រដ្ឋមន្រ្តីការបរទេសចិន និងជាទីប្រឹក្សារដ្ឋ លោក វ៉ាង យី (Wang Yi) បានលើកឡើងថា ការដាក់ទណ្ឌកម្មឬការរឹតត្បិតនានាដោយឯកតោភាគីលើអាហ្វហ្គានីស្ថាន គួរតែត្រូវបានដកចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងការបរទេសចិន បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយដកស្រង់សម្តីរដ្ឋមន្រ្តីការបរទេសរបស់ខ្លួននៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G20 ស្តីពី «អាហ្វហ្គានីស្ថាន» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូកាលពីថ្ងៃពុធថា ទណ្ឌកម្មសេដ្ឋកិច្ចនានាលើអាហ្វហ្គានីស្ថានត្រូវតែបញ្ចប់។
លោក វ៉ាង យី បន្តថា ទុនបម្រុងអន្តរជាតិ (Foreign Exchange Reserves) របស់អាហ្វហ្គានីស្ថាន ជាទ្រព្យសម្បត្តិជាតិដែលគួរតែជារបស់ប្រជាជននៃប្រទេសនេះ និងត្រូវបានប្រើប្រាស់ដោយប្រជាជនរបស់ខ្លួន ដោយមិនត្រូវយកមកដើម្បីដាក់សម្ពាធនយោបាយលើអាហ្វហ្គានីស្ថានឡើយ។
គួរបញ្ជាក់ថា ចិន កាលពីពេលកន្លងទៅ ក៏ធ្លាប់បានលើកឡើងដែរថា ពិភពលោកគួរតែគាំទ្រដល់ប្រទេសអាហ្វហ្គានីស្ថាន មិនមែនដាក់សម្ពាធបន្ថែមទៀតនោះទេ។
ទាក់ទិននឹងករណីនេះ អ្នកនាំពាក្យក្រុមតាលីបង់មួយរូបបានថ្លែងថា ប្រទេសចិនបានដើរតួនាទីស្ថាបនាក្នុងការលើកកម្ពស់សន្តិភាពនិងការផ្សះផ្សានៅអាហ្វហ្គានីស្ថាន ហើយពួកគេស្វាគមន៍ចិនជានិច្ចក្នុងការរួមចំណែកក្នុងការកសាងឡើងវិញរបស់ខ្លួន៕