ប្រជាសហគមន៍មូលដ្ឋាន និយាយថា លំហូរទឹកទន្លេមេគង្គពិតជាមានការធ្លាក់ចុះ ដែលធ្វើឱ្យប៉ះពាល់ដល់មុខរបររបស់ពួកគាត់ទាំងផ្នែកកសិកម្មនិងការនេសាទ ស្របពេលរបាយការណ៍របស់គណៈកម្មាធិការទន្លេមេគង្គ (MCR) បានលើកឡើងពីលំហូរទឹកទន្លេធ្លាក់ចុះទាបរយៈពេល៣ឆ្នាំជាប់ៗគ្នា ដែលជំរុញឱ្យប្រទេសនៅតាមដងទន្លេមេគង្គទាំងអស់ត្រូវចេញវិធានការដោះស្រាយជាបន្ទាន់។
របាយការណ៍ដែលចេញកាលពីថ្ងៃទី១៣ ខែមករា ដែលវីអូឌីទើបទទួលបាន រៀបរាប់ថា លំហូរទឹកទន្លេពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ បានធ្លាក់ដល់កម្រិតមួយទាបបំផុតដែលមិនធ្លាប់មានក្នុងរយៈពេល៦០ឆ្នាំចុងក្រោយ ដែលបញ្ហានេះបណ្ដាលឱ្យប៉ះពាល់ដល់ជីវភាពកសិករ ការនេសាទ និងប្រព័ន្ធអេកូឡូស៊ី ជាដើម។ ហេតុដូច្នេះ គណៈកម្មាធិការទន្លេមេគង្គបានជំរុញឱ្យប្រទេសនៅតាមដងទន្លេមេគង្គត្រូវដោះស្រាយជាបន្ទាន់លើលំហូរទឹក និងគ្រោះរាំងស្ងួតក្នុងតំបន់។
ប្រធានបណ្ដាញសហគមន៍នេសាទ នៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង លោក គង់ ចាន់ធី មានប្រសាសន៍នៅថ្ងៃទី១៧ ខែមករានេះថា រយៈពេល៣ឆ្នាំកន្លងមកនេះ កម្រិតទឹកទន្លេមេគង្គពិតជាធ្លាក់ចុះមិនធ្លាប់មានប្រាកដមែន ពោលគឺល្បឿននៃលំហូរទឹកយឺត ធ្វើឱ្យកំណកដីកើនឡើងតាមអន្លង់មួយចំនួន។
លោកថា៖ «៣ឆ្នាំចុងក្រោយហ្នឹង ធ្វើឱ្យលំហូរទឹកធ្លាក់ចុះគំហុក ធ្លាក់ខ្លាំងជាងរាល់ៗឆ្នាំ ធ្វើឱ្យរបបទឹកទន្លេមេគង្គតំបន់ខ្លះ វាអត់ទាំងហូរចូលព្រែក ចូលអាងផង! យើងធ្លាប់តែឃើញទឹកទន្លេមេគង្គ តែខែ៨ [ខែ]៩ [ខែ]១០ហ្នឹង វាអាចហូរចូលតាមអាងតាមអី ដើម្បីស្តុកទឹកធ្វើកសិកម្ម ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំហ្នឹង ស្ទើរអត់មានហូរចូលអាងស្ដុកធំៗផង»។
លោក ចាន់ធី បន្ថែមថា ការថយចុះនៃលំហូរទឹកនេះបានជះផលប៉ះពាល់ទៅដល់ប្រភពទឹកសម្រាប់ធ្វើកសិកម្ម មិនមានលំហូរនាំយកដីល្បាប់ដែលជាដីមានជីជាតិទៅផ្នែកខាងក្រោម និងទិន្នផលត្រីធ្លាក់ចុះ ជាដើម។ លោកថា កត្តាទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋមូលដ្ឋានដែលរស់ពឹងអាស្រ័យលើទន្លេ ពិសេសកសិករនិងអ្នកនេសាទ។
ប្រធានសហគមន៍នេសាទរូបនេះស្នើឱ្យគណៈកម្មាធិការទន្លេមេគង្គ ជួយជំរុញទៅរដ្ឋាភិបាលនៅបណ្ដាប្រទេសប៉ែកខាងលើ ឱ្យបញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីបន្ថែមទៀត។
លោកថា៖ «ខ្ញុំស្នើសុំគណៈកម្មាធិការទន្លេមេគង្គទៅជំរុញទៅរដ្ឋាភិបាលឡាវ និងប្រទេសដែលសាងសង់វារីអគ្គិសនី គួរតែឱ្យបញ្ឈប់សាងសង់វារីអគ្គិសនីនៅផ្នែកខាងលើ […] យើងឃើញហើយការសាងសង់វារីអគ្គិសនីដើម្បីអភិវឌ្ឍប្រទេស ប៉ុន្តែវាចំណេញតែប្រទេសមួយឬក្រុមហ៊ុនមួយ ចុះប្រជាពលរដ្ឋរាប់លាននាក់ដែលពឹងលើរបបទឹកទន្លេមេគង្គ អ្នកឯងដោះស្រាយយ៉ាងម៉េច?»
