អង្គការ​អន្តរជាតិ​មួយ​ជំរុញ​ឱ្យ​មាន​ការ​ការពារ​សកម្មជន​សិទ្ធិមនុស្ស​និង​សង្គមស៊ីវិល​នៅ​កម្ពុជា

ក្រុមសង្គមស៊ីវិល និងក្រុមយុវជនដែលស្រឡាញ់គាំទ្រលោកបណ្ឌិត កែម ឡី បានចូលរួមគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ចំថ្ងៃខួប៦ឆ្នាំនៃឃាតកម្មលើរូបលោក នៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) អះអាងថា ខ្លួននឹងជំរុញឱ្យទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) និងស្ថានទូតនានានៅកម្ពុជា កាន់តែសកម្មក្នុងការការពារសកម្មជនសិទ្ធិមនុស្ស និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលស្ថិតនៅក្រោមការគំរាមកំហែងពីរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន។

ការលើកឡើងនេះធ្វើឡើងបន្ទាប់ពី Human Rights Watch សង្កេតឃើញថា ប៉ុន្មានឆ្នាំមកនេះ ឃាតកម្មជាច្រើនបានកើតឡើង ក្នុងនោះ មានករណីបាញ់សម្លាប់មេដឹកនាំសហជីព តារាចម្រៀង សកម្មជនការពារបរិស្ថាន និងលោកបណ្ឌិត កែម ឡី ជាដើម តែអ្នកពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មទាំងនោះ មិនទាន់ត្រូវបានវែកមុខយកមកផ្តន្ទាទោសនៅឡើយទេ។

នាយករងប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) ថ្លែងប្រាប់វីអូឌីតាមបណ្តាញសារអេឡិចត្រូនិចអ៊ីម៉ែលថា រដ្ឋាភិបាលកម្ពុជាបានគាបសង្កត់លើសេរីភាពជាមូលដ្ឋាននៅប្រទេសនេះកាន់តែខ្លាំងឡើង។

លោកបន្តថា ស្ថានភាពសិទ្ធិមនុស្សកាន់តែអាក្រក់បែបនេះកើតឡើង ក្រោយឆ្នាំ២០១៧ នៅពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលុបបំបាត់សំឡេងក្រុមគណបក្សប្រឆាំង តាមរយៈការរំលាយគណបក្សសង្គ្រោះជាតិ រួចរៀបចំការបោះឆ្នោតដែលលោកថាជាការបោះឆ្នោតក្លែងក្លាយ និងអយុត្តិធម៌ នៅឆ្នាំ២០១៨ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈទាំងអស់នៅរដ្ឋសភា។

លោកបន្តថា ករណីសម្លាប់លោក កែម ឡី គឺជាចំណុចផ្តើមនៃភាពសកម្មរបស់បក្សកាន់អំណាចក្នុងការលុបបំបាត់សំឡេងសង្គមស៊ីវិល អ្នកនយោបាយ និងអ្នករិះគន់រដ្ឋាភិបាល។ បន្ទាប់មក រដ្ឋាភិបាលកម្ពុជាបានប្រើជំងឺកូវីដ-១៩ ជាលេសដើម្បីបន្តប្រមូលផ្តុំអំណាចក្នុងដៃ និងកាត់ទោសជនណាដែលហ៊ានរិះគន់ពួកគេ។

លោក ហ្វីល រ៉ូប៊ើតសុន និយាយថា ការកាត់ទោសក្រុមបក្សប្រឆាំង​ទ្រង់ទ្រាយធំកន្លងទៅនេះ បានបង្ហាញកាន់តែច្បាស់ថា ​សេរីភាពនៃការបញ្ចេញមតិ សង្គមស៊ីវិល ជាដើម នៅកម្ពុជា កាន់តែអាក្រក់​។

ឆ្លើយតបនឹងសំណួរដែលថាក្រៅ​ពី​ការ​អំពាវនាវ និង​ចេញសេចក្តីថ្លែងការណ៍​ផ្សេងៗ ថាតើ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch នឹងធ្វើយ៉ាងណា​ដើម្បី​រកយុត្តិធម៌ករណីឃាតកម្មអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី ​និង​ករណី​ឃាតកម្មធំៗ​ផ្សេង​ទៀតនៅកម្ពុជា លោក Phil Robertson ថា អង្គការឃ្លាំមើលសិទិ្ធមនុស្សមួយនេះនឹងដាក់សម្ពាធដល់រដ្ឋាភិបាលជុំវិញពិភពលោកតាមវិធីរបស់ខ្លួន ជាពិសេសបណ្តាប្រទេសដែលមានទំនាក់ទំនងពាណិជ្ជកម្មធំជាងគេជាមួយកម្ពុជា។

