ជនជាតិដើមភាគតិចពូនង នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ដីព្រៃជាង១០០ហិកតាក្នុងដែនជម្រកសត្វព្រៃកែវសីមា និងដីព្រៃសហគមន៍របស់ពួកគេ ស្ថិតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ កំពុងរងការឈូសឆាយទន្ទ្រានយកពីសំណាក់ជនខិលខូចដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ។
ប្រធានសហគមន៍ជនជាតិដើមភាគតិចពូនង នៅភូមិអណ្តូងក្រឡឹង លោក សុខា ថុត ប្រាប់ វីអូឌី នៅថ្ងៃព្រហស្បតិ៍នេះថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ប្រជាសហគមន៍ជនជាតិដើមភាគតិចពូនងជិត១០នាក់ បានចុះល្បាតព្រៃសហគមន៍ ដោយប្រទះឃើញគ្រឿងចក្រមួយគ្រឿងធ្វើសកម្មភាពឈូសឆាយដីព្រៃក្នុងដែនជម្រកសត្វព្រៃកែវសីមាទំហំប្រហែល១០០ហិកតា និងដីព្រៃសហគមន៍របស់ជនជាតិដើមភាគតិចនៅក្បែរនោះជាង១២ហិកតា។
លោកបន្តថា ពាក់ព័ន្ធសកម្មភាពគ្រឿងចក្រឈូសឆាយដីព្រៃក្នុងតំបន់ការពារទាំងពីរនេះ ប្រជាសហគមន៍មិនបានទៅហាមឃាត់ឬរារាំងនោះទេ ដោយសារបារម្ភពីសុវត្ថិភាព ប៉ុន្តែពួកគាត់បានលួចថតពីសកម្មភាពឈូសឆាយនោះ ដើម្បីផ្សព្វផ្សាយឱ្យអាជ្ញាធរពាក់ព័ន្ធមានវិធានការទប់ស្កាត់។
ប្រធានសហគមន៍រូបនេះបានបង្ហាញក្តីបារម្ភពីការបាត់បង់ព្រៃឈើ បាត់បង់មុខរបររបស់សហគមន៍ជនជាតិដើមភាគតិច និងសត្វព្រៃ ជាដើម ប្រសិនបើអាជ្ញាធរពុំមានការទប់ស្កាត់ទាន់ពេលវេលានោះទេ។
លោកបន្ថែមថា៖ «នៅតំបន់ហ្នឹងជាកន្លែងដែលសហគមន៍ជនជាតិភាគតិចរបស់ពួកខ្ញុំចូលទៅអាស្រ័យផល ដូចជា បោចវល្លិ រកផ្ដៅ រកផ្សិត និយាយទៅអាស្រ័យគ្រប់ប្រភេទ និងចេញចូលនៅកន្លែងហ្នឹង។ ប្រសិនជាពុំមានការទប់ស្កាត់ទាន់ពេលវេលាទេ ខ្ញុំព្រួយបារម្ភពីការបាត់បង់ព្រៃឈើនិងសត្វព្រៃពីនៅតំបន់ហ្នឹង សម្បូរសត្វព្រៃជាច្រើនប្រភេទ ហើយកន្លែងហ្នឹងក៏សម្បូរដើមឈើធំៗដែរ»។
សមាជិកសហគមន៍ជនជាតិដើមភាគតិចពូនងម្នាក់ទៀត លោក ម៉ាល់ ថាច និយាយថា គ្រឿងចក្របានធ្វើសកម្មភាពឈូសឆាយនិងកាយក្រវាត់យកដីព្រៃក្នុងដែនជម្រកសត្វព្រៃកែវសីមា និងដីព្រៃសហគមន៍ជនជាតិដើមភាគតិចនេះ បានកើតឡើងជាង១ខែហើយ ដោយពុំមានអាជ្ញាធរពាក់ព័ន្ធណាចុះទប់ស្កាត់ឡើយ។
ករណីនេះ លោកបានអំពាវនាវដល់អភិបាលខេត្តមណ្ឌលគិរី ប្រធានមន្ទីរបរិស្ថានខេត្ត និងនាយករដ្ឋបាលដែនជម្រកសត្វព្រៃកែវសីមា ឱ្យចុះពិនិត្យមើលនិងមានវិធានការទប់ស្កាត់ករណីនេះផង។
លោកបន្ថែមថា៖ «ខ្ញុំសូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ឱ្យគាត់ទប់ស្កាត់កុំឱ្យមានការឈូសឆាយនិងកាប់បំផ្លាញព្រៃឈើនៅតំបន់ហ្នឹង ដើម្បីកុំឱ្យប៉ះពាល់ដល់ប្រជាសហគមន៍នៅតំបន់ហ្នឹង។ បើសិនគេកាប់ព្រៃនិងឈូសឆាយព្រៃអស់ តើប្រជាពលរដ្ឋរស់ពឹងអីទៀត? បើប្រជាពលរដ្ឋអាស្រ័យផលលើព្រៃនេះតាមរយៈបោចវល្លិ រកបន្លែផ្សេងៗហ្នឹង និងមួយប៉ះពាល់ដល់គម្រោងរ៉េតបូកទៀតផង បើកន្លែងហ្នឹងអស់ព្រៃ គេលែងជួយដល់សហគមន៍យើងហើយ»។
ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ ប្រាប់ វីអូឌី ថាលោកទទួលបានដំណឹងពាក់ព័ន្ធគ្រឿងចក្រឈូសឆាយដីព្រៃក្នុងតំបន់ដែនជម្រកសត្វព្រៃនេះហើយ ហើយលោកបានចាត់ឱ្យមន្ត្រីចុះទៅដល់កន្លែងកើតហេតុ និងពិនិត្យមើលករណីនេះហើយដែរ ដើម្បីឈានទៅរកការទប់ស្កាត់ឬមានវិធានការផ្សេងទៀត។
លោកបន្ថែមថា៖ «ខ្ញុំបានឱ្យមន្ត្រីខ្ញុំទៅពិនិត្យហើយ ប៉ុន្តែរកទីតាំងហ្នឹងមិនទាន់ឃើញ។ យ៉ាងណា រឿងនេះ ខាងខ្ញុំនឹងបន្តស្រាវជ្រាវទៀត»។
មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា បច្ចុប្បន្ននេះ នៅក្នុងខេត្តមណ្ឌលគិរី មានបទល្មើសរំលោភយកដីព្រៃរបស់រដ្ឋ ដីតំបន់ភ្នំ និងដីតំបន់ការពារជាច្រើនកន្លែងផ្សេងទៀត ដោយមិនមានការចាត់វិធានការច្បាប់តឹងរ៉ឹងណាមួយចំពោះជនល្មើសឡើយ។ លោកថា អ្នកដែលហ៊ានរំលោភនិងប្រើប្រាស់គ្រឿងចក្រទៅឈូសឆាយដីទាំងនេះ មានតែអ្នកមានលុយមានអំណាចតែប៉ុណ្ណោះ ហើយថា សកម្មភាពទាំងនោះអាចធ្វើទៅបាន គឺអាចមានជាប់ពាក់ព័ន្ធអំពើពុករលួយណាមួយរវាងជនល្មើសនិងអាជ្ញាធរ។
មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា តាមច្បាប់ស្តីពីតំបន់ការពារ ការរំលោភយកនិងការឈូសឆាយដីតំបន់ភ្នំនិងដីតំបន់ការពារ ជាបទឧក្រិដ្ឋដែលត្រូវផ្តន្ទាទោសពី៥ឆ្នាំទៅ១០ឆ្នាំ។
លោកបន្ថែមថា៖ «យើងមើលឃើថា មានអ្នកមានអំណាយជាអ្នកបញ្ជាពីក្រោយនៃការឈូសឆាយដីព្រៃទាំងអស់ហ្នឹង។ ប្រជាពលរដ្ឋធម្មតា គាត់មិនធ្វើទេរឿងបែបនេះ។ នៅក្នុងខេត្តមណ្ឌលគិរី មិនមែនមានតែករណីតែមួយនេះទេ គឺមានច្រើនណាស់! ដែលយើងមើលឃើញថា រហូតមកដល់ពេលនេះ ទាំងអាជ្ញាធរ ទាំងនគរបាលយុត្តិធម៌ ហាក់ដូចជាសម្ងំស្ងៀម មិនហ៊ានចាត់វិធានការលើរឿងហ្នឹងទេ។ ទោះបីជាមានបទបញ្ជាឬលិខិតពីក្រសួងបរិស្ថានក៏ដោយ ដូចជាខ្លាចអំណាចរបស់អ្នករំលោភទាំងអស់ហ្នឹង»។
លោក ប៉ែន ប៊ុណ្ណារ៍ បន្ថែមថា ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិនេះបាន លុះត្រាតែមានបទបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
បើតាមលោក សុខា ថុត សហគមន៍ព្រៃឈើជនជាតិដើមភាគតិចពូនង ភូមិអណ្តូងក្រឡឹង មានទំហំ១ ៤២៦ហិកតា បានបញ្ជូលជាដីសមូហភាព ទទួលស្គាល់ដោយរដ្ឋាភិបាលកាលពីឆ្នាំ២០០៧ ដោយស្ថិតក្រោមការគ្រប់គ្រងរបស់ប្រជាពលរដ្ឋ១៨៣គ្រួសារ នៅឃុំសែនមនោរម្យ។
ចំណែកដែនជម្រកសត្វព្រៃកែវសីមា គ្របដណ្តប់លើផ្ទៃដីចំនួន២៩២ ៦៩០ហិកតា ស្ថិតនៅតាមបណ្តោយជើងភ្នំអាណាម៉ាយណ៍ និងមានទីតាំងនៅភាគខាងកើតប្រទេសកម្ពុជា ក្នុងនោះមួយផ្នែកធំស្ថិតនៅក្នុងស្រុកកែវសីមា ស្រុកសែនមនោរម្យ និងស្រុកអូររាំង ខេត្តមណ្ឌលគិរី និងមួយផ្នែកតូចស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ បង្កើតឡើងដោយអនុក្រឹត្យនៃរដ្ឋាភិបាលកាលពីឆ្នាំ២០១៦៕