ស្នងការរាជធានីភ្នំពេញ លោក ស ថេត បានអះអាងថា ឧត្ដមសេនីយ៍ឯកផ្កាយ៣ លោកឧកញ៉ា ឌួង ងៀប ត្រូវបានសមត្ថកិច្ចនាំខ្លួនបញ្ជូនទៅកាន់តុលាការនៅព្រឹកថ្ងៃចន្ទនេះ ដើម្បីអនុវត្តតាមនីតិវិធី ជុំវិញបទចោទប្រកាន់ «ឆបោក»។
លោក ស ថេត បានឱ្យVODដឹងថា ចំណាត់ការនេះធ្វើតាមដីកាបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញ។
លោកថា៖ «អនុវត្តតាមដីការបស់តុលាការ យកបានហើយមុនហ្នឹងជិត១ម៉ោង ហើយបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ឱ្យគេចាត់ចែងតាមច្បាប់ទម្លាប់របស់គេទៅ»។
VOD មិនទាន់អាចសុំការបញ្ជាក់ពីសាលាដំបូងរាជធានីភ្នំពេញ ជុំវិញការចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនលោក ឌួង ងៀប នេះបាននៅឡើយទេ នៅព្រឹកថ្ងៃចន្ទនេះ។
ប៉ុន្តែសាលាដំបូងរាជធានីភ្នំពេញ ប្រកាសក្នុងលិខិតកាលពីថ្ងៃទី១០ ខែកុម្ភៈសប្ដាហ៍មុនថា នឹងបន្តនីតិវិធីលើឧត្ដមសេនីយ៍ផ្កាយ៣ លោកឧកញ៉ា ឌួង ងៀប ដោយសម្អាងថា កុំឱ្យជនត្រូវចោទរូបនេះគេចវេះពីការទទួលខុសត្រូវចំពោះមុខច្បាប់។
ការដែលសាលាដំបូងប្រកាសជាចំហពីជំហរបែបនេះ ក្រោយពីជនត្រូវចោទជាមន្ត្រីផ្កាយ៣រូបនេះបានប្រើប្រាស់បណ្ដាញសង្គមអត្ថាធិប្បាយពីអំពើពុករលួយរបស់ចៅក្រមនៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសំណុំរឿងចោទប្រកាន់គាត់ពីបទ «ឆបោកជនជាតិតៃវ៉ាន់» និងបានអំពាវនាវរកជំនួយ ពីនាយករដ្ឋមន្ត្រីឱ្យជួយរកយុត្តិធម៌ ក្រោមហេតុផលមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។
លោកថា៖ «ចូលតុលាការម្ដង យកលុយទៅម្ដង ពេលនេះខ្ញុំអស់លុយឱ្យទៀតហើយ»។
តាមរយៈវីដេអូឃ្លីបបង្ហោះលើហ្វេសប៊ុករបស់គាត់ដែលមានរយៈពេលជាង២០នាទី លោក ឌួង ងៀប បានបញ្ជាក់ថា លោកគ្មានប្រាក់៥លានដុល្លារអាមេរិកយកទៅតម្កល់នៅតុលាការតាមការបង្គាប់របស់ចៅក្រម ជាថ្នូរនឹងមិនឃុំខ្លួននៅពន្ធនាគារនោះទេ ហើយថា លោកសុខចិត្តដើរចូលពន្ធនាគារដោយខ្លួនឯងតែម្ដង៕
សូមលោកអ្នកនាងរង់ចាំតាមដានព័ត៌មានពិស្ដារអំពីរឿងនេះនាពេលបន្តបន្ទាប់។ សូមអរគុណ