ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុន De Heus TMH Company Limited (DH-TMH) បានចុះហត្ថលេខាលើប្រាក់កម្ចីចំនួន១៥លានដុល្លារ ដើម្បីជំរុញវិស័យចំណីសត្វនៅកម្ពុជា តាមរយៈការពង្រីកសមត្ថភាពផ្ទុក និងកែច្នៃចំណីសត្វរបស់ក្រុមហ៊ុនឯកជននេះនៅខេត្តកំពង់ស្ពឺ។
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា គម្រោងនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាចទិញវត្ថុធាតុដើមបានកាន់តែច្រើនពីម្ចាស់កសិដ្ឋានខ្នាតតូចក្នុងស្រុក ដែលអាចពង្រីកទំហំឃ្លាំង និងលទ្ធកម្មនៃម៉ាស៊ីនកែច្នៃបន្ថែម ដែលនឹងជំរុញការផលិតចំណីសត្វប្រកបដោយប្រសិទ្ធភាព។ វត្ថុធាតុដើមទាំងនោះមានដូចជា ដំណាំពោត ស្រូវ ដំឡូងមី ដែលអាចបង្កលក្ខណៈដល់ការផ្គត់ផ្គង់ការផលិតចំណីប្រកបដោយគុណភាពសម្រាប់កសិករចិញ្ចឹមបសុសត្វ និងត្រី ខណៈគម្រោងនេះក៏គាំទ្រដល់ការដំឡើងម៉ាស៊ីនសម្រាប់សម្ងួតផលិតផលពោត ដើម្បីរក្សាទុកបានយូរ និងកាត់បន្ថយហានិភ័យដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុផងដែរ។
នាយិកានៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា លោកស្រី Jyotsana Varma ឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះថា តាមរយៈការគាំទ្រនេះ នឹងធ្វើឱ្យមានភាពប្រសើរឡើងនៃជីវភាពរបស់ប្រជាកសិករកម្ពុជា ក៏ដូចជាការកាត់បន្ថយការពឹងផ្អែកលើការនាំចូលនៃចំណីសត្វពីក្រៅប្រទេសផងដែរ។
លោកស្រីថា៖ «តាមរយៈការគាំទ្រដល់ DH-TMH យើងកំពុងជួយពង្រឹងខ្សែចង្វាក់តម្លៃចំណី ធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់កសិករ ដំណាំចំណី បសុសត្វ និងត្រី ហើយគាំទ្រសកម្មភាពកសិកម្ម ដែលមាននិរន្តរភាព និងភាពធន់។ ការអភិវឌ្ឍការផ្គត់ផ្គង់ចំណីសត្វដែលមានប្រភពក្នុងស្រុក គុណភាពខ្ពស់ និងតម្លៃសមរម្យ គឺជាកត្តាសំខាន់ក្នុងការការពារសន្ដិសុខស្បៀងរបស់កម្ពុជា និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលចំណីសត្វ»។
ជាមួយគ្នានេះ នាយកប្រតិបត្តិ De Heus នៅអាស៊ី លោក Gabor Fluit បានឱ្យដឹងដែរថា De Heus-TMH បានបេ្ដជ្ញាផ្ដល់អំណាចដល់កសិករឯករាជ្យនៅកម្ពុជា តាមរយៈការផ្តោតការយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាល និងការចែករំលែកចំណេះដឹងផងដែរ។
លោកថា៖ «កិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្រ្តជាមួយ ADB រួមជាមួយនឹងការផ្ដោតការយកចិត្តទុកដាក់របស់យើងលើការបណ្ដុះបណ្ដាល និងការចែករំលែកចំណេះដឹងជាមួយបាវចនា “ចំណេះដឹងសកល-ផលជះក្នុងតំបន់” នឹងគាំទ្រនិងពន្លឿនការអភិវឌ្ឍប្រកបដោយចីរភាពនៃខ្សែចង្វាក់ផ្គត់ផ្គង់ប្រូតេអ៊ីនសម្រាប់សត្វនៅកម្ពុជា»។
គួរបញ្ជាក់ថា DH-TMH គឺជាអ្នកផលិតចំណីសត្វធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដោយមានសមត្ថភាពផលិតចំណីសត្វ១៨០ ០០០តោន និងជាក្រុមហ៊ុនដែលបណ្ដាក់ទុនរួមគ្នារវាង De Hues នៃប្រទេសហូឡង់ (ដែលជាអ្នកផ្គត់ផ្គង់ចំណីសត្វគ្រប់គ្រងដោយគ្រួសារពិភពលោក ហើយបានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួនតាំងពីឆ្នាំ១៩១១) និងក្រុមហ៊ុន TMH Company Limited នៅប្រទេសកម្ពុជា៕