កសិករ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ករណី​ជី​កសិកម្ម​និង​ប្រេងសាំង​ឡើងថ្លៃ​

កសិករម្នាក់កំពុងបាញ់ថ្នាំសម្លាប់សត្វល្អិតនៅស្រែរបស់ពួកគេ ដែលមានទីតាំងស្ថិតនៅឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ រូ​បភាព៖ រុង រឿង

កសិករធ្វើស្រែនិងដាំបន្លែ​នៅបណ្ដាខេត្តមួយចំនួនបានអំពាវនាវឱ្យរដ្ឋាភិបាលអន្តរាគមន៍​បញ្ចុះតម្លៃជីកសិកម្មនិងប្រេងសាំង ខណៈ​​ពួកគាត់បារម្ភថា ប្រសិនបើតម្លៃជីនិងប្រេងសាំងឡើងថ្លៃឥតឈប់ឈរទៀត ពលរដ្ឋអាចនឹងអាចជំពាក់បំណុលចិនវ័ណ្ឌក និងមិនមានកម្លាំងចិត្តប្រកប​របរ​កសិកម្មទៀតឡើយ។

កសិកររស់នៅស្រុកពារាំង ខេត្តព្រៃវែង លោក សំ សុខគង់ មានប្រសាសន៍នៅថ្ងៃទី០៤ ខែវិច្ឆិកានេះ​ថា តម្លៃជី​កសិកម្មនិងប្រេងសាំងបាន​ហក់ឡើង​​​​ខ្ពស់​នារយៈពេលចុងក្រោយ​នេះ ដែល​បានធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំងដល់​​ការ​ធ្វើ​កសិកម្មរបស់​កសិករ។ លោកបន្តថា បច្ចុប្បន្ន តម្លៃ​​ផលិតផលទាំងនេះបានហក់ឡើងយ៉ាងគំហុករហូតដល់​ជាង ១៥ម៉ឺនរៀលក្នុងមួយបេ​ ខណៈ​ឆ្នាំមុនតម្លៃត្រឹម ១២ម៉ឺនរៀលឬក្រោម១០ម៉ឺនតែប៉ុណ្ណោះក្នុងមួយបេ។ ​

លោក​បន្តថា៖ «សម្រាប់​ខ្ញុំ​អ្នក​ស្រែ​ហ្នឹង​​ វាប៉ះពាល់​ច្រើន​មែន​ទែន​ ព្រោះ​ថា​មាន​ទៅ​ពឹង​អី មាន​តែ​ធ្វើ​ស្រែ​ធ្វើ​ចម្ការ​ហ្នឹង​ ដល់​យើង​ធ្វើ​ទៅ​វា​អត់​ចំណេញ ព្រោះ​អី​ទុកដី​ស្រែ​ចោល ​[អត់មានរបរក្រៅពី]ទៅ​ធ្វើ​សំណង់ទេ។ សំណូម​ពរ​ឱ្យប្រេង​និង​ជី​ហ្នឹង​វាធ្លាក់​ថ្លៃតិច​មក​ ឱ្យ​កសិករ​ហ្នឹង​បាន​នៅ​ធ្វើ​ស្រែ​បន្ត​ទៀត ​បើ​មិនអ៊ីចឹង​ទេរត់​ចោលដី​ស្រែ​អស់​ហើយ មានតែទុកដីស្រែចោល ទៅធ្វើសំណង់»។

កសិករធ្វើស្រែនៅស្រុកពារាំង​មួយរូបទៀត អ្នកស្រី ពូ ថន ថ្លែង​ថា បើជីចុះថោកជាងនេះ គាត់នឹង​បាន​ផលចំណេញខ្លះ ខណៈតម្លៃស្រូវលក់បានត្រឹមតែ៨០០រៀលក្នុងមួយគីឡូក្រាម។ អ្នកស្រីថា កាលពីឆ្នាំ​មុន នៅក្នុងតំបន់អ្នកស្រីរស់នៅ តម្លៃជីមួយបេតែ៨ទៅ៩ម៉ឺនរៀលប៉ុណ្ណោះ តែបច្ចុប្បន្នហក់ឡើងដល់១៨ម៉ឺន​រៀល ហើយអ្នកស្រី​ត្រូវបង់​ការប្រាក់សម្រាប់ការបណ្ដាក់ទុនឬជំពាក់គេ ពោលគឺដល់ពេលបានផល​ស្រូវ ទើប​គិតប្រាក់​សរុប​​សង​គេ​វិញ។