កសិករដាំបន្លែនៅភូមិទន្សោងធ្លាក់ ស្រុកសំបូរ ខេត្តក្រចេះ លោក វ៉ន ត្រៃ បញ្ជាក់ថា ដោយសារតែផ្ទះរបស់លោកនៅជាប់មាត់ទន្លេស្រាប់ ហេតុនេះមិនចោទជាបញ្ហានោះទេ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋដែលនៅឆ្ងាយពីមាត់ទន្លេ កំពុងជួបបញ្ហាកង្វះទឹកប្រើប្រាស់ចាប់ពីខែមករាទៅ ដោយសារទឹកអណ្ដូងមិនអាចផ្ដល់បានដូចសព្វដង។
លោកថា៖ «ដល់ពេលទឹកស្រក ទឹកខះអ៊ីចឹងទៅ ខ្លះក៏គាត់ព្យាយាមតាមបាតអូរនៅពេលណាដែលវាសើមៗពេលណាជីក នៅពេលម៉ោង៤ នាំគ្នាដងហើយ។ ការពិត ប្រើអណ្ដូងពីរបី តម្រូវការប្រជាពលរដ្ឋ៣០ទៅ៤០គ្រួសារហ្នឹង អត់គ្រប់»។
លោកបន្ដថា ដើម្បីដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់នេះ អាជ្ញាធរបានជួយជីកអណ្ដូងបន្ថែម ប៉ុន្តែប្រជាពលរដ្ឋនៅតែខ្វះទឹកប្រើប្រាស់ដដែល។
សម្រាប់ការធ្លាក់ចុះនៃកម្រិតទឹកទន្លេមេគង្គវិញ កសិកររូបនេះសម្ដែងក្ដីបារម្ភថា នៅពេលដែលទឹកទន្លេចេះតែស្រកចុះពីមួយឆ្នាំទៅមួយឆ្នាំដូច្នេះ នឹងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋនៅថ្ងៃអនាគតបន្ថែមទៀត។
លោកថា៖ «ខ្ញុំមានតែសំណូមពរទៅរាជរដ្ឋាភិបាល ដើម្បីឱ្យគាត់សម្លឹងមើលទៅប្រជាកសិករដែលនៅតាមជនបទ ឬអ្នកដែលរស់នៅតាមដងទន្លេមេគង្គហ្នឹង ក្រែងមានអ្នកវិនិយោគដែលមកធ្វើទំនប់។ អ៊ីចឹងទេ សូមមេត្តាជួយនិងអាណិតដល់ប្រជាពលរដ្ឋដែលពួកគាត់អាស្រ័យផលតាមដងទន្លេហ្នឹង ជួយឱ្យគាត់អាស្រ័យផលបានស្រួលដូចកាលពីមុនអ៊ីចឹង»។
ប្រធានភូមិសំប៉ាន់លើ ស្រុកស្អាង ខេត្តកណ្ដាល លោក ឃឹម ឡេង បានលើកឡើងថា ទឹកទន្លេមេគង្គផ្នែកខាងក្រោមមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយសារមិនមានទឹកហូរចូលព្រែកនោះទេ។ លោកបន្តថា ដើម្បីឱ្យកសិករអាចយកទឹកពីទន្លេមកស្រោចស្រពដំណាំបាន ពួកគេត្រូវកាយដីប្រមាណ៥០ម៉ែត្រចុះទៅខាងក្រោមនៃទន្លេបន្ថែមទៀត។ ចំណែកឯទិន្នផលត្រីរបស់ប្រជានេសាទវិញ លោកថា ក៏បានធ្លាក់ចុះរហូតដល់ពាក់កណ្ដាលបើធៀបទិន្នផលមុនឆ្នាំ២០១៩។
លោកថា៖ «ផលប៉ះពាល់ដល់ពួកគាត់ ដោយសារត្រីអត់សូវមានទេ! ពីមុន ផុតពីរដូវវស្សាមកដល់រដូវសម្រក យើងអាចបង់សំណាញ់បាន។ឥលូវអត់ទេ អត់សូវមានហ្មង! ខុសត្រូវគ្នា៥០ភាគរយ ឬជាង៥០ភាគរយ ដោយសារប្រជាជនអត់អាចរកស៊ីបានដោយខ្លួនឯង ទាល់តែគេមានសម្ភារធំៗអ៊ីចឹង គេរកបាន តែបានក៏មិនបានច្រើនដែរ»។
នាយកប្រតិបត្តិបណ្ដាញអង្គការទន្លេបី លោក លាង ប៊ុនលាភ មានប្រសាសន៍ថា ការធ្លាក់ចុះនៃលំហូរទឹកទន្លេមេគង្គនេះធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងទន្លេ ក្នុងនោះ រួមទាំងបឹងទន្លេសាប ដីសណ្ដទន្លេមេគង្គនៅប្រទេសវៀតណាម និងការធ្លាក់ចុះនៃទិន្នផលត្រីផងដែរ។
