កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) បានប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីឈរឈ្មោះជានាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតនៅឆ្នាំនេះ ខណៈបក្សប្រឆាំងដ៏សំខាន់មួយនេះព្យាយាមឡើងមកកាន់កាប់អំណាចឡើងវិញ បន្ទាប់ពីត្រូវបានទម្លាក់ដោយរដ្ឋប្រហារកាលពី៨ឆ្នាំមុន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលត្រូវបានស្គាល់ថាជាកូនស្រីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងក្មួយស្រីរបស់អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នឹងឈរឈ្មោះក្រោមគណបក្សភឿថៃ (Pheu Thai) ជាគណបក្សចុងក្រោយមួយដែលបង្កើតឡើងដោយគ្រួសារមហាសេដ្ឋីរបស់ខ្លួន អស់រយៈពេលពីរទសវត្សរ៍កន្លងទៅ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីល្ងាចថ្ងៃអាទិត្យ នៅភាគឦសានប្រទេសថៃ ទាក់ទិននឹងការត្រៀមខ្លួនឈរឈ្មោះជានាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតនៅពេលខាងមុខនេះ កូនស្រីអតីតនាយករដ្ឋមន្ត្រីថៃរូបនេះបានលើកឡើងថា៖ «ចាស៎! ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចហើយ»។
អ្នកស្រីបន្តថា៖ «យើងចង់ឱ្យគណបក្សរបស់យើងឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី ដើម្បីឱ្យយើងអាចសម្រេចបាននូវរាល់ការសន្យាទាំងឡាយដែលយើងបានធ្វើចំពោះប្រជាពលរដ្ឋ»។
គួរបញ្ជាក់ថា អ្នកស្រី Paetongtarn Shinawatra វ័យ៣៦ឆ្នាំរូបនេះ ក៏បានចូលរួមការប្រមូលផ្តុំគណបក្សកាលពីឆ្នាំមុនផងដែរ ហើយបាននាំមុខក្នុងការស្ទង់មតិក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សម្រាប់បេក្ខភាពនាយករដ្ឋមន្ត្រីកំពូលលើនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោក ប្រាយុទ្ធ ចាន់អូចា។
លោក ប្រាយុទ្ធ ចាន់អូចា កាលពីខែធ្នូ ឆ្នាំមុន ធ្លាប់បានប្រកាសថា រូបលោកនឹងបន្តឈរឈ្មោះសម្រាប់អាណត្តិក្រោយមួយទៀត ក្នុងការបោះឆ្នោតសកលដែលនឹងត្រូវធ្វើឡើងក្នុងខែឧសភា ឆ្នាំនេះ ក្រោមគណបក្សថៃរួបរួមជាតិ (United Thai Nation Party) ដែលទើបតែបង្កើតឡើងថ្មី។
ទោះជាយ៉ាងណា ប្រជាប្រិយភាពរបស់លោកក្នុងពេលបច្ចុប្បន្នហាក់ស្ថិតក្នុងភាពស្រពេចស្រពិល ខណៈកាលពីឆ្នាំ២០២១ កន្លងទៅ រូបលោកក៏ធ្លាប់ត្រូវបានបាតុករទាមទារឱ្យចុះចេញពីតំណែង ជុំវិញការដោះស្រាយករណីវីរុសកូវីដ-១៩ មិនបានល្អផងដែរ៕