អ្នកស្រី​ប្រាប់ថា៖ «បណ្ដាក់គេម្ដង២០បេ ហើយបាច២ដង។ ថ្លៃមែនហ្នឹង! ដឹងមានលុយណាទិញ! យើងទៅជឿគេ បណ្ដាក់គេយកមក វាថ្លៃ! ទម្រាំតែបានស្រូវ បានយើងទូរទាត់ឱ្យគេវិញ។​ ហើយ​ណាជីថ្លៃផង បើយើងមិនធ្វើ បានអីចាយ បានអីហូប? អ៊ីចឹងយើង​ត្រូវ​តែធ្វើ»។

​កសិករធ្វើស្រែនៅខេត្តសៀមរាប អ្នកស្រី ប៊ុន កិមឡា ស្នើឱ្យរដ្ឋាភិបាលបញ្ចុះតម្លៃសាំងនិងជី ហើយបង្កើនតម្លៃស្រូវឱ្យបានសមរម្យ ខណៈបច្ចុប្បន្ន អ្នកស្រីលក់ស្រូវបានតម្លៃប្រមាណ១ ០០០រៀលក្នុងមួយគីឡូក្រាម។

កសិកររូបនេះបារម្ភថា គ្រួសារគាត់អាចនឹងត្រូវជំពាក់បំណុលគេបន្ថែមទៀត ត្បិតចំណាយដើមទុនផលិតច្រើន ពិសេសប្រេងសាំងនិងជីកសិកម្មចេះតែឡើងថ្លៃ ប៉ុន្តែនៅពេលលក់ផលិតផលកសិកម្ម​បានតម្លៃទាប​ទៅវិញ។

អ្នកស្រី​បន្តថា៖ «មុនៗ យើងទិញ[ជី] តែ៧ម៉ឺន៥ពាន់[រៀល] ឥលូវឡើងជាង១០ម៉ឺន [ជីក្នុងមួយបេ]។ វាមិនមែនប៉ះពាល់តែជីវភាពខ្ញុំទេ វាប៉ះពាល់ប្រជាជនទាំងអស់។ ធ្វើស្រូវបាន ពេលលក់ ឈ្មួញកណ្ដាល វាបញ្ចុះតម្លៃ។ តែដល់ពេលយើងលក់បានតិចតួច យើងដោះស្រាយតែថ្លៃជី វាអត់គ្រប់។ ដល់ពេលយើងទុកហូបបន្តិចបន្តួចទៅ ដល់ពេលដល់ខែព្រោះទៀត វាខ្វះអាពូជព្រោះហ្នឹងទៀត ចុះបើហូបអស់ហើយ!»

កសិករដាំបន្លែត្រប់នៅស្រុកឆ្លូង ខេត្តក្រចេះ លោក ឡុង យ៉ិន បានលើកឡើងថា សម្រាប់បន្លែដែលគាត់ដាំ ក៏ត្រូវការប្រើប្រាស់ជីខ្លះដែរ ប៉ុន្តែប្រសិនបើតម្លៃជីចុះថោកជាងនេះ នោះផលកសិកម្មរបស់លោកនឹងទទួលបាន​ចំណេញខ្លះ​។ លោកបន្តថា បើតម្លៃជីឡើងថ្លៃបែបនេះ​ របរដាំបន្លែរបស់លោក អាចប្រឈមនឹងការខាតបង់តែម្តង។  ​

