ប្រជាសហគមន៍បានឱ្យដឹងថា ទាហាននៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក ចាប់ផ្ដើមធ្វើសកម្មភាពឈូសឆាយរំលោភបំពានដីសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» ស្ថិតនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាថ្មីទៀត ខណៈអាជ្ញាធរបានកាត់ឆ្វៀលដីនោះឱ្យទៅប្រជាសហគមន៍រួចទៅហើយ។
កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង២៦០ហិកតា (២៦២,២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋចំនួន៤១គ្រួសារ សម្រាប់ធ្វើលំនៅឋាន និងបង្កបង្កើនផល។
ក្រោយមានអនុក្រឹត្យនេះ ក្រុមទាហានបានដាក់គ្រឿងចក្រធ្វើសកម្មភាពឈូសឆាយដីព្រៃនៅតំបន់ភូមិសាស្ត្រភូមិពោធិ៍មាស ប៉ុន្តែត្រូវបានពលរដ្ឋរាប់រយនាក់តវ៉ាប្រឆាំង ដោយថា ការឈូសឆាយនោះបានប៉ះពាល់ដល់ដីព្រៃ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» អស់រាប់រយហិកតា ហើយក្រុមទាហានបានផ្អាកសកម្មភាពវិញ បន្ទាប់ពីអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ចុះទៅសម្របសម្រួលដោះស្រាយ និងកាត់ឆ្វៀលឱ្យប្រជាសហគមន៍វិញ។
សមាជិកសហគមន៍ឧត្ដមស្រែពស់ លោក ខន សារិទ្ធិ ប្រាប់វីអូឌីនៅអង្គារនេះថា កាលពីចុងសប្ដាហ៍នេះ ទាហានបានដាក់គ្រឿងចក្រធ្វើសកម្មភាពឈូសឆាយព្រៃ និងកាយក្រវាត់ព្រំដីសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» ជាថ្មីទៀត ដោយគ្មានការជួយទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ។
សមាជិកសហគមន៍រូបនេះអះអាងថា ការឈូសឆាយដីព្រៃរបស់ក្រុមទាហាននាពេលកន្លងមកនេះ បានឈូសឆាយហួសពីដីកំណត់ក្នុងអនុក្រឹត្យជិត៣០ហិកតា។
លោកបន្ថែមថា៖ «អ្នកដាក់គ្រឿងចក្រកាយក្រវាត់ព្រំហ្នឹង ជាទាហាន គាត់ឈ្មោះធី! ពីមុនមក គាត់ហ្នឹងហើយជាអ្នកខាងប្រើហិង្សា ចាប់យកទូរសព្ទ គំរាមកំហែងបាញ់ វាយតប់លើប្រជាសហគមន៍ហ្នឹង គឺគាត់ហ្នឹងហើយអ្នកដឹកនាំក្មេងៗឱ្យប្រើហិង្សាលើពលរដ្ឋ គឺគាត់ហ្នឹង! ឥលូវក្មេងទាំងអស់ហ្នឹងបានរត់អស់ហើយ ក្រោយបាញ់គោយន្តគេ។ ឥលូវនៅតែគាត់ម្នាក់ឯងទេ»។
សមាជិកសហគមន៍ម្នាក់ទៀត លោក ឈួន ខឿន ឱ្យដឹងថា ជម្លោះដីធ្លីរវាងសហគមន៍ និងភាគីទាហានដែលទទួលបានដីសម្បទានសង្គមកិច្ចពីរដ្ឋនៅតំបន់នោះ គឺពុំទាន់បានដោះស្រាយចប់នៅឡើយទេរហូតមកដល់ពេលនេះ បើទោះបីជាក្រសួងមហាផ្ទៃចេញលិខិតបញ្ជាទៅរដ្ឋបាលខេត្តកំពង់ស្ពឺឱ្យដោះស្រាយបញ្ចប់វិវាទដីធ្លីនេះក៏ដោយ។
សមាជិកសហគមន៍រូបនេះបន្តថា កន្លងមក អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ធ្លាប់បានចុះទៅពិនិត្យមើលដល់ទីតាំងជម្លោះជាក់ស្តែង ហើយលោកសន្យាជួយដោះស្រាយដោយកំណត់ព្រំប្រទល់រវាងដីសហគមន៍ និងទាហានឱ្យបានច្បាស់លាស់ផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំមានដំណោះស្រាយនោះឡើយ។
