កូដករ​ណាហ្គា​នៅតែ​បន្ត​ការ​តវ៉ា​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ ខណៈ​វិវាទ​ការងារ​នេះ​ឈាន​ចូល​រយៈពេល​មួយឆ្នាំ

កូដករជាស្ត្រីម្នាក់ឈរយំ នៅមុខរបាំងការពារដោយកងកម្លាំង អំឡុងពេលក្រុមកូដករទាំងនោះតវ៉ាទាមទារដំណោះស្រាយការងារ នៅក្បែរក្រុមហ៊ុនណាហ្គាវើលដ៍​ រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

រយៈពេលមួយឆ្នាំមកហើយ​ សកម្មភាពតវ៉ា​​នៅមុខ​ក្រុមហ៊ុនណាហ្គាវើលដ៍ ​ស្ទើរ​តែ​ក្លាយជា​រឿងដែលសាមញ្ញ​​មួយ​ទៅ​ហើយ ខណៈក្រុមកូដករ​បានប្រមូលផ្ដុំគ្នាស្រែកតវ៉ាតាំង​ពី​ព្រឹក​ដល់​ពេលរសៀល ដោយ​​ត្រូវ​ប្រឈម​មុខ​នឹង​ក្រុម​មន្ត្រី​ប្រដាប់​អាវុធ។

អំឡុងពេលមួយឆ្នាំមុន គឺជាពេលដែល​ពួក​គេនៅមិនទាន់​ជួប​ប្រទះ​នឹង​អំពើ​ហិង្សា ការ​ចាប់​ដាក់​ពន្ធនាគារ ការ​សាកសួរ​នៅ​តុលាការ ការ​រារាំង​ពី​ក្រុមហ៊ុន អាជ្ញាធររាជធានី និង​រដ្ឋាភិបាលនៅឡើយ។

ជាទូទៅ ក្រុមអ្នកតវ៉ានៅពេលនោះ បានធ្វើការប្រមូលផ្តុំគ្នាក្នុងឯកសណ្ឋានការងារតាមផ្នែកផ្សេងៗរបស់ពួកគេ ខណៈពួក​គេ​បាន​រៀប​ចំ​ជា​ក្រុមផ្សេងៗ ដោយដាក់​វេន​គ្នា​ច្រៀង រាំ និង​ស្រែកតវ៉ាទាមទារក្រោម​ស្មារតី​សាមគ្គីភាព។

ទោះជាយ៉ាងណា សមាជិក២ ៥០០នាក់របស់សហជីពកាស៊ីណូ មិនមែនសុទ្ធសឹងតែបានធ្វើបាតុកម្មទាំងអស់ទេ។

បើ​ទោះ​បី​ជា​មាន​ការរារាំងដោយមន្ត្រីយ៉ាងណា​ក៏​ដោយ ​ការ​ប្រមូល​ផ្តុំ​នានាដែលធ្វើឡើងកាលពីពេលដំបូងៗ​នៅ​កណ្ដាល​រាជធានី​​ភ្នំពេញ យ៉ាងហោចណាស់ ក៏​​​មាន​ការចូលរួមដោយមនុស្ស​រាប់​រយ​​នាក់ ដែល​ក្នុង​នោះមា​ន​ពេល​មួយ បាតុកម្មក៏​​បាន​ទាញ​អ្នក​ចូល​រួមរហូតដល់ទៅ​ប្រមាណជា១ ០០០​​នាក់ផង​ដែរ។