លោកបន្តទៀតថា ក្រៅពីបម្រែបម្រួលអាកាសធាតុ ការសាងសង់ទំនប់វារីអគ្គិសនីផ្នែកខាងលើ ក៏ជាបញ្ហាចម្បងដែលធ្វើឱ្យមានការថយចុះនៃកម្រិតទឹកទន្លេមេគង្គ ខណៈដែលទំនប់វារីអគ្គិសនីនៅបណ្ដាប្រទេសមួយចំនួនកំពុងសាងសង់ ហើយខ្លះទៀតគ្រោងសាងសង់បន្ថែមទៀត។
លោកថា៖ «នេះជាហេតុផលមួយដែលនាំឱ្យយើងមានការព្រួយបារម្ភថា តទៅមុខទៀត ទន្លេមេគង្គអាចទឹកនឹងថយ ខណៈដែលយើងធ្វើទំនប់ទៅលើទន្លេមេ ទៅលើដៃទន្លេជាដើមហ្នឹង។ ហើយទំនប់នៅឡាវក៏មិនទាន់ធ្វើអស់នៅឡើយ នៅមានគម្រោងធ្វើបន្តទៅទៀត»។
លោក លាង ប៊ុនលាភ បន្ថែមថា បញ្ហាប្រឈមក្នុងពិភពលោកនោះ គឺការបម្រែបម្រួលអាកាសធាតុ ហើយរឿងថាមពលអគ្គិសនីក៏ជាតម្រូវការចាំបាច់របស់បណ្ដាប្រទេសនីមួយៗ ប៉ុន្តែក៏បានផ្ដល់ផលអវិជ្ជមានខ្លាំងចំពោះមនុស្សនិងបរិស្ថានដែរ។ ទោះជាយ៉ាងណា លោកថា ដើម្បីអាចដោះស្រាយបញ្ហានេះ រដ្ឋាភិបាលគួរតែជ្រើសរើសការប្រើប្រាស់ថាមពលដែលបានមកពីពន្លឺព្រះអាទិត្យជំនួសវិញ។
លោកថា៖ «យើងអាចប្រើថាមពលសូឡាដែលមានសក្ដានុពលខ្លាំង ហើយផ្ទៃដីខ្មែរមានផ្ទៃដីទូលាយដែរ ដោយសារយើងមានសម្បទានសេដ្ឋកិច្ចមានទូលាយជាងគេ គួរតែជ្រើសវាទុកធ្វើថាមពលដើម្បីដំណើរការសេដ្ឋកិច្ច»។
វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បាននៅឡើយទេ កាលពីថ្ងៃទី១៧ ខែមករា។
បើយោងតាមគណៈកម្មាធិការទន្លេមេគង្គ (MRC) អាងទន្លេមួយនេះត្រូវបានលាតសន្ធឹងលើដែនដីយ៉ាងធំធេងដែលមានក្រឡាផ្ទៃ ៧៩៥ ០០០គីឡូម៉ែត្រការ៉េ គិតចាប់ពីខ្ពង់រាបទីបេប្រទេសចិន រហូតដល់ដែនដីសណ្ដទន្លេមេគង្គប្រទេសវៀតណាម។ MRC បន្តថា ទន្លេមេគង្គមានប្រវែងប្រមាណ៥ ០០០គីឡូម៉ែត្រ ហើយហូរកាត់ប្រទេសចំនួន៦ រួមមាន ប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។
កាលពីខែតុលា ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy បានលើកឡើងក្នុងវេទិកាមួយដោយនិយាយថា ទន្លេមេគង្គនៅតែជាប្រភពដ៏សំខាន់ និងគ្មានអ្វីមកជំនួសបានឡើយក្នុងការផ្ដល់មុខរបរចិញ្ចឹមជីវិត អាហារូបត្ថម្ភ ត្រី ការដឹកជញ្ជូន ធារាសាស្រ្ត និងថាមពល។ សម្រាប់នៅប្រទេសកម្ពុជា ទន្លេមេគង្គបានហូរចូលទៅបឹងទន្លេសាប ហើយមនុស្សរាប់លាននាក់រស់ពឹងអាស្រ័យលើវា។
យ៉ាងនេះក្ដី លោកថា ជាការពិតណាស់ ទន្លេមេគង្គបច្ចុប្បន្នកំពុងតែមានបញ្ហាជាច្រើន ដូចជា ការសាងសង់ទំនប់វារីអគ្គិសនីនៅខ្សែទឹកខាងលើ ការបូមខ្សាច់ ការបំពុល ការអភិវឌ្ឍដែលមិនធានានិរន្តរភាព និងការប្រែប្រួលអាកាសធាតុ ជាដើម៕