អង្គការទស្សនៈពិភពលោកអន្តរជាតិ-កម្ពុជា (World Vision) បានប្រកាសថា ក្នុងឆ្នាំ២០២១ គ្រួសារពលរដ្ឋកម្ពុជាជិត៨០ភាគរយ នៅក្នុងតំបន់គោលដៅរបស់ខ្លួនចំនួន៩ខេត្ត មានកន្លែងលាងដៃនឹងសាប៊ូ។
ការប្រកាសនេះបានធ្វើឡើងចំពេលដែលពិភពលោកកំពុងប្រារព្ធ «ទិវាលាងសម្អាតដៃពិភពលោក» ថ្ងៃទី១៥ ខែតុលា ក្រោមប្រធានបទ «អនាគតយើងស្ថិតនៅលើដៃយើង- សូមចូលរួមលាងសម្អាតដៃទាំងអស់គ្នា»។
តាមរយៈទិវានេះ អង្គការ World Vision បានចូលរួមជាមួយភាគីពាក់ព័ន្ធក្នុងការជំរុញឱ្យប្រជាជនកម្ពុជាអនុវត្តទម្លាប់លាងដៃជាមួយសាប៊ូ តាមរយៈកម្មវិធីទឹកស្អាតនិងអនាម័យរបស់ខ្លួន។ «កម្មវិធីទឹកស្អាត និងអនាម័យ» (WASH) របស់អង្គការទស្សនៈពិភពលោក កំពុងអនុវត្តក្នុងស្រុកគោលដៅចំនួន២៤ ក្នុងខេត្តចំនួន៩ រួមមាន ខេត្តក្រចេះ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ និងតាកែវ។
យោងតាមរបាយការណ៍វាយតម្លៃរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ-កម្ពុជា ដែលធ្វើឡើងក្នុងតំបន់គោលដៅខេត្តចំនួន៩ នាឆ្នាំ២០២១នេះ បានបង្ហាញថា គ្រួសារកម្ពុជាចំនួនជិត៨០ភាគរយ (៧៨,៣%) មានកន្លែងលាងដៃនឹងសាប៊ូ។ តួលេខនេះបានកើនឡើង២៦,៦ភាគរយ បើប្រៀបនឹងឆ្នាំ២០១៨ ខណៈលទ្ធផលនេះក៏ប្រហាក់ប្រហែលនឹងរបាយការណ៍អង្កេតសេដ្ឋកិច្ចនិងសង្គមកិច្ចកម្ពុជា ឆ្នាំ២០២០ បង្ហាញថា គ្រួសារកម្ពុជាប្រមាណជា៨៦ភាគរយមានកន្លែងលាងដៃនឹងសាប៊ូ។
អ្នកជំនាញជាន់ខ្ពស់ទទួលបន្ទុក«កម្មវិធីទឹកស្អាត និងអនាម័យ» នៃអង្គការទស្សនៈពិភពលោក លោក នង ដាវីត ថ្លែងថា អង្គការនេះបានរួមចំណែកជំរុញឱ្យមានការលាងសម្អាតដៃជាមួយនឹងសាប៊ូ តាមរយៈការផ្ដល់សម្ភារលាងសម្អាតដៃ ក៏ដូចជាចូលរួមជាមួយអាជ្ញាធរមូលដ្ឋានក្នុងការអប់រំផ្សព្វផ្សាយពីសារៈសំខាន់នៃការលាងដៃនឹងសាប៊ូដល់ប្រជាជននៅក្នុងសហគមន៍។
លោកបន្តថា នាឆ្នាំ២០២១ អង្គការទស្សនៈពិភពលោក បានផ្ដល់ជាកញ្ចប់សម្ភារអនាម័យដែលក្នុងនោះមានសាប៊ូដុសខ្លួន ម្សៅសាប៊ូ ច្រាសដុសធ្មញ និងពាងទឹកមានក្បាលរ៉ូប៊ីណេសម្រាប់បង្ហូរទឹកលាងដៃ ជាដើម ដល់គ្រួសារងាយរងគ្រោះចំនួន២៨ ១០០គ្រួសារ។ ក្រៅពីនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ អង្គការទស្សនៈពិភពលោក ក៏បានផ្ដល់ជាសាប៊ូលាងដៃនិងសាប៊ូម្សៅ ដល់ពលរដ្ឋចំនួន២៧៥ ០៨៨គ្រួសារ។
កុមារី រស្មី សិស្សថ្នាក់ទី៨ នៃអនុវិទ្យាល័យមួយនាស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និយាយថា នាងបានលាងដៃនឹងសាប៊ូជាប្រចាំ មុននិងក្រោយពេលទទួលទានអាហារ ក៏ដូចជាពេលចេញពីបន្ទប់ទឹក។ កុមារីវ័យ១៤ឆ្នាំរូបនេះ ប្រាប់ថា ខ្លួនយល់ដឹងកាន់តែច្បាស់ពីអត្ថប្រយោជន៍នៃការលាងដៃ ក្រោយពីទទួលបានការអប់រំផ្សព្វផ្សាយអនាម័យពីបុគ្គលិកអង្គការទស្សនៈពិភពលោកដែលចូលរួមធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន។
យោងតាមអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ ការលាងដៃនឹងសាប៊ូជួយឱ្យមនុស្ស១៦៥ ០០០នាក់ចៀសផុតពីការស្លាប់ដែលបង្កឡើងដោយជំងឺរាគ។ ការលាងសម្អាតដៃនឹងសាប៊ូ ក៏បានជួយការពារមនុស្សពីជំងឺអាសន្នរោគ រលាកផ្លូវដង្ហើមធ្ងន់ធ្ងរ និងជំងឺកូវីដ-១៩ ជាដើម៕