កូដករណាហ្គាវើលដ៍ ប៉ះទង្គិចជាមួយនឹងកងកម្លាំងការពារ អំឡុងពេលក្រុមកូដករទាំងនោះតវ៉ាទាមទារដំណោះស្រាយការងារ នៅក្បែរក្រុមហ៊ុនណាហ្គាវើលដ៍​ រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។
កូដករណាហ្គាវើលដ៍ ប៉ះទង្គិចជាមួយនឹងកងកម្លាំងការពារ អំឡុងពេលក្រុមកូដករទាំងនោះតវ៉ាទាមទារដំណោះស្រាយការងារ នៅក្បែរក្រុមហ៊ុនណាហ្គាវើលដ៍​ រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គួរ​បញ្ជាក់ថា សហជីពជាង ១ ១០០​នាក់ ត្រូវបានបណ្ដេញចេញក្នុងការបញ្ឈប់ពីការងារដែល​ផ្ដោត​គោល​​ដៅ​លើមេ​ដឹកនាំ ដែលពួកគេទាំងនោះភាគច្រើនមិនបានធ្វើការ ឬជួបគ្នាឡើយ ក្នុងអំឡុងពេលដែលមានការឆ្លងរីករាលដាលធ្ងន់ធ្ងរនៃវីរុសកូវីដ-១៩។

ក្នុងរយៈពេលបន្ត​បន្ទាប់​មក ការតវ៉ាក៏បានវិវត្តកាន់តែក្ដៅឡើង​ពីមួយដំណាក់កាលទៅមួយដំណាក់កាល ក្នុងនោះក៏មានករណីក្រុមសហជីពដែលមានចំនួនប្រមាណជា ១០០​នាក់ អំពាវនាវឱ្យមានការដោះលែងប្រធានសហជីពរបស់ពួកគេដែលកំពុងជាប់ពន្ធនាគារផងដែរ។

ទាក់ទិននឹងករណីនេះ អ្នកស្រី សោម ច័ន្ទលក្ខិណា អាយុ៣៧​ឆ្នាំ ដែលបម្រើការជាបុគ្គលិកផ្នែកចែកបៀរ នៅក្រុមហ៊ុនណាហ្គាវើលដ៍ អស់រយៈពេល១២​ឆ្នាំ បាន​លើក​ឡើង​ថា៖ «ខ្ញុំមិនដែលគិតថា ការតវ៉ានេះនឹង​អូស​បន្លាយ​ក្នុង​រយៈ​ពេល​យូរ​យ៉ាង​ដូច្នេះ​ឡើយ។ ជីវិតរបស់ខ្ញុំត្រូវបានផ្លាស់ប្តូរ ខណៈខ្ញុំ​បាន​ជួប​ប្រទះ​រឿងរ៉ាវផ្សេងៗគ្នា​ជា​ច្រើន។ អរគុណណាហ្គាវើលដ៍ ដែលបង្ហាញឱ្យយើងឃើញពីភាពអយុត្តិធម៌នៃសង្គម»។

មិនមែនមានតែអ្នកស្រី ច័ន្ទលក្ខិណា និង​សហការី​របស់ខ្លួននោះទេដែលជួបប្រទះស្ថានភាពនេះ ករណីស្រដៀងគ្នានេះក៏ត្រូវបានមើលឃើញថា​កើតឡើងនៅលើវិស័យរោងចក្រ ទេសចរណ៍ និង​បុគ្គលិក​បម្រើការក្នុងសេវាសាធារណៈរបស់រាជធានីផងដែរ​។

ការ​បង្ក្រាប​កើន​ឡើង

កូដកម្មណាហ្គាវើលដ៍ បានចាប់ផ្តើម​​ដំបូង​កាលពីថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្រោយមានករណីនៃ​ការ​បញ្ឈប់​សហជីព ​ស្របពេលដែលបុគ្គលិកយ៉ាងច្រើននៃកាស៊ីណូដ៏ល្បីឈ្មោះមួយនេះក៏ត្រូវបានបញ្ឈប់​ផង​ដែរ។

