អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អះអាងថា រដ្ឋាភិបាលមិនបានច្រានចោលនូវរាល់របាយការណ៍ដែលរកឃើញពីការធ្លាក់ចុះនូវសេរីភាពសារព័ត៌មាន ឬសេរីភាពបញ្ចេញមតិនៅកម្ពុជាឡើយ ប៉ុន្តែរដ្ឋាភិបាលនឹងពិនិត្យមើលរបាយការណ៍ទាំងនោះ ដើម្បីកែលម្អឱ្យកាន់តែប្រសើរថែមទៀត។
កូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការរងកងអង្គរក្សឪពុកផងដែរ។
ក្នុងឱកាសអបអរសាទរទិវាសេរីភាពសារព័ត៌មានសកលលោក ឆ្នាំ២០២២ លើកទី២៩ ក្រោមប្រធានបទ «សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល» នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា របាយការណ៍ធ្លាក់ចុះឬកើនឡើងនូវសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន ពេលខ្លះមិនសុក្រឹតនោះឡើយ តែអ្វីដែលសំខាន់នោះគឺទិដ្ឋភាពជាក់ស្ដែងក្នុងប្រទេស។
លោកបានចោទជាសំណួរថា តើសេរីភាពសារព័ត៌មាន និងសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជាធ្លាក់ចុះឬទេ ខណៈកម្ពុជាមានអ្នកសារព័ត៌មានអាជីពជាង៥ ០០០នាក់ ហើយពលរដ្ឋជាង១០លាននាក់កំពុងប្រើប្រាស់ហ្វេសប៊ុក ហើយប្រើទូរសព្ទឆ្លាតវៃ (Smart Phone) ដើម្បីឆ្លងឆ្លើយគ្នាដោយសេរីនោះ?
យ៉ាងណា លោកថា រដ្ឋាភិបាលមិនបានច្រានចោលនូវរាល់របាយការណ៍ទាំងនោះឡើយ ដោយថានឹងយកមកពិនិត្យមើលពីចំណុចខ្សោយនិងចំណុចខ្លាំង ដើម្បីកែលម្អឱ្យកាន់តែប្រសើរឡើង។
លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «ប៉ុន្តែសួរថាតើយើងបដិសេធចោលទេ? យើងអត់បដិសេធនូវរបាយការណ៍ យើងនឹងយកមកពិនិត្យចំណុចខ្លាំង ចំណុចខ្សោយ យើងកែទម្រង់។ ហ្នឹងបានគេហៅថាការអភិវឌ្ឍប្រទេស! ហើយការដឹកនាំរបស់រដ្ឋាភិបាលជាង៤០ឆ្នាំនេះ គឺយើងធ្វើរបៀបហ្នឹង។ យើងទទួលស្គាល់ចំណុចខ្សោយ យើងពង្រឹង ប៉ុន្តែចំណុចខ្សោយដែលមានហេតុផលច្បាស់លាស់។ ដើម្បីអ្វី? លំហ? ខ្ញុំជឿថាបងប្អូនប្រាកដជាចង់ការពារខ្លួនឯង ការពារគ្នាយើង»។
លោក ហ៊ុន ម៉ាណែត បន្ថែមថា៖ «ហើយបើគ្នាយើងមានសិទ្ធិគ្រប់គ្រាន់ត្រឹមត្រូវ គាត់ធ្វើអីត្រឹមត្រូវច្បាប់ ច្បាប់នឹងការពារ។ យើងនឹងខិតខំដោះស្រាយ បើការអនុវត្តយ៉ាងម៉េច យើងតតាំងគ្នាទៅ […] លំហនៃការដោះស្រាយបញ្ហាដោយប្រើផ្លូវច្បាប់ ដើម្បីឱ្យគ្រប់គ្នាមានសិទ្ធិសេរីភាព ជញ្ជីងតែមួយ កុំឱ្យជញ្ជីងពីរ។ រដ្ឋាភិបាល មន្ត្រី និងពលរដ្ឋ នេះគឺជាគោលការណ៍ដែលយើងត្រូវធ្វើ»។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី មើលឃើញថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត បង្ហាញពីឆន្ទៈក្នុងការផ្លាស់ប្ដូររបៀបធ្វើការរបស់មន្ត្រីរដ្ឋាភិបាល ដោយសារតែកន្លងមកមានការបដិសេធទាំងស្រុងតែម្ដងនូវរបាយការណ៍ដែលអង្គការសង្គមស៊ីវិលរកឃើញ ដោយពួកគេមិនទាន់ពិនិត្យ ឬស្រាវជ្រាវទៅលើរបាយការណ៍ទាំងនោះផង។
លោក ណុប វី មានប្រសាសន៍ថា៖ «ការលើកឡើងរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត នៅក្នុងទិវាសេរីភាពសារព័ត៌មានក្នុងឆ្នាំនេះ វាដូចការផ្ដល់ក្ដីសង្ឃឹមមួយដែរ ទោះជាមិនទាន់មានការចាត់វិធានការផ្លូវការនៅឡើយ ដែលនោះគឺជាចំណុចវិជ្ជមាន»។
លោក ណុប វី សង្កេតឃើញថា ការប្រារព្ធទិវាសេរីភាពសារព័ត៌មានសកលលោកឆ្នាំនេះ មានសកម្មភាពផុសផុល គឺដោយសារតែមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដែលហាក់ដូចជាចាប់អារម្មណ៍ពីស្ថានភាពនិងតួនាទី ព្រមទាំងឥទ្ធិពលរបស់សារព័ត៌មាន ពិសេសក្នុងយុគសម័យ ឌីជីថល (Digital)។
