រដ្ឋសភាសហរដ្ឋអាមេរិកនៅថ្ងៃនេះ (ម៉ោងនៅកម្ពុជា) បានអនុម័តលើសេចក្តីស្នើច្បាប់ស្តីពី «លទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១» (Cambodia Democracy Act 2021) ឬច្បាប់ H.R 4686 ដែលជាច្បាប់សំដៅដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាដែលជាប់ពាក់ព័ន្ធនឹងការធ្វើឱ្យខូចដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា។
យោងតាមសេចក្ដីរាយការណ៍នានា ឱ្យដឹងថា កិច្ចប្រជុំរដ្ឋសភាសហរដ្ឋអាមេរិក (Congress) លើកទី១១៧ បានអនុម័តលើសេចក្ដីស្នើច្បាប់នេះរួចហើយ។ ក៏ប៉ុន្តែសេចក្ដីស្នើច្បាប់ដែលចាត់ទុកថាជាការប្រញាប់នេះ ត្រូវឆ្លងកាត់ព្រឹទ្ធសភាសហរដ្ឋអាមេរិកមួយដំណាក់កាលទៀត មុននឹងបញ្ជូនទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន (Joe Biden) ដើម្បីចុះហត្ថលេខាប្រកាសជាច្បាប់បាន។
សេចក្ដីស្នើច្បាប់ស្តីពី «លទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០២១» ឬ ច្បាប់ «H.R 4686» នេះ ត្រូវបានស្នើឡើងដោយតំណាងរាស្ត្រអាមេរិកពីររូបដែលជាសហប្រធាននៃក្រុមប្រឹក្សាសភាអាមេរិកស្តីពី កម្ពុជា (Congressional Caucus on Cambodia) រួមមាន លោក ស្ទីវ ឆាបុត (Steve Chabot) តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋប្រចាំរដ្ឋអូហៃយ៉ូ (Ohio) និងលោក អាលែន ឡូវែនថល (Alan Lowenthal) តំណាងរាស្ត្រអាមេរិកមកពីគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋកាលីហ្វ័រញ៉ា (California)។ សេចក្តីស្នើច្បាប់នេះត្រូវបានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិកអនុម័តជាឯកច្ឆន្ទកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។
សេចក្ដីស្នើច្បាប់នេះបានចែងពីការដាក់ទណ្ឌកម្មលើបុគ្គលដែលជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា មន្ត្រីយោធាកំពូលៗ និងកងកម្លាំងសន្តិសុខ ដែលចូលរួមចំណែកក្នុងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ទណ្ឌកម្មទាំងនោះអាចជាការបង្កកទ្រព្យសម្បត្តិ ឬរាល់ការចរាចរប្រាក់ដុល្លារដែលមាននៅលើទឹកដីសហរដ្ឋអាមេរិក ការបិទឬបង្កកទិដ្ឋាការ (VISA) មិនឱ្យចូលសហរដ្ឋអាមេរិក ឬការមិនផ្តល់ទិដ្ឋាការចូលទឹកដីសហរដ្ឋអាមេរិក ជាដើម។
នៅមិនទាន់មានប្រតិកម្មពីមន្ត្រីរដ្ឋាភិបាលកម្ពុជានៅឡើយទេ ជុំវិញការអនុម័តច្បាប់នេះ៕