អ្នកធ្វើការផ្នែកវិស័យព័ត៌មានឯករាជ្យ ជំរុញទៅរដ្ឋាភិបាលឱ្យកែសម្រួលពង្រាងច្បាប់ស្ដីពី «ច្រកអ៊ីនធឺណិតជាតិ» ដើម្បីបើកលំហសេរីភាពអ្នកសារព័ត៌មាន ក្រោយពីរកឃើញថា អ្នកសារព័ត៌មានតាមប្រព័ន្ធឌីជីថល (អនឡាញ) ប្រមាណជា ៨២ភាគរយ បំពេញការងារទាំងគ្មានសុវត្ថិភាព។
ការបង្ហាញរបាយការណ៍ថ្មីនេះ ធ្វើឡើងក្នុងពិធីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះ។
មន្ត្រីគ្រប់គ្រងកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ហ៊ីម ខទៀត បានលើកឡើងថា តាមការសិក្សារួមគ្នាពីស្ថាប័នឯករាជ្យ រយៈពេលជាង២ខែចុងក្រោយនេះ បានរកឃើញថា វិស័យសារព័ត៌មានជាង៨០ភាគរយ បានប្ដូរទៅធ្វើតាមប្រព័ន្ធអនឡាញវិញ ហើយថា មានតែជាង១៩ភាគរយប៉ុណ្ណោះដែលនៅបន្តការងារតាមបែបបុរាណ។
លោកបន្ថែមថា ក្នុងការបំពេញការងារតាមប្រព័ន្ធឌីជីថលនេះ អ្នកសារព័ត៌មាន ៨២ភាគរយ ត្រូវបានរកឃើញថា បានបំពេញការងារទាំងគ្មានសុវត្ថិភាព និង៦០ភាគរយទៀតខ្លាចមានការប្ដឹងផ្ដល់ ក្រោយពីមានពង្រាងច្បាប់ស្ដីពីច្រកទ្វារអ៊ីនធឺណិតជាតិ។
លោកគូសបញ្ជាក់ថា ក្រុមអ្នកពាក់ព័ន្ធទាំងនោះបានទាមទារឱ្យរដ្ឋាភិបាលពិភាក្សាឡើងវិញទៅលើសេចក្ដីព្រាងច្បាប់ស្ដីពីច្រកទ្វារអ៊ីនធឺណិត ជាមួយភាគីពាក់ព័ន្ធ ដើម្បីធានាពីលំហសេរីភាពសារព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិត។
លោកថា៖ «យើងស្នើឱ្យមានការពិភាក្សាបន្ថែមទៀតរវាងក្រុមសង្គមស៊ីវិល និងអង្គការ និងវិស័យឯកជន អំពីផលប៉ះពាល់មួយចំនួន ជាពិសេសទៅលើពង្រាងច្បាប់ច្រកអ៊ិនធឺណិតជាតិ»។
បើតាមលោក ខទៀត ការសិក្សាស្រាវជ្រាវថ្មីនេះបានធ្វើការស្ទង់មតិតាមបណ្ដាញសង្គមទៅលើអ្នកសារព័ត៌មានដែលមានបទពិសោធន៍ចន្លោះពី ២ឆ្នាំ ទៅ១០ឆ្នាំ ចំនួន៦៧នាក់ ក្នុងនោះ ស្ត្រី ២១ភាគរយ សម្ភាសផ្ទាល់ជាមួយពលរដ្ឋអ្នកសារព័ត៌មាន សកម្មជនបរិស្ថាន មន្ត្រីសិទ្ធិមនុស្ស វិស័យឯកជន និងតំណាងអ្នកសារព័ត៌មានមកពី១៥ស្ថាប័ន។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ដែលបានចូលរួមប្រារព្ធពិធីនេះដែរ បានលើកឡើងថា ស្របពេលដែលបច្ចេកវិទ្យារីកចម្រើន ព័ត៌មានក្លែងក្លាយដែលបង្កឱ្យមានប៉ះពាល់ដល់សន្តិសុខសង្គមក៏កើតឡើងដែរ ដែលការណ៍នេះ លោកជំរុញឱ្យអ្នកសារព័ត៌មានបន្តពង្រឹងវិជ្ជាជីវៈ ដើម្បីជាឧត្ដមប្រយោជន៍សម្រាប់ពលរដ្ឋនិងសង្គមជាតិ។
មួយវិញទៀត លោកថា ក្រសួងព័ត៌មានដែលជាសេនាធិការរបស់រដ្ឋាភិបាល នៅតែរក្សាជំហរគំាទ្រ ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា ដោយអនុលោមទៅតាមច្បាប់លិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមានរបស់កម្ពុជា។
លោក មាស សុភ័ណ្ឌ ថ្លែងថា៖ «ព្រមជាមួយគ្នានោះ អ្នកសារព័ត៌មានក៏ជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងនូវតថភាពសង្គមគ្រប់ជ្រុងជ្រោយ ដើម្បីកសាងជាតិមួយប្រកបដោយភាពយុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស រក្សាបាននូវសុខសន្តិភាព និងមានការអភិវឌ្ឍយូរអង្វែង ដែលជាបំណងប្រាថ្នារួមរបស់ប្រជាជនកម្ពុជាទាំងមូល»។