កូដករណាហ្គាវើលដ៍បន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុន ដោយគ្មានការរារាំងពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ស្របពេលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) មកតាមដានមើលស្ថានភាពតវ៉ាដោយផ្ទាល់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។
កូដករណាហ្គាវើលដ៍បន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុន ដោយគ្មានការរារាំងពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ស្របពេលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) មកតាមដានមើលស្ថានភាពតវ៉ាដោយផ្ទាល់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ជាមួយគ្នានេះ អាជ្ញាធរ​​រាជធានីភ្នំពេញបាន​​លើក​ឡើង​ថា សកម្មភាពរបស់ក្រុមបាតុករគឺជារឿងខុសច្បាប់ និងចាត់ទុកពួកគេថាជាឧក្រិដ្ឋជនដោយប្រើប្រាស់ដីការបស់តុលាការ។

មន្ត្រីទាំងនោះ​ក៏បានស្រែកជូនដំណឹង​ទៅកាន់ក្រុមបាតុករតាមមេក្រូថា កូដកម្មរបស់ពួកគេគឺជារឿ​ង​ខុស​​ច្បាប់ ខណៈខ្លួនក៏បានព្រមានបុគ្គលិកផ្សេងទៀតកុំឱ្យចូលរួមសកម្មភាពតវ៉ា​នេះផងដែរ។

នៅក្នុងរសៀលថ្ងៃដដែលនោះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បានប្រកាសថា ការជួបជុំនេះគឺបានរំលោភលើវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩។

ទោះជាយ៉ាងណា ការប្រមូលផ្តុំនៅតែបន្តធ្វើឡើងជា​បន្តបន្ទាប់ បើទោះ​បី​ជា​សម្ពាធត្រូវបានដាក់​លើ​កូដ​ករ​​​ក៏​​ដោយ។

នៅ​​ថ្ងៃទី១៩ ខែ​ធ្នូ ឆ្នាំ​២០២១

ជាការ​ឈានចូលមកដល់ថ្ងៃទី២ នៃការធ្វើកូដកម្ម អាជ្ញាធរបានចាប់បិទផ្លូវជុំវិញកាស៊ីណូក្នុងរាជធានីភ្នំពេញ ដើម្បីរារាំងអ្នកតវ៉ាមិនឱ្យចូលទៅកៀកទីតាំងកាស៊ីណូណាហ្គាវើលដ៍។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ក៏បានបង្ហោះសារ​នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន​ថា ក្រុមបាតុករកំពុងតែប្រើតាក់តិច «បដិវត្តន៍ពណ៌» តាមរយៈ​ការ​ប្រើ​ប្រាស់​ស្ត្រី​មាន​ផ្ទៃពោះ ​ដើម្បី​ចូល​រួម​តវ៉ា ឱ្យពួកគេទាំ​ងនោះមាន​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ណាមួយ ក្នុងគោលបំណងដើម្បីធ្វើឱ្យគេ​​មើលទៅ​អាជ្ញាធរជាមនុស្សអាក្រក់។ ការថ្លែងរបស់អ្នកនាំពាក្យរូបនេះហាក់ចង់លើកឡើងពីការ​ជ្រៀត​ជ្រែក​​​ពី​បរទេស និង​ជា​​ភាសា​​ឆ្លុះ​បញ្ចាំង​ដែល​រដ្ឋាភិបាល​បាន​ប្រើ​​ដើម្បី​បង្ហាញ​ពី​ភាពត្រឹមត្រូវរបស់ខ្លួន​នៃ​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ។

សមាជិកនៃក្រុមកូដករណាហ្គាវើលដ៍ម្នាក់បាក់ធ្មេញដួលសន្លប់ អំឡុងពួកគេបន្តសកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។
សមាជិកនៃក្រុមកូដករណាហ្គាវើលដ៍ម្នាក់បាក់ធ្មេញដួលសន្លប់ អំឡុងពួកគេបន្តសកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ២០២១

