គណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងចំពោះកម្ពុជា ក្នុងការប្រើប្រាស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ជាឧបករណ៍យាយីនិងធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្ស គណបក្សប្រឆាំងនានា និងអ្នកលើកឡើងពីអំពើពុករលួយ តាមការចោទប្រកាន់ដែលខុសពីការពិត។
ការបង្ហាញក្ដីបារម្ភនេះ ធ្វើឡើងក្នុងកិច្ចប្រជុំរបស់គណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ និងត្រូវបានផ្សព្វផ្សាយសាធារណៈ ខណៈកម្ពុជាក៏បានចូលរួមផងដែរ។
គណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោកស្រី M. KRAN ថ្លែងក្នុងកិច្ចប្រជុំនោះថា សម្រាប់បញ្ហាដែលជាក្ដីកង្វល់ដ៏ធ្ងន់ធ្ងរមួយរបស់គណៈកម្មការសិទ្ធិមនុស្ស គឺអង្គភាពប្រឆាំងអំពើពុករលួយរបស់កម្ពុជា ជានិច្ចកាល តែងតែយាយីនិងធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្ស និងគណបក្សប្រឆាំងនានា។
លោកស្រី M. KRAN ថាជាឧទាហរណ៍ ក្នុងឆ្នាំ២០១៨ តុលាការបានកាត់ទោសមន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) ចំនួន៤រូប និងអតីតមន្ត្រីអាដហុកមួយរូបទៀត ឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ តាមរយៈការស៊ើបអង្កេត និងបណ្ដឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ ឬ ACU។
លោកស្រីបន្តថា៖ «ជាមួយគ្នានេះ ខ្ញុំក៏បានរកឃើញផងដែរថា សម្រាប់អ្នកផ្ដល់ព័ត៌មាន ឬសាក្សីទាំងឡាយដែលរាយការណ៍អំពីអំពើពុករលួយ គឺមិនទទួលបានការការពារនោះទេ ដែលករណីនេះអាចនឹងបង្កើតជាការភ័យខ្លាច និងការស្ទាក់ស្ទើរក្នុងការរាយការណ៍ព័ត៌មានទាំងនេះ»។
គណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានស្នើឱ្យតំណាងកម្ពុជាពន្យល់ពីជំហាននានាដែលនឹងត្រូវអនុវត្ត ដើម្បីធានាឱ្យបានថា ការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ គឺត្រូវបានធ្វើឡើងដោយស្របច្បាប់ ឯករាជ្យ មិនរងឥទ្ធិពលណាមួយ និងមិនត្រូវបានប្រើប្រាស់ដើម្បីយាយីដល់អ្នកការពារសិទ្ធិមនុស្ស ឬអ្នកដែលលើកឡើងអំពីអំពើពុករលួយនោះឡើយ។
កាលពីខែមេសា ឆ្នាំ២០១៦ អ្នកការពារសិទ្ធិមនុស្សសមាគមអាដហុកចំនួន៤រូប គឺលោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុនី ព្រមទាំងអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអតីតមន្ត្រីជាន់ខ្ពស់សមាគមអាដហុក លោក នី ចរិយា ត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ពីបទ «សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី» ក្នុងសំណុំរឿងផ្ដល់ប្រាក់ជាង២០០ដុល្លារ ទៅនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ក្នុងនាមជនរងគ្រោះដែលរត់មករកអាដហុកឱ្យជួយពេលនោះ។
ពួកគេទាំង៥នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគាព្រៃស កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ក៏ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។
យ៉ាងណា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសពួកគេដាក់ពន្ធនាគារម្នាក់ៗ ៥ឆ្នាំ ដោយត្រូវអនុវត្តក្នុងពន្ធនាគាររយៈពេល១៤ខែ និងទោសសល់ត្រូវព្យួរ។
ដោយមិនពេញចិត្តចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនេះ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ អ្នកទាំង៥រូប តាមរយៈមេធាវី បានសម្រេចដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ជំទាស់នឹងការសម្រេចនោះ។