បើតាមលោក មាស សុភ័ណ្ឌ បច្ចុប្បន្ន កម្ពុជាមានអង្គភាពផ្សព្វផ្សាយទាំងបែបប្រពៃណី និងតាមប្រព័ន្ធឌីជីថលមានចំនួន២ ១០០ស្ថាប័ន និងមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិសរុបជិត៦ ០០០នាក់។
ចាងហ្វាងគេហទំព័រ «កម្ពុជាថ្ងៃនេះ» ដែលក្រសួងព័ត៌មានដកអាជ្ញាបណ្ណថ្មីៗនេះ ក្រោយចេញផ្សាយពីភាពមិនប្រក្រតីនៃការដេញថ្លៃទិញសម្ភារការិយាល័យនៅក្រសួងការងារ ដែលថាធ្វើឱ្យរដ្ឋបានខាតបង់ថវិការាប់លានដុល្លារក្នុងមួយឆ្នាំៗ លោក ទូច យុទ្ធា សាទរចំពោះការបង្ហាញការតាំងចិត្តរបស់មន្ត្រីក្រសួងព័ត៌មាននេះ។
តែយ៉ាងណា លោកថា ករណីនេះមិនបានឆ្លុះបញ្ចាំងការពិតទេ ព្រោះបើអ្នកសារព័ត៌មានហ៊ានសរសេរពីបទល្មើសធនធានធម្មជាតិ រួមទំាំងអំពើពុករលួយក្នុងសង្គម ដើម្បីជំរុញតម្លាភាពសង្គមនោះ គឺពួកគេតែងប្រឈមនឹងការដកអាជ្ញាបណ្ណ ឬបញ្ចប់សុពលភាពនៃការផ្សាយ។
លោកថា៖ «ខ្ញុំនេះបានជូនដំណឹងពិតដែលអស់លោកមិនបានដឹង ខំបញ្ជូនដំណឹងទៅ មិនបានទាំងអរគុណខ្ញុំផង បែរជាមកគំរាមកំហែង មកបញ្ចប់សុពលភាពអ៊ីចឹងទៅ វាហាក់ដូចជាមិនល្អមើលទេ។ ឯណាទៅសេរីភាពសារព័ត៌មាន? លទ្ធិប្រជាធិបតេយ្យ? ភាពត្រឹមត្រូវនៃការចុះផ្សាយរបស់សារព័ត៌មាន? បើលេងតែអ៊ីចឹង! បានផ្ដល់ព័ត៌មានម៉េចពិតជូនដល់សង្គម ជូនដល់ប្រជាពលរដ្ឋ ជូនដល់ថ្នាក់ដឹកនាំ ក្នុងការសម្រេចចិត្ត? វាអត់មាន»។
យ៉ាងណា អំឡុងខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋាភិបាលបានសម្រេចពន្យារពេលអនុវត្តអនុក្រឹត្យស្ដីពី «ច្រកទ្វារអ៊ីនធឺណិតជាតិ» ក្រោមហេតុផលវិបត្តិកូវីដ-១៩។
ក៏ប៉ុន្តែក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាផ្អាកផែនការអនុវត្តអនុក្រឹត្យស្ដីពី «ច្រកទ្វារអ៊ីនធឺណិត» ដោយអះអាងថា អនុក្រឹត្យនេះមានការរឹតត្បិត ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិឯកជន និងសេរីភាពបែបប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។
អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ មើលឃើញថា អនុក្រឹត្យនេះនឹងជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរលើសេរីភាពប្រព័ន្ធអ៊ីនធឺណិត អ្នកការពារសិទ្ធិមនុស្ស និងសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដែលនឹងធ្វើឱ្យលំហសង្គមស៊ីវិលដែលមានលក្ខណៈរឹតត្បិតរួចទៅហើយនោះ កាន់តែរួមតូចទៅៗ។ បន្ថែមពីនេះ ពួកគេថា អនុក្រឹត្យនេះនឹងអនុញ្ញាតឱ្យរដ្ឋាភិបាល អាចតាមដានសកម្មភាពលើប្រព័ន្ធអ៊ីនធឺណិត ស្កាត់ចាប់យក និងត្រួតពិនិត្យការប្រាស្រ័យទាក់ទងគ្នាតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងប្រមូល រក្សាទុក និងចែករំលែកព័ត៌មានបុគ្គលរបស់អ្នកប្រើប្រាស់នីមួយៗ៕