ប្រជាសហគមន៍ជនជាតិពូនងនៅខេត្តមណ្ឌលគិរី បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងមន្រ្តីបរិស្ថាន ឱ្យចូលរួមការពារព្រៃសហគមន៍មួយកន្លែងរបស់ពួកគេដែលកំពុងរងការកាប់បំផ្លាញជារៀងរាល់ថ្ងៃ និងចាត់វិធានការលើជនល្មើសឱ្យមានប្រសិទ្ធភាព។
ប្រជាសហគមន៍ជនជាតិពូនង ស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី អ្នកស្រី ខ្វើង ទុំ បានអះអាងថា ព្រៃសហគមន៍តំបន់ការពារធនធានធម្មជាតិឡៅកា មានទំហំ៣ ២២០ហិកតា នៅបន្តរងការកាប់បំផ្លាញ បើទោះបីជាពួកគេចុះល្បាតជាប្រចាំក្ដី។ អ្នកស្រីបន្តថា មានតែការចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ពីសំណាក់អាជ្ញាធរនោះទេ ទើបអាចការពារព្រៃសហគមន៍របស់ពួកគេបាន។
ប្រជាសហគមន៍ជនជាតិពូនងមានអាយុ៤៨ឆ្នាំរូបនេះ បានលើកឡើងថា ព្រៃឈើសហគមន៍មួយនេះបានរងការកាប់បំផ្លាញជិត១០០ហិកតាមកហើយ ប៉ុន្តែនៅមិនទាន់មានការចូលរួមពីអាជ្ញាធរនោះទេ ក្រោមហេតុផលថា ព្រៃសហគមន៍នេះអាជ្ញាធរបានប្រគល់ឱ្យប្រជាពលរដ្ឋកាន់កាប់ ដូច្នេះមិនពាក់ព័ន្ធអាជ្ញាធរទៀតនោះឡើយ។
អ្នកស្រីថា៖ «ពេលយើងចេញមកវិញ លួចកាប់ពីក្រោយ។ អ៊ីចឹងបានខ្ញុំស្នើឱ្យភូមិឃុំជួយអន្តរាគមន៍ បើតាមប្រជាសហគមន៍ ទៅមិនរួចទេ! តែមេភូមិមេឃុំថា ដីសហគមន៍ហ្នឹងគេប្រគល់ឱ្យហើយ គេ[អាជ្ញាធរមូលដ្ឋាន]ថាគេចាត់ចែងយ៉ាងម៉េចៗស្រេចតែលើសហគមន៍។ គេ[អាជ្ញាធរមូលដ្ឋាន]ថាអ៊ីចឹងណា»។
ចំណែកប្រជាសហគមន៍ជាជនជាតិពូនងម្នាក់ទៀត អ្នកស្រី ខ្មូល ចាក់ បានអះអាងថា ព្រៃសហគមន៍តំបន់ការពារធនធានធម្មជាតិឡៅកា ពិតជាមានសារៈសំខាន់សម្រាប់ពលរដ្ឋរកចំណូលប្រចាំថ្ងៃពីផលអនុផលព្រៃឈើ។ អ្នកស្រីថា ព្រៃសហគមន៍នេះមានព្រៃឈើប្រណិតដូចជា បេង នាងនួន សុក្រំ ព្រមទាំងឈើទាល ដែលជាប្រភេទដើមច្បោះជ័ររបស់ពួកគាត់ផងដែរ។
អ្នកស្រីថា៖ «នៅពេលមានបញ្ហាអ៊ីចឹង យើងស្នើមេភូមិមេឃុំជួយអន្តរាគមន៍ជាមួយយើង។ យើងទៅហាមឃាត់រហូតតើ! គេអត់ស្ដាប់យើង! ពេលយើងមកវិញ គេកាប់ទៀត»។
ប្រធានសហគមន៍តំបន់ការពារធនធានធម្មជាតិឡៅកា លោក គិ ង៉េវ បានឱ្យដឹងថា បើទោះបីជាប្រជាសហគមន៍ចុះល្បាត៣ដងក្នុងមួយខែក្ដី ប៉ុន្តែបានត្រឹមទប់ស្កាត់ប្រមាណ៧០ភាគរយប៉ុណ្ណោះ។ លោកបន្តថា កន្លងមក សហគមន៍តែងតែរាយការណ៍ទៅមន្រ្តីបរិស្ថានខេត្ត ប៉ុន្តែនៅមិនទាន់មានវិធានការឱ្យមានប្រសិទ្ធភាពនៅឡើយទេ។
លោកថា៖ «បើជួបនឹងជនល្មើសហ្នឹង ពួកខ្ញុំអាចនឹងឃាត់ យកគាត់មក។ បើគ្នាយើងត្រឹមតែម្ដងអី ពិន័យគាត់ឬណែនាំគាត់។ បើគាត់មិនស្ដាប់ទេ នឹងចាត់វិធានការនៅមន្ទីរបរិស្ថាន ហើយគាត់ប្ដឹងទៅតុលាការឬយ៉ាងណាជារឿងរបស់គាត់»។
វីអូឌី មិនអាចទាក់ទងមេភូមិឡៅកា លោក គឹម ស៊ីម និងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ បានទេ នៅថ្ងៃចន្ទនេះ។
មន្ត្រីជាន់ខ្ពស់ប្រព័ន្ធផ្សព្វផ្សាយនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ម៉ា ចិត្រា មានប្រសាសន៍ថា ការដែលអាជ្ញាធរមិនបានសហការចូលរួមការពារព្រៃឈើក្នុងសហគមន៍ ជាការមិនទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន។ យ៉ាងណា លោកស្នើឱ្យអាជ្ញាធរស្វែងរកអ្នកនៅក្រោយនៃការកាប់បំផ្លាញព្រៃសហគមន៍ពិតប្រាកដ។
លោកថា៖ «ចំណុចនេះ ខ្ញុំគិតថាជាការមិនទទួលខុសត្រូវក្នុងនាមអាជ្ញាធរដែនដី។ បើទោះបីជាតំបន់នេះត្រូវបានដាក់ចូលជាតំបន់សហគមន៍ពិតមែន ការចូលរួមរបស់អាជ្ញាធរដែនដី ពិតជាសំខាន់ណាស់ក្នុងការការពារ»។
អំឡុងពេលសម្ភាសន៍ជាមួយប្រជាសហគមន៍ អ្នករាយការណ៍ព័ត៌មានវីអូឌីបានឃើញបុរស៣នាក់កំពុងជិះម៉ូតូដឹកឈើចេញពីដីព្រៃសហគមន៍ និងបន្ថែមល្បឿននៅពេលឃើញប្រជាពលរដ្ឋសម្លឹងមើលពួកគេ។
បើយោងតាមអង្គការទិន្នន័យដើម្បីការអភិវឌ្ឍកម្ពុជាកាលពីឆ្នាំ២០១៦ ឱ្យដឹងថា សហគមន៍ព្រៃឈើនៅកម្ពុជាចំនួន៣៣៧ ដែលមានទំហំចាប់ពី១០ ហិកតា ទៅ៥ ០០០ហិកតា។ ប្រភពដដែលបន្តថា សហគមន៍ជនបទជាច្រើនរស់ពឹងផ្អែកទៅលើផលអនុផលព្រៃឈើ យ៉ាងហោចណាស់ជាផ្នែកមួយសម្រាប់ជីវភាពរស់នៅរបស់ពួកគេ រួមមាន សហគមន៍ជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី មណ្ឌលគិរី និងខេត្តផ្សេងទៀតផងដែរ៕