កងកម្លាំង​បាន​សម្រុក​ចូល​ទៅ​ក្នុង​ការ​ជួប​ជុំ​របស់​កម្មករ​អំឡុងពេល​យប់​ ​ដោយ​រារាំង​បាតុករ​មិន​ឱ្យ​ចាកចេញទៅណា ក្នុងនោះ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ជាង១០០​នាក់ ​ប្រដាប់ដោយ​ខែល ​​ដំបង និងមួយចំនួនមានកាំភ្លើងក្នុងដៃ ក៏ត្រូវបានដាក់ពង្រាយនៅទីតាំងផងដែរ។

ជាមួយគ្នានេះ សហជីពចំនួន៩នាក់ត្រូវបានចាប់ខ្លួនពីការិយាល័យសហជីព និងទីតាំងផ្សេងទៀត ខណៈអ្នកតវ៉ាបានប្រមូលផ្តុំគ្នា ដើម្បីការពារសហជីពរបស់ពួកគេពីការចាប់ខ្លួនបន្ថែមទៀត។

ទាក់ទិននឹងករណីនេះ កម្មករបានចាត់ទុកយប់នោះ​ថាជាពេលវេលាដ៏សំខាន់មួយ ដោយពួកគេដឹងថា ខ្លួន​មិនមែនត្រឹមតែប្រឆាំងនឹងនិយោជក​កាស៊ីណូរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឆាំងដល់ស្ថាប័នរដ្ឋផង​ដែរ។

នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ២០២២

ក្នុងរយៈពេល៤ថ្ងៃក្រោយមក ប្រធានសហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ ​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ គឺ​កញ្ញា ឈឹម ស៊ីថរ ដែលបានព្យាយាមចូលរួមក្នុងបាតុកម្មប្រចាំថ្ងៃ ត្រូវ​បាន​អាជ្ញាធរ​ជា​ច្រើន​នាក់ព្រួត​គ្នា​ចាប់​ឃាត់​ខ្លួន ហើយទាញចូលក្នុងរថយន្តមួយ ដោយកញ្ញានៅពេលនោះត្រូវបានចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យ​មានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

បើទោះ​បី​ជា​ការ​ប្រមូល​ផ្តុំត្រូវ​បាន​រុញច្រាន​ឱ្យនៅ​ឆ្ងាយ​ពីទីតាំងកាស៊ីណូណាហ្គាវើលដ៍យ៉ាណាក៏ដោយ ក៏​ការ​តវ៉ា​នៅតែ​បន្តធ្វើឡើង​ជា​រៀង​រាល់​ថ្ងៃ​ ក្នុងអំឡុង​ខែ​មករា។

កាលពីថ្ងៃសុក្រ ទី៤ ខែកុម្ភៈ ឆ្នាំ២០២២ មន្ត្រីផ្នែកសុខាភិបាលបានទៅកាន់កន្លែង​ជួបជុំរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដោយពួកគេបាន​រារាំង​បាតុករប្រមាណជា ៣៥០​នាក់ មិនឱ្យ​ចាក​ចេញ​ទៅណា លុះត្រាតែពួកគេទាំងអស់នោះឆ្លងកាត់ការធ្វើតេស្តរកវីរុសកូវីដ-១៩ ជាមុនសិន។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនកូដ​ករ​បន្ថែម​ទៀត ហើយមន្ត្រីសុខាភិបាលនៅពេលនោះក៏បាន​បញ្ជា​ឱ្យ​កូដករ​​​ទាំង​អស់​ដាក់ខ្លួនឯងនៅដាច់ដោយឡែកក្នុងរយៈពេល៧ថ្ងៃផងដែរ។

