កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានកោះហៅតំណាង និងជនជាតិដើមភាគតិចពូនងចំនួន៣នាក់ ដែលសកម្មក្នុងការការពារដីធ្លី និងធនធានធម្មជាតិ ឱ្យចូលបំភ្លឺនៅដើមសប្ដាហ៍ក្រោយនេះ ក្រោមបទចោទចំនួន៤។
ក្នុងលិខិតកោះហៅចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃអង្គភាពកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោក អៃ ចំណាប់ បានតម្រូវឱ្យអ្នកស្រី ផ្លឹក ភីរុំ, អ្នកស្រី ផ្លឹក ណារី និងលោក ខ្លើង ទុំ ដែលជាជនជាតិដើមភាគតិច ឱ្យចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ពាក់ព័ន្ធបទចោទ «មិនគោរពដីកាសម្រេច, គំរាមសម្លាប់, ប្រើហិង្សានៅលើអ្នកកាន់កាប់អចលនវត្ថុអ្នកដទៃ និងបទកំហែងយក» ដើម្បីឆ្លើយបំភ្លឺ។
លិខិតកោះហៅ បញ្ជាក់ថា ការកោះហៅតំណាងនិងជនជាតិដើមភាគតិចទាំង៣នាក់ឱ្យចូលបំភ្លឺនេះ គឺធ្វើឡើងតាមបណ្ដឹងរបស់អ្នកស្រី ត្រឿង យុន រស់នៅរាជធានីភ្នំពេញ និងតាមចំណាររបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ម៉ម វ៉ាន់ដា។
អ្នកសម្របសម្រួលជនជាតិដើមភាគតិចពូនងនៅខេត្តមណ្ឌលគិរី អ្នកស្រី ផ្លឹក ភីរុំ ប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា ពួកគាត់នឹងចូលទៅបំភ្លឺតាមដីកាកោះហៅរបស់កងរាជអាវុធហត្ថ ខណៈពួកគាត់មិនបានធ្វើខុសដូចការចោទប្រកាន់ឡើយ។
អ្នកស្រី ផ្លឹក ភីរុំ ចាត់ទុកករណីកងរាជអាវុធហត្ថកោះហៅនេះថាជារឿងអយុត្តិធម៌មួយ ដោយថា ពួកគាត់ជាជនជាតិដើមភាគតិច ខិតខំការពារដីព្រៃរបស់រដ្ឋ និងដីអាស្រ័យផលខ្លួនឯង បែរជាត្រូវបានរងបណ្ដឹង និងត្រូវបានកោះហៅដោយកងរាជអាវុធហត្ថទៅវិញ។
ជនជាតិដើមភាគតិចពូនងរូបនេះបានចោទអ្នកស្រី ត្រឿង យុន រស់នៅរាជធានីភ្នំពេញ ដែលជាដើមបណ្ដឹង ថាបានគប់គិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត លួចធ្វើបណ្ណកម្មសិទ្ធិលើដីព្រៃរបស់រដ្ឋ និងដីអាស្រ័យផលរបស់ជនជាតិដើមភាគតិច ហើយបានប្ដឹងតំណាងជនជាតិដើមភាគតិចទៅតុលាការ និងកងរាជអាវុធហត្ថថែមទៀត ក្រោយពលរដ្ឋនាំគ្នាតវ៉ាប្រឆាំងការឈូសឆាយដីធ្លីនោះ។
អ្នកស្រីបន្ថែមថា៖ «ប្លង់ដែលចេញពីភូមិឃុំលួចធ្វើនិងស៊ីញ៉េ [ចុះហត្ថលេខា] លើដីព្រៃដែលពួកខ្ញុំខំការពារនេះ វាជារឿងអយុត្តិធម៌មួយទៅហើយ ហើយប្ដឹងពួកខ្ញុំជាម្ចាស់ស្រុកម្ចាស់ដីដែលខំការពារដីធ្លីខ្លួន និងដីព្រៃរបស់រដ្ឋនេះ ទៅតុលាការថែមទៀត។ អស់ពីប្ដឹងទៅតុលាការ ឥលូវប្ដឹងពួកខ្ញុំទៅកងរាជអាវុធហត្ថថែមទៀត។ តើទាំងអស់នេះវាសមស្របនឹងនីតិវិធីដែលសមត្ថកិច្ចទាំងអស់ហ្នឹងអនុវត្តអត់? ទាំងតុលាការ និងអាជ្ញាធរ គួរតែដោះស្រាយរឿង ព្រោះយាយហ្នឹង [អ្នកស្រី ត្រឿង យុន] លួចធ្វើប្លង់ដីហ្នឹង»។