លោកដាក់សម្ពាធនោះ ដើម្បីឱ្យអន្តរជាតិ​លើកឡើងពីការព្រួយបារម្ភអំពីការធ្លាក់ចុះយ៉ាងឆាប់រហ័សនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា។

លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិរូបនេះថា៖ «ការតស៊ូមតិដែលកំពុងបន្តរបស់យើង រួមមានការជំរុញរដ្ឋាភិបាលម្ចាស់ជំនួយអភិវឌ្ឍន៍ ឱ្យចាត់វិធានការ លើកបញ្ហានៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងជំរុញឱ្យមានវិធានការបន្ថែមទៀតប្រឆាំងនឹងកម្ពុជាតាមរយៈគម្រោងពាណិជ្ជកម្ម EBA របស់សហភាពអឺរ៉ុប។ យើងក៏នឹងជំរុញឱ្យទីភ្នាក់ងារអង្គការសហប្រជាជាតិ និងស្ថានទូតនានានៅកម្ពុជា កាន់តែសកម្មក្នុងការការពារអ្នកការពារសិទ្ធិមនុស្ស និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលស្ថិតនៅក្រោមការគំរាមកំហែងពីរដ្ឋាភិបាលកម្ពុជា»។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល លោក កត្តា អ៊ន ច្រានចោលការលើកឡើងរបស់អង្គការឃ្លាំមើលសិទិ្ធមនុស្ស  Human Rights Watch ជុំវិញការចោទប្រកាន់ទាំងនេះមកលើរដ្ឋាភិបាល។

លោកថា Human Rights Watch មានទម្លាប់លាបពណ៌រដ្ឋាភិបាលកម្ពុជា និងបម្រើប្រយោជន៍នយោបាយឱ្យប្រទេសផ្សេងតែប៉ុណ្ណោះ។

លោកថា៖ «ជាទម្លាប់របស់ Human Rights Watch ហើយដែលតែងតែនិយាយអាក្រក់ លាបពណ៌ មកលើសមិទ្ធផលសិទ្ធិមនុស្សរបស់រដ្ឋាភិបាល! ហើយគឺជារឿងមួយដែល Human Rights Watch តែងតែធ្វើការងារដើរហួសឆ្ងាយពីតួនាទីរបស់ខ្លួន ឈានចូលទៅក្នុងវេទិកានយោបាយ។ ដូច្នេះហើយ Human Rights Watch នេះ ពុំមែនជាអ្នកឃ្លាំមើលសិទ្ធិមនុស្សដ៏ត្រឹមត្រូវក្នុងប្រយោជន៍មនុស្សជាតិទេ ប៉ុន្តែគឺជាអ្នកឃ្លាំមើលសិទ្ធិមនុស្សក្នុងការបម្រើប្រយោជន៍នយោបាយប្រទេសផ្សេង ប្រទេសណាមួយនោះ»។

មន្ត្រីរដ្ឋាភិបាលរូបនេះថា តាមពិត កម្ពុជាបានបើកលំហសេរីភាពគ្រប់បែបយ៉ាង និង​យកចិត្តទុកដាក់ដល់សង្គមស៊ីវិល ក៏ដូចជាសកម្មជននានាតាមក្របខណ្ឌច្បាប់តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ។

លោក កត្តា អ៊ន អះអាងថា ជាក់ស្តែង ករណីឃាតកម្មលើលោក កែម ឡី ជាដើម ជនសង្ស័យត្រូវបានចាប់ខ្លួន និងបន្តនីតិវិធីលើជនល្មើសរហូតដល់ជាប់ពន្ធនាគារអស់មួយជីវិត។

បែបនេះក្តី គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាលរូបនេះថា បើសិនជាមានភស្តុតាង មានតម្រុយណាមួយសម្រាប់សមត្ថកិច្ចក្នុងការបន្តនីតិវិធីនោះ គ្រួសារលោក កែម ឡី និងសង្គមស៊ីវិល នៅតែអាចដាក់មកតុលាការបាន។

លោក កត្តា អ៊ន ថា៖ «នៅក្នុងដំណើរការក្តី ភាគីទាំងអស់ ប្រសិនបើយើងមានភស្តុតាង ប្រសិនបើយើងមានសក្ខីកម្ម យើងសូមដាក់ជូនតុលាការ ដើម្បីតុលាការស្វែងរកនីតិវិធី ស្វែងរកដំណោះស្រាយ។ ប៉ុន្តែទាំងសមត្ថកិច្ច ទាំងតុលាការ រហូតដល់ពេលនេះ យើងស្វែងរកទៅ វាអត់មានឃើញតម្រុយណាមួយ ថាមានបុគ្គលទី៣ណាម្នាក់ដែលបញ្ជាលោក ជួប សម្លាប់ នោះទេ ក្រៅពីចម្លើយសារភាពរបស់លោក ជួប សម្លាប់ ក្រៅពីភស្តុតាង និងសាក្សីដែលយើងប្រមូលបាននៅទីកន្លែងកើតហេតុ។ ហើយជនល្មើសនេះត្រូវបានផ្តន្ទាទោសឱ្យជាប់គុកអស់មួយជីវិតទៅហើយ»។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ជាទូទៅ មុននឹងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ហ៊ានលើកឡើងដូច្នេះ លុះត្រាតែពួកគេមានកិច្ចសិក្សាស្រាវជ្រាវជាសម្អាង។