លោកបន្ថែមថា៖ «ខាងក្រសួងមហាផ្ទៃបានដាក់ចំណាត់ការឱ្យខាងរដ្ឋបាលខេត្តកំពង់ស្ពឺចុះដោះស្រាយ ប៉ុន្តែរហូតមកដល់ពេលនេះ មិនឃើញចុះមកផង ស្ងាត់ច្រៀប។ ថ្ងៃមុននេះ ទាហានបានដាក់គ្រឿងចក្រមកឈូសឆាយទៀត ប៉ុន្តែខាងសហគមន៍យើងបានចុះទៅហាមឃាត់ ហើយទាហានបានផ្អាកទៅវិញ»។
វីអូឌី មិនអាចស្វែងរកប្រភពទាក់ទងពលរដ្ឋឈ្មោះ ធី ដែលប្រជាសហគមន៍អះអាងថាជាទាហានដឹកនាំសកម្មភាពឈូសឆាយដីរំលោភដីសហគមន៍ឧត្តមស្រែពស់ បានឡើយ នៅថ្ងៃទី២៩ ខែវិច្ឆិកា។
ក្រោយទទួលបានសំណើសុំអន្តរាគមន៍ពីប្រជាសហគមន៍ឧត្តមស្រែពស់ និងព្រៃមេត្តាធម្មជាតិ គឺរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង តាមរយៈលិខិតកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានបញ្ជាទៅអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ឱ្យចាត់ចែងមន្ត្រីចុះសិក្សាស្រាវជ្រាវពិនិត្យ និងដោះស្រាយបញ្ហាជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងអតីតបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងបក្ខពួក ដោយផ្អែកលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានចែងជាធរមាន ហើយឆ្លើយតបទៅប្រជាពលរដ្ឋវិញ។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍ថា លោកមិនទាន់បានដឹងថាទាហានធ្វើសកម្មភាពឈូសឆាយប៉ះពាល់លើដីសហគមន៍ជាថ្មីទៀតនោះទេ។ លោកថា ភាពយឺតយ៉ាវក្នុងការដោះស្រាយបញ្ចប់វិវាទដីធ្លីនេះ ដោយសាររដ្ឋបាលខេត្តកំពុងខ្វះថវិកា ឬខ្វះបង្គោលរបងសម្រាប់បោះកំណត់ព្រំរវាងដីសហគមន៍ និងដីទាហាន។ យ៉ាងណា លោកថា លោកនឹងខិតខំដោះស្រាយបញ្ចប់ករណីនេះឱ្យបានឆាប់។
លោក វ៉ី សំណាង បានអំពាវនាវដល់សប្បុរសជន ឬអ្នកស្រឡាញ់ធនធានធម្មជាតិ ជួយជាថវិកា ឬបង្គោលព្រំដល់ប្រជាសហគមន៍សម្រាប់បោះការពារដីព្រៃសហគមន៍ឧត្តមស្រែពស់ និងព្រៃមេត្តាធម្មជាតិ ដើម្បីឈានទៅរកការបញ្ចប់ជម្លោះដីធ្លីនេះឱ្យបានឆាប់។
លោកបន្ថែមថា៖ «យើងធ្វើការ វាមានជំហានរបស់វាក្នុងការអនុវត្តការងារនីមួយៗ ហើយខ្ញុំនិយាយប៉ុន្មានដងហើយ ដោយខ្ញុំអំពាវនាវតាមរយៈវីអូឌីហ្នឹងឱ្យជួយរកអ្នកដែលគាត់មានលទ្ធភាព ឱ្យជួយធ្វើបង្គោលព្រំព្រៃមក។ ខ្ញុំនឹងបញ្ជូនក្រុមការងារខ្ញុំទៅជួយបោះបង្គោលជាមួយសហគមន៍ ព្រោះយើងគ្មានអីក្រៅពីបញ្ជូនអ្នកបច្ចេកទេសទៅជួយគាត់ទេ ប៉ុន្តែថវិកា យើងអត់មានទេ»។
បើតាមអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ឱ្យដឹងថា លោកកាត់ឆ្វៀលដីទំហំ ៨៨៧ហិកតា ទៅឱ្យប្រជាសហគមន៍ការពារ និងអាស្រ័យផល។
កាលពីថ្ងៃទី៣ និងទី៤ ខែកញ្ញា ឆ្នាំ២០២២ អង្គការសង្គមស៊ីវិលចំនួន១១ស្ថាប័នបាននាំយកកូនឈើជាង១ ១០០ដើមទៅដាំនៅសហគមន៍ឧត្តមស្រែពស់ និងព្រៃមេត្តាធម្មជាតិ ខណៈអាជ្ញាធរមិនទាន់ដោះស្រាយបញ្ចប់ជម្លោះរវាងដីសហគមន៍ និងក្រុមទាហាននៅឡើយ៕