បើតាមអ្នកស្រី ផ្លឹក ភីរុំ គឺមានពលរដ្ឋជនជាតិដើមភាគតិចប្រមាណ១០នាក់ជាប់បណ្ដឹងនៅតុលាការ ក្រោយនាំគ្នាតវ៉ាប្រឆាំង អ្នកស្រី ត្រឿង យុន ឈូសឆាយដីព្រៃរបស់រដ្ឋ។
វីអូឌី មិនអាចសុំការឆ្លើយតបពីដើមបណ្ដឹង អ្នកស្រី ត្រឿង យុន បានទេ ពាក់ព័ន្ធការចោទប្រកាន់នេះ។
មេឃុំសុខដុម លោក ពៅ សុផាត មានប្រសាសន៍ថា អ្នកស្រី ត្រឿង យុន បានទៅទិញដីពីប្រជាពលរដ្ឋជនជាតិដើមភាគតិច ដោយមានឯកសារទិញលក់ត្រឹមត្រូវ។ មេឃុំរូបនេះបានចោទតំណាងជនជាតិដើមភាគតិចថា បានញុះញង់ពលរដ្ឋឱ្យទៅសាងសង់លំនៅឋានលើដីរបស់អ្នកស្រី ត្រឿង យុន ដោយខុសច្បាប់។
លោកបន្ថែមថា៖ «ដីគេ [អ្នកស្រី ត្រឿង យុន] តាំងពីយូរហើយ គាត់ទិញពីបងប្អូនជនជាតិដើមភាគតិចហ្នឹងតែម្ដង។ គាត់លក់ឱ្យគេ ហើយគាត់នាំកម្លាំងឱ្យទៅសង់ផ្ទះលើដីគេវិញ»។
មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា មានករណីច្រើនណាស់ដែលអាជ្ញាធរមូលដ្ឋានបានគប់គិតគ្នាចេញលិខិតបញ្ជាក់ការទិញលក់ដីរដ្ឋទៅឱ្យឈ្មួញ និងអ្នកមានលុយមានអំណាច ហើយពលរដ្ឋដែលតវ៉ាប្រឆាំងករណីនេះតែងតែរងបណ្ដឹងនៅតុលាការ។
មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា ករណីប្ដឹងពលរដ្ឋទៅតុលាការ ដោយសារការតវ៉ានិងការការពារដីរដ្ឋនេះ ជាការគំរាមកំហែង និងរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ។ យ៉ាងណា លោក ប៉ែន ប៊ុណ្ណារ៍ បានលើកទឹកចិត្តពលរដ្ឋឱ្យហ៊ានប្ដឹងបរិហារទៅតុលាការចំពោះករណីអាជ្ញាធរគប់គិតលក់ដីព្រៃ ដីភ្នំ និងដីបឹងរបស់រដ្ឋ។
លោកបន្ថែមថា៖ «អ្វីដែលពួកគាត់ខំការពារដីព្រៃរបស់រដ្ឋ មិនមែនមានគោលបំណងយកមកធ្វើឯកជនទេ។ អ៊ីចឹងយើងឃើញថា ការកោះរបស់កងរាជអាវុធហត្ថ និងតុលាការ ទៅលើពលរដ្ឋនោះ ជាការគំរាមកំហែងបំបាក់ស្មារតី ខណៈដែលដីព្រៃរបស់រដ្ឋកំពុងរងការទន្ទ្រានយកយ៉ាងអនាធិបតេយ្យ។ អ៊ីចឹងគួរណាស់មន្ត្រីអាជ្ញាធរពាក់ព័ន្ធយកដីរដ្ឋដែលបាត់បង់មកវិញ»។
គួររម្លឹកថា នៅចុងខែមិថុនា ឆ្នាំ២០២២នេះ តុលាការខេត្តមណ្ឌលគិរី បានកោះហៅតំណាង និងជនជាតិដើមភាគតិចពូនងចំនួន៤រូប ឱ្យចូលឆ្លើយបំភ្លឺផងដែរ ក្នុងនោះក៏មានអ្នកស្រី ផ្លឹក ភីរុំ, អ្នកស្រី ផ្លឹក ណារី, លោក ខ្លើង ទុំ និងលោក គ្រើង តុលា ទៅតាមបណ្ដឹងរបស់នាយិកាក្រុមហ៊ុនវីឡា «ឌីវេឡុបមេន ខូអិលធីឌី» ពាក់ព័ន្ធបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ដើម្បីសាកសួរជាលើកទី២៕