លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាស់តឿនអាជ្ញាធរខេត្តចំនួន ២ ឱ្យបង្កើនការយកចិត្តទុកដាក់អភិរក្សសត្វផ្សោត ក្នុងនោះត្រូវបង្កើតតំបន់ស្នូលអចិន្ត្រៃយ៍នៅតំបន់ដែលផ្សោតរស់នៅ ដើម្បីធានាបានថាគ្មានការនេសាទខុសច្បាប់ដែលប៉ះពាល់ដល់សត្វផ្សោត និងត្រីមួយចំនួនដែលជិតផុតពូជ។
ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន នៅថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ក្នុងប៉ុន្មានសប្តាហ៍មុននេះ មានសត្វផ្សោតបានងាប់ដោយសារតែជាប់មង ដែលករណីនេះ លោកដាស់តឿនដល់អាជ្ញាធរខេត្តស្ទឹងត្រែង និងក្រចេះ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការអភិរក្ស និងដាក់ចេញវិធានការដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ នៅតំបន់អន្លង់ផ្សោត។
លោកថា៖ «រៀបចំយ៉ាងម៉េច ដើម្បីធានាថាសត្វផ្សោតទាំងនេះមិនត្រូវបានជាប់មង ឬក៏ត្រូវបានការធ្វើរបៀប គេហៅថា រំខានដល់វានោះទេ។ អ៊ីចឹងត្រូវរៀបចំតាមអ្នកបច្ចេកទេស»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានណែនាំដល់ក្រសួងកសិកម្ម និងអាជ្ញាធរខេត្តទាំង២ ត្រូវសហការគ្នារៀបចំតំបន់ស្នូលអចិន្ត្រៃយ៍ នៅកន្លែងសត្វផ្សោតរស់នៅផងដែរ។
លោកបន្តថា៖ «ត្រូវមានតំបន់ គេហៅថា តំបន់ស្នូលអចិន្ត្រៃយ៍ អាតំបន់ស្នូលអចិន្ត្រៃយ៍ហ្នឹងត្រូវតែមានគំនូស រួចហើយខ្ញុំគិតថាទម្លាក់ទៅ បើតំបន់ស្នូលអចិន្ត្រៃយ៍នៅក្នុងទន្លេអ៊ីចឹង ដើម្បីឱ្យប្រជាជនបានដឹង យើងទម្លាក់ពោង ដាក់យុទ្ធនាការ ទម្លាក់ពោងនៅកន្លែងហ្នឹង អត់មានឱ្យចូល អត់មានឱ្យនេសាទអីទាំងអស់ គឺដាច់ខាត ដាច់ខាតតែម្តង អាហ្នឹងត្រូវធ្វើឱ្យបានជាក់លាក់ […] អ៊ីចឹងទំហំប៉ុន្មាន តំបន់ណា ពីត្រឹមណាទៅត្រឹមណា ហាមអត់ឱ្យមានទៅរាយមងរាយអីនៅក្នុងនោះទេ ដែលវាអាចនាំទៅដល់ការផុតពូជ»។
បើតាមលោកនាយករដ្ឋមន្ត្រី ការការពារនិងអភិរក្សសត្វផ្សោតបានគង់វង្ស នឹងធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅតំបន់ដែលមានសត្វផ្សោតរស់នៅ ទទួលបានផលប្រយោជន៍ច្រើនពីភ្ញៀវទេសចរ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់នោះត្រូវចូលរួមអភិរក្សសត្វផ្សោត និងមិនត្រូវចូលទៅនេសាទនៅតំបន់ដែលសត្វផ្សោតរស់នៅផងដែរ។
លោកបន្ថែមថា៖ «បើសិនជាយើងបណ្ដោយឱ្យអ្នកនេសាទចូលទៅកន្លែងហ្នឹង [តំបន់ដែលផ្សោតរស់នៅ] គឺបំផ្លាញ។ បានតែអ្នកនេសាទប៉ុន្មាននាក់ហ្នឹងតើ! ប៉ុន្តែវាខូចខាតនៅកន្លែងដែលយើងត្រូវអភិរក្ស។ អ៊ីចឹងតាំងពីព្រំដែនឡាវ រហូតចុះមកដល់ខេត្តក្រចេះនេះ ត្រូវតែជាតំបន់ដែលត្រូវប្រុងប្រយ័ត្ន។ អ៊ីចឹងត្រូវយកចិត្តទុកដាក់ឱ្យបានដិតដល់បំផុតទៅលើការការពារលើតំបន់នេះ។»
ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឡើងក្រោយពីមានករណីសត្វផ្សោតបានងាប់ជាបន្តបន្ទាប់ ដោយសារតែការនេសាទខុសច្បាប់ និងក្រោយពីការអំពាវនាវរបស់អង្គការអភិរក្សសត្វផ្សោត ឱ្យរដ្ឋាភិបាលជួយចាត់វិធានការការពារសត្វផ្សោតដែលកំពុងតែនៅសល់តិចតួចនៅកម្ពុជា។
កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ សត្វផ្សោតអ៊ីរ៉ាវ៉ាឌី (Irrawaddy) មួយក្បាល ដែលមានអាយុចន្លោះពី ១៥ឆ្នាំ ទៅ២០ឆ្នាំ និងមានទម្ងន់ ១៦២គីឡូក្រាម ត្រូវបានប្រទះឃើញងាប់នៅក្បែរអន្លង់មួយជាប់ព្រំប្រទល់រវាងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដោយសារជាប់មងនេសាទ។
ក្រោយមក នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សត្វផ្សោតញីពេញវ័យមួយក្បាលទៀតដែលមានអាយុចន្លោះ ៧ឆ្នាំ ទៅ ១០ឆ្នាំ ទម្ងន់ប្រហែល ៨៥គីឡូក្រាម ត្រូវបានគេប្រទះឃើញងាប់អណ្តែតទឹក នៅចំណុចឃុំកោះទ្រុង ក្រុងក្រចេះ ខេត្តក្រចេះ ដោយសារតែជាប់មងនេសាទដូចគ្នាដែរ។
បើតាមអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (ហៅកាត់ថា WWF) ក្នុងឆ្នាំ២០២២ កន្លងទៅនេះ មានសត្វផ្សោតចំនួន១០ក្បាលបានងាប់ និង ២៨ក្បាលបានងាប់ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។
ករណីនេះ អង្គការ WWF បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ រៀបចំដាក់ចេញនូវវិធានការសមស្របបន្ទាន់ ដើម្បីបញ្ឈប់កុំឱ្យសត្វផ្សោតរងគ្រោះថ្នាក់ងាប់បន្តទៀតដោយសារការនេសាទខុសច្បាប់ ដូចជា ការប្រើមងនេសាទ និងឧបករណ៍ឆក់ ដែលកំពុងត្រូវបានប្រព្រឹត្តនៅក្នុងតំបន់អភិរក្សសត្វផ្សោត៕