កូដករ​​ទាំងនោះបានធ្វើតាមការណែនាំ ប៉ុន្តែនៅពេលដែលពួកគេផុតបម្រាម ហើយត្រលប់មកតវ៉ាសាជាថ្មីម្ដងទៀត អាជ្ញាធរក៏ស្រាប់តែបង្ខំពួកគេឱ្យឡើងលើរថយន្តក្រុង និងនាំពួកគេទៅកាន់មណ្ឌលចត្តាឡីស័ក។ នេះគឺជាការអនុវត្តមួយដែលធ្វើឡើងដដែលៗ​អស់រយៈពេលជាច្រើនខែ ដែលក្នុងនោះ គឺក្រុមអ្នក​តវ៉ា​តែងតែត្រូវបានសមត្ថកិច្ចចាប់មកប្រមូលផ្តុំនៅជិតទីតាំងកាស៊ីណូណាហ្គាវើលដ៍ ហើយដឹកពួកគេតាមរយៈរថយន្តក្រុងទៅកាន់តំបន់ជាយក្រុង ដែលមានពេលខ្លះ ពួកគេក៏ត្រូវបានជាប់នៅទីតាំងនោះ​​បណ្ដោះ​អាសន្ន​​​ នៅ​ទី​កន្លែង​ដែល​សមត្ថកិច្ច​ដាក់​ពួកគេ​នោះផងដែរ។

សមត្ថកិច្ចរាជធានីភ្នំពេញបានបន្តរារាំងក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍មិនឱ្យប្រមូលផ្ដុំតវ៉ានៅក្បែរក្រុមហ៊ុន ក្នុងខណ្ឌចំការមន ដោយបានចាប់សែងពួកគេដឹកក្នុងរថយន្តក្រុង ខណៈពួកគេចេញធ្វើកូដកម្មជាថ្មីម្ដងទៀត នៅរសៀលថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។
សមត្ថកិច្ចរាជធានីភ្នំពេញបានបន្តរារាំងក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍មិនឱ្យប្រមូលផ្ដុំតវ៉ានៅក្បែរក្រុមហ៊ុន ក្នុងខណ្ឌចំការមន ដោយបានចាប់សែងពួកគេដឹកក្នុងរថយន្តក្រុង ខណៈពួកគេចេញធ្វើកូដកម្មជាថ្មីម្ដងទៀត នៅរសៀលថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ (គួយ ឡង់ឌី)

តាម​​រយៈការចាប់​ រុញច្រាន និងអូសកូដករ​​ដែលភាគច្រើនជាស្រ្តី ក្នុងនោះ អាជ្ញាធរក៏ត្រូវបានចោទប្រកាន់ទាក់ទងនឹងការបៀតបៀនផ្លូវភេទផងដែរ។

ទោះជាយ៉ាងណា រដ្ឋបាល​រាជធានីភ្នំពេញ ហាក់ទម្លាក់កំហុសលើកូដ​ករ ដោយអះអាងថា ពួកគេ [បាតុករ] បានសម្ដែងធ្វើជាជនរងគ្រោះ ដើម្បីទាក់ទាញការអាណិតអាសូរ និងធ្វើកាយវិការដែលមិនសមជាស្ត្រីខ្មែរ។

អ្នក​ស្រី វ៉ាន់ រីណា អាយុ៣៧​ឆ្នាំ បានលើកឡើងថា ដំបូងឡើយ អ្នកស្រីធ្លាប់គិតថា ការតវ៉ានេះនឹងមិនអូសបន្លាយលើសពីរយៈពេល៦ខែឡើយ។ ទោះជាយ៉ាងណា ការប៉ាន់ស្មានរបស់អ្នកស្រីហាក់ផ្ទុយស្រឡះ។ បន្ទាប់ពីឆ្លងផុតរយៈពេល៦ខែ អ្នកស្រីក៏ធ្លាប់បានប៉ាន់ប្រមាណទៀតថា ការតវ៉ានេះនឹងមិនលើសរយៈពេលលើសពី១០០ថ្ងៃទៀតទេ។ សម្រាប់ពេលបច្ចុប្បន្ន អ្នកស្រីមិនចង់ធ្វើការប៉ាន់ប្រមាណពីរយៈពេលនៃការតវ៉ានេះទៀតឡើយ។