ចាប់តាំងប្ដឹងឧទ្ធរណ៍មក សំណុំរឿងនេះក៏ស្ងាត់សូន្យ ទើបតែមានកិច្ចប្រជុំគណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដែលលើកឡើងអំពីសំណុំរឿងអ្នកការពារសិទ្ធិមនុស្សទាំង៥នាក់នេះ ក៏មានលេចចេញនូវលិខិតរបស់តំណាងអយ្យការអមសាលាឧទ្ធរណ៍ កាលពីពេលថ្មីៗនេះ ដោយអញ្ជើញមេធាវីការពារឱ្យមន្ត្រីនិងអតីតមន្ត្រីជាន់ខ្ពស់សមាគមអាដហុកទាំង៥រូប ចូលរួមសវនាការនៅថ្ងៃទី២៥ ខែមិថុនា ខាងមុខ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថា សកម្មភាពនៃការចោទប្រកាន់និងចាប់ខ្លួនមន្ត្រីអាដហុកពីសំណាក់អាជ្ញាធរកម្ពុជាពេលនោះ ត្រូវបានសហគមន៍ជាតិ-អន្តរជាតិ រិះគន់យ៉ាងខ្លាំង ដោយចាត់ទុកថាជារឿងអយុត្តិធម៌។
លោកថា៖ «ការចាប់ខ្លួនពួកយើង [មន្ត្រីអាដហុកបច្ចុប្បន្ន] ៤នាក់អ៊ីចឹងទៅ គេមើលឃើញថា ការពិត វាមិនមែនមានរឿងពាក់ព័ន្ធនឹងអំពើពុករលួយ អំពើសូកប៉ាន់សាក្សីអីហ្នឹងទេ។ ហើយគេក៏បានបង្ហាញអំពីទិន្នន័យនៃអំពើពុករលួយជាច្រើនទៀត ដែលអ្នកមានអំណាចធំៗដែលប្រព្រឹត្តអំពើពុករលួយហ្នឹង ត្រូវបានរួចខ្លួនពីសំណាញ់ច្បាប់ទៅទៀត។ ហើយចំពោះយើងៗគ្រាន់តែថា យើងធ្វើការក្នុងបេសកកម្មរបស់យើង! ហើយលុយ ២០៤ដុល្លារ ជាលុយនៅក្នុងបេសកកម្ម ជាលុយម្ចាស់ជំនួយដែលគេផ្ដល់ឱ្យត្រឹមត្រូវ មានលិខិតស្នាម ឯកសារប្រគល់ប្រាក់អីត្រឹមត្រូវ ហើយគាត់មកចោទយើងថាសូកប៉ាន់សាក្សី។ អាហ្នឹងដែលគេមើលឃើញថា វាមានភាពអយុត្តិធម៌»។
ដោយឡែក មន្រ្តីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុកមួយរូបទៀត លោកស្រី លឹម មុនី ប្រាប់ថា លោកស្រីនៅតែមានមោទកភាពដែលគណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានលើកពីករណីរបស់លោកស្រីនិងមន្ត្រីអាដហុកដទៃទៀតក្នុងកិច្ចប្រជុំដ៏សំខាន់មួយនេះ។ លោកស្រីចាត់ទុកថា អ្វីដែលលោកស្រីបានលះបង់សម្រាប់ការការពារសិទ្ធិមនុស្សជូនពលរដ្ឋកន្លងមក គឺជារឿងមានប្រយោជន៍។
លោកស្រីថា៖ «ការងារសង្គមដែលកើតឡើងកន្លងមកហ្នឹង គឺជាភារកិច្ចរបស់រដ្ឋទេ។ ហើយយើងជួយការងារហ្នឹងដល់រដ្ឋាភិបាល សមណាស់តែយើងបានទទួលនូវការលើកទឹកចិត្ត ក៏ដូចជាការលើកស្ទួយផ្នែកសិទ្ធិមនុស្ស និងការផ្ដល់សិទ្ធិដល់ពួកយើង។ តែផ្ទុយស្រឡះ បែរជាត្រូវបានការចោទប្រកាន់រហូតដល់ការផ្ដន្ទាទោស ធ្វើទុក្ខបុកម្នេញដល់ពួកយើងវិញ»។
ប្រតិភូដែលបានចូលរួមក្នុងកិច្ចប្រជុំជាមួយគណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន ថ្លែងថា គណៈកម្មការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ពិតជាបានបង្ហាញក្ដីបារម្ភពីការប្រើប្រាស់អង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើទុក្ខបុកម្នេញសកម្មជន អង្គការសង្គមស៊ីវិល។
យ៉ាងណា លោកថា ប្រតិភូកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់លាស់ទៅវិញហើយថា អង្គភាព ACU បំពេញភារកិច្ចរបស់ខ្លួនទៅតាមច្បាប់ដែលបានបញ្ញត្តិ។
លោកថា ពាក់ព័ន្ធករណីសកម្មជនស៊ីវិលខាងលើ មិនមែនជាការធ្វើទុក្ខមុកម្នេញទេ តែជាវិធានការរបស់សមត្ថកិច្ច ខណៈមានភស្តុតាងបញ្ជាក់ច្បាស់លាស់។
លោកថា៖ «វាអត់មានពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញទេ ដោយសារអ្នកទាំងនោះបានប្រព្រឹត្តល្មើសទៅនឹងផ្លូវច្បាប់។ […] គាត់ត្រូវបានរងការចោទប្រកាន់ ផ្ដន្ទាទោស មិនមែនដោយសារតែការធ្វើទុក្ខបុកម្នេញ គឺដោយសារតែគាត់ល្មើសផ្លូវច្បាប់។ ហើយប្រតិភូបានពន្យល់ពីអង្គហេតុនិងអង្គច្បាប់ បញ្ជាក់យ៉ាងច្បាស់លាស់ថា អាហ្នឹងជាអំពើល្មើសផ្អែកលើច្បាប់កម្ពុជា»។
សេចក្ដីប្រកាសព័ត៌មានរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក កាលពីម្សិលមិញ បានឱ្យដឹងថា បុគ្គលិកនិងអតីតបុគ្គលិកអាដហុកទាំង៥រូប នឹងចូលរួមសវនាការសាលាឧទ្ធរណ៍រាជធានីភ្នំពេញ តាមការកំណត់នៅថ្ងៃទី២៥ ខែមីនា ខាងមុខ។
សម្រាប់លោក នី សុខា យល់ឃើញថា ពលរដ្ឋសង្ឃឹមលើប្រព័ន្ធយុត្តិធម៌ក្នុងការដោះស្រាយបញ្ហារបស់ខ្លួន។ យ៉ាងណា ប្រសិនបើប្រព័ន្ធយុត្តិធម៌កម្ពុជាមិនឯករាជ្យ នៅរងសម្ពាធពីអ្នកនយោបាយ រងឥទ្ធិពលពីអ្នកមានអំណាច ឬក៏ប្រព័ន្ធយុត្តិធម៌នៅមានអំពើពុករលួយ នោះមិនអាចជាទីទុកចិត្តរបស់ពលរដ្ឋបានទេ៕