ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានថ្លែងប្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថាប្រទេសទាំងពីរនឹងពង្រីកទំនាក់ទំនងទ្វេភាគីដ៏ទូលំទូលាយបន្ថែមទៀត រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងឡាយផងដែរ។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរបស់កូរ៉េខាងជើង KCNA នៅថ្ងៃចន្ទនេះ ដែលត្រូវបានយកមកចុះផ្សាយបន្តដោយដោយសារព័ត៌មាន Reuters។
តាមរយៈលិខិតផ្ញើជូនលោក គីម ជុងអ៊ុន ក្នុងឱកាសទិវារំដោះប្រទេសជាតិ ប្រធានាធិបតីរុស្ស៊ីរូបនេះបន្តថា ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរនឹងផ្ដល់ជាផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ក៏ដូចជាជួយពង្រឹងសន្តិសុខ និងស្ថិរភាពនៃឧបទ្វីបកូរ៉េ និងតំបន់អាស៊ីភាគឦសានផងដែរ។
ជាការឆ្លើយតប មេដឹកនាំកូរ៉េខាងជើងក៏បានផ្ញើលិខិតត្រលប់ទៅកាន់លោក ពូទីន វិញ ដោយលើកឡើងថា មិត្តភាពរុស្ស៊ី-កូរ៉េខាងជើង គឺត្រូវបានបង្កើតឡើងតាំងពីសង្គ្រាមលោកលើកទី២មកម្ល៉េះ។
លោកបន្ថែមថា កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ការគាំទ្រ និងសាមគ្គីភាពរវាងប្រទេសទាំងពីរចាប់តាំងពីពេលនោះមក ក៏បានឈានដល់កម្រិតថ្មីមួយ ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការទប់ស្កាត់ការគំរាមកំហែង និងការបង្កហេតុពីកងកម្លាំងយោធាអរិភាព [ដែលអាចសំដៅទៅលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន]។
ជាមួយគ្នានេះ លោក គីម ជុងអ៊ុន ក៏បានព្យាករថា កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងកូរ៉េខាងជើង នឹងរីកចម្រើន ដោយផ្អែកលើកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១៩ នៅពេលដែលលោកបានជួបជាមួយលោក ពូទីន។
គួររម្លឹកថា រុស្ស៊ីបច្ចុប្បន្នកំពុងតែឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែនតាមផ្លូវគោក ផ្លូវអាកាស និងសមុទ្រ ដោយគិតរហូតមកដល់ពេលនេះ បានឈានចូលមកដល់សប្ដាហ៍ទី២៤ហើយ។
ទាក់ទិននឹងករណីនេះ ប្រទេសកូរ៉េខាងជើងដែលមានចំនួនយោធាច្រើនជាងគេលំដាប់ទី៤នៅលើពិភពលោក កាលពីសប្ដាហ៍កន្លងទៅ ក៏បានលើកឡើងពីគម្រោងក្នុងការរៀបចំផ្ដល់កងទ័ពស្ម័គ្រចិត្តចំនួន១០ម៉ឺននាក់ទៅជួយរុស្ស៊ី ដើម្បីឱ្យប្រទេសនេះឈ្នះសង្រ្គាមលើអ៊ុយក្រែនផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន South China Morning Post៕