យ៉ាងណា លោកមើលឃើញថា សកម្មជនផ្នែកបរិស្ថាន តស៊ូមតិ សិទ្ធិមនុស្ស អ្នកពាក់ព័ន្ធ​លទ្ធិប្រជាធិបតេយ្យ សកម្មជនកិច្ចការបោះឆ្នោត និងសង្គមស៊ីវិលនៅកម្ពុជា តែងតែលើកឡើងថា មានបញ្ហាប្រឈម និងរងការរឹតត្បិតលើសេរីភាពជួបជុំ ការប្រមូលផ្តុំដោយសន្តិវិធី ការបញ្ចេញមតិ ជាដើម។  ​

មន្ត្រីសង្គមស៊ីវិលរូបនេះជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបើកលំហសេរីភាពឱ្យសកម្មជនទាំងនោះបំពេញការងាររបស់ពួកគេបានពេញលេញតាមរដ្ឋធម្មនុញ្ញអន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័ន បើពុំដូច្នេះទេ កម្ពុជានឹងបន្តខាតបង់ដូចដែលធ្លាប់បាត់បង់ប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប EBA ២០% នាពេលកន្លងទៅ ខណៈប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិក ក៏មិនទាន់មានការផ្តល់ឡើងវិញដល់កម្ពុជានោះដែរ។

លោកថា៖ «បើសិនជាកម្ពុជាយើងដែលជារដ្ឋភាគី យើងបានបំពេញកាតព្វកិច្ចក្នុងនាមជាប្រទេស ជារដ្ឋភាគី ដែលគោរពទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ឬបទដ្ឋានអន្តរជាតិស្តីពីសិទ្ធិមនុស្ស កម្ពុជាយើងនឹងចំណេញ។ តែបើសិនជានៅតែមានចំណុចខ្វះខាតនៃការរឹតត្បិត អ៊ីចឹងយើងព្រួយបារម្ភពីការខាតបង់បន្តទៅទៀត»។

នាយិកា​​ប្រតិបត្តិមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា រដ្ឋាភិបាលមានកាតព្វកិច្ចផ្តល់កិច្ចគាំពារដោយស្មារតីទទួលខុសខ្ពស់ចំពោះពលរដ្ឋគ្រប់រូប ជាពិសេសសកម្មជនសិទ្ធិមនុស្ស សកម្មជននយោបាយ អ្នកសារព័ត៌មាន ជាដើម ពីព្រោះពួកគេជាជនសកម្ម និងមានស្ថានភាពការងាររសើប ឬប្រឈមខ្ពស់។

យ៉ាងណា លោកស្រីថា បើសិនពួកគេរងករណីឃាតកម្ម រំលោភបំពាននានា វាជាតួនាទីរបស់រដ្ឋាភិបាលដែលចាំបាច់ត្រូវធានាពីការឈ្មុសឈ្មុលរកយុត្តិធម៌ឱ្យជនរងគ្រោះ ដោយរដ្ឋមិនត្រូវជាប់ជំពាក់នឹងនិន្នាការនយោបាយឡើយ។

បែបនេះក្តី មន្ត្រីសង្គមស៊ីវិលរូបនេះថា នៅកម្ពុជា ជាទូទៅ ករណីរងគ្រោះបែបនេះកម្រនឹងបានយុត្តិធម៌ពេញលេញណាស់ ហើយករណីខ្លះរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ទៀតផង។

លោកស្រីថា៖ «យើងឃើញថា យន្តការនៃការផ្តល់យុត្តិធម៌នៅពេលដែលសកម្មជន [សិទ្ធិមនុស្ស នយោបាយ អ្នកសារព័ត៌មាន ជាដើម] រងគ្រោះ គឺនៅមានកម្រិត។ ប៉ុន្តែនៅពេលដែលមានការចោទប្រកាន់មកលើសកម្មជនវិញ យើងឃើញហាក់ដូចជាប្រព័ន្ធយន្តការរបស់រដ្ឋាភិបាលហ្នឹងមានការដុតដៃដុតជើងទៅវិញ ក្នុងការធ្វើម៉េចពន្លឿន ឬក៏ធ្វើម៉េចឱ្យមានការផ្តន្ទាទោសចំពោះសកម្មជនទាំងអស់ហ្នឹង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