នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសជប៉ុនគ្រោងនឹងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទ្វេដង ចំនួន៦០លានដូសដល់ប្រទេសផ្សេងទៀត ធៀបទៅនឹងការសន្យាផ្ដល់កាលពីពេលកន្លងទៅចំនួន៣០លានដូស។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានស្រង់សម្ដីនាយករដ្ឋមន្រ្តីរូបនេះដែលបានថ្លែងតាមរយៈសារវីដេអូនៅក្នុងកិច្ចប្រជុំកំពូលកូវីដ-១៩ជាសកល រៀបចំឡើងដោយសហរដ្ឋអាមេរិកថា៖ «ថ្ងៃនេះ ខ្ញុំសូមធ្វើការប្រកាសថា ជាមួយនឹងការរួមចំណែកបន្ថែមទៀត ជប៉ុននឹងបន្តផ្តល់វ៉ាក់សាំងសរុបប្រមាណ៦០លានដូសទៀតដល់ប្រទេសនានា»។
ក្នុងចំណោមវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៣០លានដូសដែលជប៉ុនបានប្ដេជ្ញាផ្ដល់ដំបូង ក្នុងនោះមានចំនួនប្រមាណជា២៣លានដូសរួចទៅហើយដែលបានផ្ដល់ជូន ហើយភាគច្រើនផ្តល់ទៅកាន់ប្រទេសក្នុងតំបន់អាស៊ី រួមមាន កោះតៃវ៉ាន់ វៀតណាម និងឥណ្ឌូនេស៊ី ជាដើម។
ប្រទេសជប៉ុនដំបូងឡើយស្ថិតនៅពីក្រោយប្រទេសឧស្សាហកម្មដទៃទៀត ទាក់ទងទៅនឹងតួលេខចាក់វ៉ាក់សាំងក្នុងប្រទេសរបស់ខ្លួន។
ទោះជាយ៉ាងណា ប្រជាជនរបស់ប្រទេសនេះនាពេលបច្ចុប្បន្នចំនួន ៥៥% ទទួលបានការចាក់វ៉ាក់សាំងពេញលេញ ដែលប្រហាក់ប្រហែលទៅនឹងសហរដ្ឋអាមេរិកផងដែរ៕