ស្ត្រីដែលមានតួនាទី​ជា​ជំនួយការអ្នកគ្រប់គ្រងតុល្បែង​​នៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍មួយរូប ​ដែល​បានធ្វើការអស់រយៈពេល១៦ឆ្នាំរូបនេះ បន្តថា ហេតុការណ៍ដែលកើតឡើងក្នុងឆ្នាំនេះ បានធ្វើឱ្យអ្នកស្រីកាន់តែមានការ​យល់​ច្បាស់​ពី​សង្គម។

អ្នកស្រីបន្ថែមថា ការប្រើប្រាស់​កម្លាំងដោយអាជ្ញាធរ ស្ទើរតែរៀងរាល់ថ្ងៃ ប្រឆាំងនឹងកម្មករ និង​ការ​ចាប់ខ្លួន​មិត្ត​រួមការងាររបស់ខ្លួន បានទាក់ទាញចំណាប់អារម្មណ៍ខ្លួនយ៉ាងខ្លាំង។

ទាក់ទិននឹងករណីនេះ អ្នកស្រីថា៖ «ខ្ញុំនឹងចូលរួមក្នុងកិច្ចការងារសង្គមឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ខ្ញុំ​មាន​អារម្មណ៍ថា ការព្យាយាមមិនអើពើ​នឹងបញ្ហាដែលកើតឡើង ដើម្បីរក្សាការងារ មិនមែនជារឿងដែលសំខាន់ទៀតឡើយ។ រឿងដែលសំខាន់នោះ គឺសិទ្ធិ និងសេរីភាព»។

អ្នកស្រី វ៉ាន់ រីណា បន្តថា សមាជិកគ្រួសារមួយចំនួនបានគាំទ្រដល់រូបអ្នកស្រី ជាពិសេសផ្នែកហិរញ្ញវត្ថុ។ ទោះជាយ៉ាងណា មានមនុស្សមួយចំនួនទៀតដែលមានដូចជាអ្នកជិតខាង ក៏ធ្លាប់បានប្រាប់ឱ្យអ្នកស្រីឈប់តវ៉ាតទៅទៀតផងដែរ។

អ្នកស្រីបន្ថែមថា ខ្លួនគ្មានចេតនាឈប់នោះទេ ហើយបើទោះបីជាអ្នកស្រីមានឱកាសទទួលបានការងារនៅកន្លែងផ្សេងទៀតក៏ដោយ ប៉ុន្តែខ្លួននៅតែចង់ត្រលប់ទៅធ្វើការនៅក្រុមហ៊ុនណាហ្គាវើលដ៍វិញ ហើយ​បន្តតស៊ូមតិដើម្បីសិទ្ធិកម្មករនៅទីនោះ។

អ្នកស្រីថា៖ «ខ្ញុំចង់ត្រលប់ទៅធ្វើការវិញ ព្រោះខ្ញុំចង់ជួយកម្មករនៅទីនោះ។ បើយើងមិននៅទីនោះ តើនឹងមានកម្មករប៉ុន្មានទៀតនឹងជួបបញ្ហានេះ? ខ្ញុំចង់ឱ្យក្រុមហ៊ុននេះគោរពដល់សហជីព និងទទួលយកសហជីព។ បើទោះបីជាមានអ្នកណាប្រាប់ខ្ញុំឱ្យដើរចេញ ក៏ខ្ញុំមិនព្រមឡើយ»។

កាលពីខែមីនាកន្លងទៅ ប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំឡើងវិញ បន្ទាប់ពីយល់ព្រមក្នុងការផ្អាកធ្វើកូដកម្ម។ ប៉ុន្តែបាតុករទាំងឡាយនៅតែបន្តធ្វើការតវ៉ាដដែល ដោយហាក់ប្រាសចាកនឹងសំណើរបស់មេដឹកនាំពួកគេ។ ក្នុងរយៈពេល២ខែ​បន្ទាប់ កញ្ញា ឈឹម ស៊ីថរ ត្រូវបានជ្រើសរើសជាប្រធានសហជីពឡើងវិញ។