លោក ណុប វី បន្ថែមថា៖ «ជារួម យើងមានសុទិដ្ឋិនិយម បើសិនរដ្ឋាភិបាលផ្លាស់ប្ដូរនូវរបៀបនៃការធ្វើការនិងការទទួលយកយោបល់ ហើយយើងនឹងពង្រឹងគុណភាពនៃការផ្ដល់យោបល់បន្ថែមទៀតទៅដល់រដ្ឋាភិបាល យើងមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ខ្ញុំសង្ឃឹមថាសេរីភាពសារព័ត៌មាននឹងអាចជំរុញឱ្យមានការល្អប្រសើរឡើងសម្រាប់ឆ្នាំក្រោយបន្តទៀត»។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បានលើកឡើងថា ក្នុងនាមជាសង្គមស៊ីវិល ពេលបានឮនូវការយកចិត្តទុកដាក់និងឆន្ទៈបែបនេះ ពិតជាមានសេចក្ដីរីករាយ ត្បិតកន្លងមក រដ្ឋាភិបាលតែងច្រានចោលនូវរបាយការណ៍ ដោយលើកឡើងថា របាយការណ៍ធ្វើឡើងក្នុងចេតនាទុច្ចរិត ជាដើម។
អ្នកស្រី ចក់ សុភាព មានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថាជំហាននេះ នឹងយកចិត្តទុកដាក់សេរីភាពសារព័ត៌មានឱ្យកាន់តែមានសេរីភាព និងរួចផុតពីការផ្ដន្ទាទោសនានា»។
អ្នកស្រី ចក់ សុភាព បន្ថែមថា៖ «ការអបអរសាទរទិវាសេរីភាពសារព័ត៌មានតែមួយ គឺមិនគ្រប់គ្រាន់ទេ ចាំបាច់បំផុតគឺវិធានការជាក់ស្ដែង ដោយធានាថា អ្នកសារព័ត៌មានអាចបំពេញកាតព្វកិច្ចបានដោយសេរី មិនមានការភ័យខ្លាចឬធ្វើទុក្ខបុកម្នេញនានា រួមទាំងផ្លូវតុលាការ ជាដើម»។
អ្នកស្រីយល់ឃើញថា នាពេលអនាគតសេរីភាពសារព័ត៌មានអាចមានភាពប្រសើរឡើងឬយ៉ាងណានោះ គឺអាស្រ័យលើអ្នកសារព័ត៌មានអាចបំពេញការងារដោយគ្មានការយាយី គួបផ្សំនឹងការចូលរួមរបស់អ្នកផ្ដល់បទសម្ភាសឬផ្តល់ព័ត៌មានដោយគ្មានការភ័យខ្លាច។
កាលពីថ្ងៃទី១០ ខែមីនា មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ CCIM បានចេញរបាយការណ៍ស្តីពី «ការប្រឈមរបស់អ្នកសារព័ត៌មានឯករាជ្យប្រចាំឆ្នាំ២០២១» បានរកឃើញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា កាលពីឆ្នាំមុន កាន់តែអាក្រក់ បើប្រៀបធៀបនឹងឆ្នាំ២០២០។
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានកត់ត្រាពីការធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មានចំនួន៥១ករណី ឬស្មើនឹងអ្នកសារព័ត៌មានរងគ្រោះចំនួន៩៣នាក់ (មាន៥នាក់ជាស្ដ្រី) ក្នុងនោះ អ្នកសារព័ត៌មានចំនួន៣២នាក់ត្រូវបានចាប់ឃាត់ខ្លួន ហើយ២៤នាក់ប្រឈមបណ្ដឹងផ្លូវច្បាប់ និង១៨នាក់ទៀតអះអាងថាបានទទួលរងការគំរាមកំហែងនិងការធ្វើទុក្ខបុកម្នេញ។
ដោយឡែក កាលពីចុងខែមេសា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញសេចក្ដីថ្លែងការណ៍មួយ បានអះអាងថា សេរីភាពសារព័ត៌មានកម្ពុជាបានរងការរំលោភបំពានធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យត្រូវបានដៅជាមុខសញ្ញា។ ប្រភពដដែលបន្តថា អ្នកសារព័ត៌មានដែលធ្វើការនៅកម្ពុជាតែងរងការបំភិតបំភ័យ ឃ្លាំមើល គំរាម និងយាយីតាមប្រព័ន្ធតុលាការ ចំពោះការបំពេញការងារស្របច្បាប់របស់ខ្លួន។
ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានកត់ត្រាទុកថា មានអ្នកសារព័ត៌មានយ៉ាងហោចណាស់ចំនួន ៩នាក់ បានប្រឈមការយាយីតាមប្រព័ន្ធតុលាការ រួមមាន ការគំរាមកំហែង និងការកោះហៅពីតុលាការ រហូតដល់ការចាប់ខ្លួនតាមអំពើចិត្ត និងការផ្ដន្ទាទោសដោយហេតុផលនយោបាយ ជាដើម៕