ប្រមុខរដ្ឋាភិបាលកម្ពុជាស្នើសុំការយោគយល់ពីបណ្ដាប្រទេសមួយចំនួន និងក្រុមហ៊ុនឯកជននៅប្រទេសទាំងនោះ ជាពិសេសសុំកុំឱ្យមានការប្ដឹងផ្ដល់ជុំវិញករណីពលករកម្ពុជាមួយចំនួនរត់ចោលការងារ ដោយសារជឿលើការឃោសនារបស់លោក ខឹម វាសនា។
កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានអំពាវនាវលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ដោយលើកឡើងថា នៅថ្ងៃទី៣០ ខែសីហានេះ ពិភពលោកនឹងត្រូវលិចលង់ដោយទឹកជំនន់ ហើយថាមានតែនៅចម្ការម្រេចរបស់លោកស្ថិតក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប តែមួយគត់ ដែលអាចជួយស្រោចស្រង់សត្វលោកនេះបាន ព្រោះលោកគឺជាព្រហ្មចុះមករក្សាមនុស្សលោក។
ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ការអំពាវនាវរបស់លោក ខឹម វាសនា បានធ្វើឱ្យពលករកម្ពុជាមួយចំនួនដែលជឿតាមគាត់ បានរត់ចោលការងារនៅក្រៅប្រទេស ហើយត្រលប់មកប្រទេសកម្ពុជាវិញ។ ករណីនេះអាចនឹងធ្វើឱ្យប៉ះពាល់ទៅដល់ដំណើរការចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនខ្លះ ហើយលោកកំពុងបារម្ភខ្លាចក្រុមហ៊ុននៅបណ្ដាប្រទេសទាំងនោះប្ដឹងទារសំណងពីរដ្ឋាភិបាលកម្ពុជា និងពលករផងដែរ។
ករណីនេះ លោក ហ៊ុន សែន បានថ្លែងសុំទោសពីបណ្ដាប្រទេសមួយចំនួន ជាពិសេសរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ជប៉ុន និងថៃ និងបានអំពាវនាវកុំឱ្យមានការដាក់ពាក្យប្ដឹងទាមទារសំណងពីរដ្ឋាភិបាលកម្ពុជា និងពលករដែលបានរត់ចោលការងារ ដោយសារចាញ់បោកការឃោសនារបស់លោក ខឹម វាសនា នេះផងដែរ។
លោកថា៖ «រឿងពលករបាត់បង់ការងារធ្វើ វាជារឿងមួយហើយ ដែលយើងសោកស្ដាយជាមួយពួកគាត់។ ប៉ុន្តែខ្ញុំនៅមានកង្វល់មួយទៀត គឺកង្វល់នៃពាក្យបណ្ដឹងនៃបណ្ដាក្រុមហ៊ុនដែលពលករបានធ្វើឱ្យខូចខាត ក្នុងការរត់ចោលការងារនៅពេលដែលពួកគេកំពុងដំណើការ ដែលខ្ញុំសុំយកឱកាសនេះ អង្វរករចំពោះរដ្ឋាភិបាលដែលទទួលពលករកម្ពុជា ហើយបោះបង់ចោលដោយខ្វះការទទួលខុសត្រូវ ខុសកិច្ចសន្យាការងារ សូមមេត្តាកុំប្ដឹង ទាំងប្ដឹងចំពោះរដ្ឋាភិបាលនិងរដ្ឋាភិបាល និងប្ដឹងចំពោះពលករដែលបានរត់ចេញនោះ»។
អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ប្រសិនបើពលករឈប់សម្រាកដោយផ្អែកតាមកិច្ចសន្យាការងារ និងមានការយល់ព្រមពីថៅកែ នោះមិនមែនជាបញ្ហាអ្វីនោះទេ ប៉ុន្តែប្រសិនបើកម្មករទាំងនោះ ឈប់សម្រាក ឬរត់ចោលការងារ ដោយមិនផ្អែកតាមកិច្ចសន្យាការងារ ឬច្បាប់ការងារនៅប្រទេសដែលពួកគេបម្រើការងារនោះទេ នោះពួកគេមិនអាចត្រលប់ទៅបំពេញការងារវិញបានឡើយ ហើយពួកគេនឹងបាត់បង់ផលប្រយោជន៍។
មន្ត្រីផ្នែកសិទ្ធិការងាររូបនេះឱ្យដឹងថា បើតាមការប៉ាន់ប្រមាណ ពលករកម្ពុជាប្រមាណ២លាននាក់បានចំណាកស្រុកទៅបម្រើការងារនៅក្រៅប្រទេស ក្នុងនោះនៅប្រទេសថៃច្រើនជាងគេ និងបន្ទាប់មកនៅប្រទេសកូរ៉េខាងត្បូង។
លោកបន្ថែមថា៖ «ប្រសិនជាគាត់មានការសុំច្បាប់ត្រឹមត្រូវ ហើយនិយោជកអនុញ្ញាតឱ្យពួកគាត់មក អ៊ីចឹងអាហ្នឹងវាអត់មានជាលក្ខខណ្ឌផ្លូវច្បាប់អីដែលគាត់ត្រូវទទួលខុសត្រូវនោះទេ។ ប៉ុន្តែបើពួកគាត់បោះបង់ការងារចោល មិនមានការអនុញ្ញាតពីនិយោជក ហើយវាផ្ទុយអំពីលក្ខខណ្ឌនៅក្នុងកិច្ចសន្យា ផ្ទុយពីច្បាប់ស្តីពីការងារនៃប្រទេសនោះ វាមានន័យថា អាហ្នឹងគេអាចចាត់ថ្នាក់នៃកំហុសធ្ងន់។ អ៊ីចឹងភាពនៃការទទួលខុសត្រូវ អាហ្នឹងពួកគាត់ជាអ្នកសម្រេចចិត្ត! ផលប៉ះពាល់ណាមួយ អាហ្នឹងពួកគាត់ក៏ជាអ្នកទទួលខុសត្រូវដែរ»។
គេសង្កេតឃើញថា ចាប់តាំងពីមានការអំពាវនាវរបស់លោក ខឹម វាសនា គឺអ្នកដែលជឿជាក់និងអ្នកស្មោះស្ម័គ្ររបស់លោក មិនថានៅកម្ពុជាទេ សូម្បីពលករកំពុងបម្រើការនៅប្រទេសកូរ៉េខាងត្បូង ជប៉ុន និងថៃ ជាដើម បានសម្រុកចូលមកកម្ពុជាជាបន្តបន្ទាប់។ សេចក្តីរាយការណ៍នានាពីសារព័ត៌មានក្នុងស្រុកដែលដកស្រង់សម្ដីពីអាជ្ញាធរ បានឱ្យដឹងថា អ្នកដែលគាំទ្រមេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរូបនេះ បានមកស្នាក់នៅដីចម្ការម្រេចរបស់លោក ខឹម វាសនា ប្រមាណជិត២ម៉ឺននាក់។
ប៉ុន្តែយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសមិនចាត់វិធានការលើលោក ខឹម វាសនា ឬប្រើប្រាស់កម្លាំងបង្ក្រាបណាមួយទៅលើការប្រមូលផ្ដុំពលរដ្ឋដែលជាអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅតំបន់ភ្នំគូលេន ខេត្តសៀមរាប នេះឡើយ ដោយបារម្ភខ្លាចចូលអន្ទាក់នយោបាយ បើទោះបីលោករងការជេរប្រមាថពីសំណាក់លោក ខឹម វាសនា ក៏យ៉ាងណាដោយ៕