ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានព្រមានជាលើកដំបូងទៅលើអ្នកសារព័ត៌មានដោយដាក់ឈ្មោះក្នុងបញ្ជីខ្មៅ ប្រសិនបើរកឃើញអ្នកសារព័ត៌មាននោះលួចថតសំឡេងចេញពីបន្ទប់សវនាការ ក្នុងពេលតុលាការកំពុងបន្តនីតិវិធីជំនុំជម្រះ ទោះជារឿងក្ដីនោះជាប្រភេទរឿងក្ដីព្រហ្មទណ្ឌ ឬជាសំណុំរឿងរដ្ឋប្បវេណី។
ការប្រកាសពីវិធានផ្លូវច្បាប់នេះ ត្រូវបានលោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លើកឡើងក្នុងពេលដែលលោកទទួលការកាត់ក្ដីលើសំណុំរឿងព្រហ្មទណ្ឌប្រឆាំងលោក កឹម សុខា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។
មុនចាប់ផ្តើមបើកការជំនុំជម្រះ លោក កូយ សៅ បានព្រមានទៅអ្នកសារព័ត៌មានដោយដាក់ឈ្មោះក្នុងបញ្ជីខ្មៅ ប្រសិនបើពួកគេល្មើសនឹងបម្រាមតុលាការ តាមរយៈការលួចថតសំឡេងចេញពីបន្ទប់ជំនុំជម្រះ។
ប្រតិកម្មរបស់តុលាការរាជធានីភ្នំពេញនៅពេលនេះ ធ្វើឡើងក្រោយពីសំឡេងលោក កឹម សុខា ត្រូវបានបែកធ្លាយ ហើយត្រូវបានសារព័ត៌មានក្នុងស្រុក ដែលគេស្គាល់ថាស្និទ្ធនឹងរដ្ឋាភិបាល បានផ្សព្វផ្សាយជាសាធារណៈចេញពីបន្ទប់សវនាការ កាលពីថ្ងៃទី១៥ ខែមិថុនា។
បើតាមលោក កូយ សៅ សវនាការនេះមិនមានអ្វីជាអាថ៌កំបាំងទេ ហើយការផ្សព្វផ្សាយចេញពីបន្ទប់ជំនុំជម្រះក៏មិនខុសទាស់អ្វីដែរ ព្រោះនេះជាសវនាការសាធារណៈ។ ប៉ុន្តែលោកថា ករណីនេះជាការរំលោភទៅនឹងបញ្ជានិងនីតិវិធីដែលជាវិធានកំណត់ដោយតុលាការ។
ជុំវិញបញ្ហានេះ គេសង្កេតឃើញថា នៅក្នុងបន្ទប់ជំនុំជម្រះរបស់សាលាដំបូងរាជធានីភ្នំពេញ តុលាការបានដាក់ចេញនូវបទបញ្ជាផ្ទៃក្នុង ហើយគ្រប់ភាគីពាក់ព័ន្ធដែលមានភារកិច្ចនៅក្នុងបន្ទប់សវនាការ ត្រូវអនុវត្តដាច់ខាតតាមការណែនាំនោះ។ វិធានផ្ទៃក្នុងសម្រាប់តុលាការថ្នាក់ក្រោមនេះ គេសង្កេតឃើញមាន៧ចំណុច បិទនៅនឹងជញ្ជាំងនៃអគារសាលាដំបូងរាជធានីភ្នំពេញ ហើយចំណុចដែលហាមថតសំឡេង ថតរូបភាព និងថតជាវីដេអូ គឺនៅចំណុចទី១ មុនគេ។
បើទោះជាបែបណា ក្រោយមានបាតុភាពកើតឡើង តាមរយៈសំឡេងបែកធ្លាយរបស់លោក កឹម សុខា សន្តិសុខនៅក្នុងតុលាការត្រូវបានរឹតបន្តឹងដែលពុំធ្លាប់មានពីមុនមក សម្រាប់ការបន្តនីតិវិធីសួរដេញដោលនៅថ្ងៃបន្ទាប់។ កម្លាំងសមត្ថកិច្ចត្រូវបានដាក់ពង្រាយបន្ថែមច្រើនជាងមុន ដើម្បីត្រួតពិនិត្យទៅលើអ្នកចូលស្តាប់សវនាការ។ ចំណែកវត្ថុសង្ស័យមួយចំនួន សូម្បីសោឡានក៏ស្ថិតនៅក្នុងកម្មវត្ថុដែលត្រូវហាមឃាត់ មិនឱ្យយកចូលទៅក្នុងបន្ទប់ជំនុំជម្រះដែរ។
