តកែប និងអយ្យការអមសាលាដំបូងខេត្តកែប នឹងក្លាយជាសាលាជម្រះក្ដីថ្នាក់ទីមួយចុងក្រោយគេ ដែលទើបនឹងដាក់ឱ្យដំណើរជាផ្លូវការ។
បច្ចុប្បនេះ កម្ពុជាមានសាលាដំបូង និងអយ្យការអមសាលាដំបូងចំនួន២៥រាជធានី-ខេត្ត-ក្រុង មានសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ចំនួន៤ និងមានតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល១។
ការបង្កើតសាលាដំបូងខេត្តកែបនេះ ធ្វើឡើងស្របគ្នានៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូង រាជធានី-ខេត្ត ដែលបានប្រកាសបញ្ចប់កាលពីដំណាច់ឆ្នាំ២០២០កន្លងទៅ។ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង ត្រូវបានដាក់ចេញដោយក្រសួងយុត្តិធម៌ បន្ទាប់ពីលោក កើត រិទ្ធ ឡើងកាន់ដំណែងជារដ្ឋមន្ត្រីក្រសួងមួយនេះកាលពីឆ្នាំ២០២០៕