ទោះជាយ៉ាងណា ការចុះឈ្មោះឡើងវិញរបស់សហជីពនេះ ស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ បន្ទាប់ពីក្រសួងការងារបដិសេធទទួលយកពាក្យស្នើសុំរបស់ពួកគេ។ នេះបើតាមការឱ្យដឹងពីអនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ អ្នកស្រី ឈឹម សុខន

អ្នកស្រីបន្តថា ក្រសួងបានប្រាប់សហជីពថា កម្មករនិយោជិតដែលត្រូវបានបណ្តេញចេញ មិនគួរត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសមាជិកភាពរបស់ខ្លួននោះទេ។

អ្នកស្រីថា៖ «ហេតុផលនេះ គឺមិនអាចទទួលយកបានឡើយ [សម្រាប់ពួកយើង]»។

ក្រសួងការងារ និងក្រុមហ៊ុនណាហ្គាខប (NagaCorp) មិនបានឆ្លើយតបសំណួរនានាទាក់ទងនឹងករណីនេះឡើយ។

គួរបញ្ជាក់ថា នៅក្នុងការតវ៉ាដែលធ្វើឡើងក្នុងរយៈពេលមួយឆ្នាំពេញនេះ ចំនួនកម្មករដែលនៅចូលរួមការតវ៉ាបានធ្លាក់ចុះមកនៅត្រឹមប្រមាណជា១២០នាក់។

ប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ កាលពីខែវិច្ឆិកា កន្លងទៅ ក៏ត្រូវបានអាជ្ញាធរ​ចាប់ខ្លួនដាក់ពន្ធនាគារឡើងវិញ ក្រោយពេលកញ្ញាធ្វើដំណើរត្រលប់មកពីប្រជុំនៅក្រៅប្រទេស ពាក់ព័ន្ធនឹងបទល្មើសបម្រាមរបស់តុលាការ ដែលមិនតម្រូវឱ្យកញ្ញាចេញទៅក្រៅប្រទេសឡើយ អំឡុងពេលដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ។

ជាមួយគ្នានេះ កូដករណាហ្គាវើលដ៍ចំនួន ៩​រូបទៀត ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កោះហៅឱ្យចូលបំភ្លឺ ក្រោមបណ្តឹងរបស់ក្រុមហ៊ុន ពីបទ «រំលោភលើលំនៅឋាន, ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់»

ងាកមកកាន់អ្នកស្រី សោម ច័ន្ទលក្ខិណា ដែលជាអតីតបុគ្គលិកផ្នែកចែកបៀរនៅក្រុមហ៊ុនណាហ្គាវើលដ៍វិញ បានលើកឡើងថា ខ្លួននឹងមិនបោះបង់ចោលការខិតខំប្រឹងប្រែងនេះដោយងាយៗនោះទេ។

អ្នកស្រីបន្តថា កូនស្រីអាយុ១៦ឆ្នាំរបស់ខ្លួនក៏យល់ព្រមផងដែរ ខណៈពួកគេសុខចិត្តស៊ូទ្រាំរស់នៅដោយ​សន្សំសំចៃ និងកាត់បន្ថយការចំណាយនានា។

អ្នកស្រីថា៖ «ខ្ញុំ និងកូនស្រី សុខចិត្តញ៉ាំអំបិលប្រហុក។ នៅពេលដែលកិច្ចខិតខំប្រឹងប្រែងរបស់យើងទទួលបានជោគជ័យ វានឹងជួយដល់មនុស្សជំនាន់ក្រោយមិនឱ្យរងទុក្ខដូចយើងទៀតឡើយ»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Thousands of Workers Swept Up in a Year of Union Busting

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