សម្រាប់នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី ឯកភាពថា អ្វីដែលតុលាការតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវអនុវត្តដោយសុទ្ធចិត្ត ប៉ុន្តែលោកសង្កេតឃើញការអនុវត្តនីតិវិធីនេះនៅតែមានបញ្ហា ដោយមិនឈរលើគោលការណ៍ស្មើភាពគ្នា។ បើតាមអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយរូបនេះ ស្ថាប័នដែលមានជំហរកណ្ដាលតែងត្រូវបានរឹតត្បិត ដែលផ្ទុយពីស្ថាប័នដែលគាំទ្ររដ្ឋាភិបាល។
លោកបន្តថា៖ «ការហាមប្រាម ខ្ញុំយល់ឃើញថាជាអ្វីដែលយើងគួរតែអនុវត្ត ប៉ុន្តែអ្វីដែលជាចំណុចសំខាន់ឱ្យ [អនុវត្ត] ស្មើភាពគ្នា នេះជាចំណុចទី១! ហើយចំណុចទី២ ចំពោះសវនាការសាធារណៈទាំងអស់ដែលតុលាការរៀបចំឡើង ខ្ញុំយល់ឃើញថាគួរមានការបើកទូលាយ ហើយគួរមានការសម្រួលឱ្យអ្នកសារព័ត៌មានមានភាពកាន់តែងាយស្រួល ជាជាងដាក់បម្រាមជាទូទៅគ្រប់សវនាការ ទាំងសវនាការសាធារណៈ និងសវនាការអសាធារណៈ»។
ប្រធានក្រុមអ្នកច្បាប់អមរិន្ទ្រ លោកមេធាវី សុក សំអឿន យល់ឃើញថា សេរីភាពខាងសារព័ត៌មានសម្រាប់ព្រឹត្តិការណ៍ដែលបានកើតឡើងនៅតុលាការនេះបានដើរថយក្រោយមួយកម្រិត បើធៀបនឹងស្ថានភាពដូចគ្នានេះកាលពី២៨ឆ្នាំមុន។
លោកមេធាវីបន្តថា ការយកសំឡេងនៅក្នុងបន្ទប់សវនាការមកប្រើ មិនខុសឆ្គងអ្វីទេ ប្រសិនបើសវនាការនោះជាប្រភេទសវនាការបែបសាធារណៈ។ ប៉ុន្តែលោកថា សេរីភាពនេះត្រូវកម្រិតមកចង្អៀតវិញ ដោយសារមានបញ្ញត្តិមាត្រាមួយចំនួននៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ដែលបើកផ្លូវឱ្យមានការអនុញ្ញាតពីតុលាការទើបអាចថតបាន។
បើតាមលោក សុក សំអឿន បញ្ញត្តិនៃមាត្រានេះហើយដែលជាឧបសគ្គសម្រាប់អ្នកសារព័ត៌មាន ដែលសិទ្ធិរបស់ពួកគេត្រូវបានកម្រិតក្នុងការទទួលបានព័ត៌មាននៅក្នុងបន្ទប់ជំនុំជម្រះដែលជាការជំនុំជម្រះសាធារណៈ។
លោកបន្តថា៖ «តាមពិតទៅ យ៉ាងម៉េចដែលហៅថាសវនាការសាធារណៈ បានន័យថា អ្នកណាចូលក៏បានដែរ មិនអ៊ីចឹង! ហើយអ្នកណាស្តាប់ក៏បានដែរ មិនអ៊ីចឹង! បើយើងបើកជាសាធារណៈ ខ្លាចអីគេថត។ ហើយកាលពីឆ្នាំ១៩៩៤ អ្នកកាសែតចូលពេញៗបន្ទប់សវនាការ ម៉េចមិនអីផង! ហេតុអីបានជាយើងត្រូវប្តូរសិទ្ធិហ្នឹងវិញ? អាហ្នឹងហើយដែលយើងថាដើរថយក្រោយវិញ»។
បើទោះជាមានបញ្ញត្តិមាត្រាច្បាប់នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌបែបនេះក្តី ចំពោះការអនុវត្តជាក់ស្តែងបច្ចុប្បន្ននេះ អ្នកចូលរួមស្តាប់សវនាការ ជាពិសេសរឿងក្តីធំៗទាក់ទងរឿងនយោបាយ និងអ្នកការពារសិទ្ធិមនុស្ស ជាដើម តុលាការតម្រូវឱ្យអ្នកចូលរួមត្រូវចុះឈ្មោះជាមុន។ ក្នុងករណីដែលអ្នកចង់ស្តាប់សវនាការមិនបានចុះឈ្មោះជាមុន ទោះជាសវនាការនោះធ្វើឡើងតាមបែបសាធារណៈក្តី ក៏សិទ្ធិរបស់ពួកគេត្រូវបានកម្រិត ដោយតុលាការមិនអនុញ្ញាតឱ្យពួកគេចូលរួមតាមដានសវនាការនោះឡើយ៕