លោក ឡុង យ៉ិន គូសបញ្ជាក់​ថា៖ «យើងចង់បានឱ្យវាមានតុល្យភាពគ្នា រាល់ថ្ងៃវាខុសគ្នាហើយ វាមិនមានតុល្យភាពទេ។ សម្ភារកសិកម្មទាំងអស់ហ្នឹងសុទ្ធតែឡើងថ្លៃមួយទ្វេជាពីរ ផលិតផលកសិកម្មយើង របស់យើងខ្ញុំ មើលទៅហាក់ដូចជាតម្លៃនៅដដែល។ ចំពោះខ្ញុំ ខ្ញុំចង់ថា ធ្វើម៉េចឱ្យមានតុល្យភាពគ្នា ចុះដូចគ្នា ហើយឡើងដូចគ្នាទៅ»។

វីអូឌី មិនអាចទាក់ទងសុំការបកស្រាយពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានទេ​នៅថ្ងៃនេះ។

ចំណែកអគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ស្រី វុឌ្ឍី សុំមិនបកស្រាយបញ្ហានេះឡើយ​។

លោក​ថា៖ «សូមចូលទៅមើលផេករបស់ឯកឧត្ដមរដ្ឋមន្ត្រី គាត់បានពន្យល់រឿងនេះ​អស់ហើយ»។

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បានបង្ហោះនៅលើទំព័រហ្វេសប៊ុក​កាលពីថ្ងៃទី​១៨ ខែតុលា ឆ្នាំ២០២១កន្លងទៅ ដោយពន្យល់អំពីមូលហេតុដែលជីនិងថ្នាំកសិកម្មនៅកម្ពុជាបន្តឡើងថ្លៃខ្ពស់ ដោយសារ​បណ្ដាប្រទេសផលិតថ្នាំកសិកម្មនិងជីកសិកម្មនាំចេញ មានបញ្ហារអាក់រអួលផ្នែកផលិតកម្ម។

លើសពីនេះ លោកថា វត្ថុធាតុដើមមានការខ្វះខាតក្នុងការផ្គត់ផ្គង់ពីប្រទេសផលិតធំៗ មានដូចជា ប្រទេសចិន ប្រទេសម៉ាឡេស៊ី និងប្រទេសអារ៉ាប់។

លោក វេង សាខុន សរសេរថា៖ «ផលិតកម្មជីកសិកម្មត្រូវបានកាត់បន្ថយ ដោយកម្លាំងពលកម្មថយចុះ ដោយបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩ ដូចជានៅក្នុងប្រទេសចិន ប្រទេសថៃ និងប្រទេសវៀតណាម។ ការដឹកជញ្ជូនប្រើពេលវេលាយូរ និងមានតម្លៃខ្ពស់ ដោយមានបញ្ហារីករាលដាលជំងឺកូវីដ-១៩។ ក្រៅពីការបញ្ជាទិញពីប្រទេសកម្ពុជា នៅបណ្ដាប្រទេសផ្សេងៗក៏បានបញ្ជាទិញដែរ ដូច្នេះការផ្គត់ផ្គង់មិនគ្រប់តាមតម្រូវការ»។

លោករដ្ឋមន្ត្រីបន្ថែម​ថា ការចំណាយលើការរៀបចំវេចខ្ចប់ឡើងវិញ ក៏ជាបន្ទុកមួយទៀតដែលត្រូវការសំបកវេចខ្ចប់បោះពុម្ពជាភាសាខ្មែរ។ ជាងនេះទៀត ក្រុមហ៊ុនផ្គត់ផ្គង់ជី-ថ្នាំកសិកម្មមួយចំនួនធំមិនបានទៅទិញដល់រោងចក្រផលិតផ្ទាល់ ដោយទិញតាមរយៈឈ្មួញកណ្ដាល ជាហេតុធ្វើឱ្យជីនិងថ្នាំកសិកម្មថ្លៃជាងតម្លៃនៅរោងចក្រផលិត។ ជាមួយគ្នានេះ លោកថា តម្រូវការជីកសិកម្មក្នុងស្រុកក៏មានការកើនឡើងច្រើនដែរ។

ទោះបីជាយ៉ាងនេះក្ដី អ្នក​ជំនាញ​កសិកម្ម និងជាទីប្រឹក្សា​មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (សេដាក) លោកបណ្ឌិត យ៉ង់ សាំងកុមារ ថ្លែងថា ជីនិងប្រេងសាំង​ឡើងថ្លៃ មិនត្រឹមតែប៉ះពាល់តែកសិករទេ តែប៉ះជាប្រព័ន្ធ ដោយថា បើកសិករមានបញ្ហា រដ្ឋាភិបាលក៏នឹងរងគ្រោះដោយសារវិបត្តិនេះផងដែរ។

លោកមានប្រសាសន៍ថា៖ «កសិករយើង​ត្រូវមាន​សិទ្ធិទាមទារ​ឱ្យ​រដ្ឋាភិបាលជួយអន្តរាគមន៍ហ្នឹង។​ អ៊ីចឹងបាន​សំនួរយើង​សួរ​ថា ​តើកម្ពុជាត្រូវការ​ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម​ ក្រសួងធនធានទឹកអី​ ពិសេសក្រសួងកសិកម្ម យកមកធ្វើអី​? អ្វីដែលជាតួនាទីកាតព្វកិច្ចរបស់គាត់ក្នុងការ​ជួយដល់កសិករយើង? កសិករយើងត្រូវចោទជាសំណួរហ្នឹងឱ្យ​ច្រើន​។ ហើយយើងទាមទារឱ្យរដ្ឋាភិបាល​មានគោលនយោបាយ​ទាមទារជាក់លាក់ ​ក្នុងការដោះស្រាយ​បញ្ហាការលំបាករបស់កសិករហ្នឹង»។​

ប្រធាន និងជាសហស្ថាបនិកនៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC-Association) លោក ថេង សាវឿន ជំរុញដល់​​រដ្ឋាភិបាលជួយអន្តរាគមន៍គិតគូរបន្ថយពន្ធសម្រាប់សម្ភារនិង​ជីកសិកម្ម និង​​ត្រូវគិតគូរ​រក​ទី​ផ្សារសមរម្យ​ជូនកសិករ ចៀសវាងជួប​បញ្ហាប្រឈម​នាពេលអនាគត។

លោក​ថា៖ «បើ​សិន​ជា​រដ្ឋា​ភិ​បាល​មិនបាន​អាច​ដោះ​ស្រាយ​បញ្ហា​ឱ្យ​មាន​តុល្យ​ភាព​រវាង​តម្លៃ​ទី​ផ្សារ​សម​រម្យ​ សម្រាប់​ផលិតផល​កសិកម្ម​របស់​ពួក​គាត់​ ហើយ​មិនជួយ​អន្តរាគមន៍​​ទៅ​លើ​បញ្ហា​ប្រេង​ឥន្ឋនៈ ​ឬក៏​សម្ភារ ​ឬក៏​ជី​កសិកម្មទេ ​បញ្ហា​វិស័យ​កសិកម្មហ្នឹង​អាច​ប្រឈម​ដែរ​ សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​ដែល​ធ្វើឱ្យពួក​គាត់​បោះ​បង់​មុខ​របរហ្នឹងច្រើន»។

​លោក ថេង សាវឿន បន្ថែមថា កត្តានេះវា​អាចខាត់​បង់​សេដ្ឋ​កិច្ច​ ហើយ​ធ្វើឱ្យកសិករ​ជំពាក់បំ​ណុល​ថែម​ទៀត ហើយ​ពលរដ្ឋអាចនឹង​ធ្លាក់​ខ្លួន​ក្រី​ក្រ ធ្វើ​ចំណាក​ស្រុក​ទៅ​ទី​ក្រុង​ឬ​ក្រៅ​ប្រទេស ​នៅ​ពេលមានការ​​បើក​ចំហ​ទទួលយក​ពលករ​ឱ្យទៅ​ធ្វើ​ការ​នៅ​បណ្ដា​ប្រទេសទាំងនោះ ពិសេស​ប្រទេស​ថៃ​ជា​ដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