យុវជន និងព្រះសង្ឃ បានចូលរួមសកម្មភាពបរិច្ចាគឈាម ដែលយុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ឱ្យអ្នកកំពុងមានតម្រូវការចាំបាច់ និងខ្វះខាតឈាម ក្នុងន័យដើម្បីជួយសង្រ្គោះជីវិតមនុស្ស ដែលកំពុងជួបការលំបាក និងករណីសង្រ្គោះបន្ទាន់ដែលពិបាកស្វែងរកឈាម សម្រាប់ផ្តល់លទ្ធភាពដល់ពួកគេឱ្យទាន់ពេលវេលា។
យុទ្ធនាការនេះរៀបចំឡើងដោយមជ្ឈមណ្ឌលផ្ដល់ឈាម នៃក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ក្នុងរាជធានីភ្នំពេញ។
យុវតី ហ៊ុន រដ្ឋាប្រាណី អាយុ២៤ឆ្នាំ និងបានចូលរួមបរិច្ចាគឈាម បានលើកឡើងថា យុវជនគួរចូលរួមបរិច្ចាគឈាមឱ្យបានច្រើន ព្រោះអ្នកជំងឺដែលត្រូវការឈាមមានច្រើន ជាពិសេសកិច្ចការនេះមិនមែនសម្រាប់តែយុវជនទេ គឺសម្រាប់ពលរដ្ឋទូទៅដែលស្ម័គ្រចិត្ដ ក្នុងនាមមនុស្សជាតិដូចគ្នា។
យុវតីបន្ដថា៖ «ចំពោះយុវជន ឬក៏មនុស្សគ្រប់គ្នា។ បើសិជាយើងមានលទ្ធភាពក្នុងការបរិច្ចាគឈាមបាន យើងគួរតែបរិច្ចាគ ព្រោះអីមានមនុស្សជាច្រើនត្រូវការឈាមពីយើង។ សព្វថ្ងៃ មានមនុស្សរងគ្រោះជាច្រើនដែលត្រូវការឈាម»។
ហាក់មិនខុសពីយុវតី រដ្ឋាប្រាណី នេះប៉ុន្មានទេ ព្រះតេជព្រះគុណ ង៉ែត ភាន់ ព្រះជន្ម ២៣ព្រះវស្សា គង់នៅវត្ដមហាមន្ដ្រី ដែលបានចូលរួមសកម្មភាពមនុស្សធម៌នេះដែរ ព្រះអង្គមានសង្ឃដីកាថា វាការចែករំលែកទៅដល់អ្នកទទួលឈាមយើង។ តេជគុណបន្ដថា ក្នុងន័យព្រះពុទ្ធសាសនា ការឱ្យទានដល់អ្នកដទៃ រមែងបាននូវសេចក្ដីសុខ។
ព្រះតេជព្រះគុណបន្ដថា៖ «ពេលអាត្មាបរិច្ចាគឈាមទៅ អ្នកត្រូវការឈាមរបស់អាត្មាក្ដី ឬឈាមអ្នកដទៃក្ដី ដើម្បីសង្គ្រោះជីវិត យើងបរិច្ចាគត្រឹមតែមួយប្លោក»។
របាយការណ៍ដែលចេញដោយមជ្ឈមណ្ឌលផ្ដល់ឈាមកម្ពុជា បានបង្ហាញថា នៅទូទាំងប្រទេសកម្ពុជាពីមុន តម្រូវការនៃប្រើប្រាស់ឈាមក្នុងមួយថ្ងៃ ចំនួន ៣០០សាក់ ប៉ុន្តែចំនួននេះបានធ្លាក់ចុះមកនៅត្រឹម ២០០សាក់ ក្នុងមួយថ្ងៃ ក្នុងពេលបច្ចុប្បន្ន ដោយសារតែមិនសូវមានអ្នកបរិច្ចាគឈាមដូចមុនទៀតឡើយ។
ចំណែកលោកវេជ្ជបណ្ឌិត ខៃ សុខហេង មន្ត្រីសម្របសម្រួល នៃមជ្ឈមណ្ឌលផ្ដល់ឈាមកម្ពុជា បានថ្លែងថា ដោយសារតែតម្រូវការឈាមច្រើន ក្នុងមួយថ្ងៃៗ ហេតុនេះប្រសិនបើគ្មានការបរិច្ចាគពីយុវជន និងពលរដ្ឋទេ វាជាបញ្ហាប្រឈមខ្លាំងទៅដល់អ្នកជំងឺ។ លោកបន្តថា ជាពិសេសអ្នកជំងឺដែលត្រូវឈាមបន្ទាន់ កាលណាគ្មានការផ្ដល់ឈាមទេ គឺអាចនឹងបាត់បង់ជីវិត។
លោកបន្តថា៖ «ប៉ុន្មានឆ្នាំចុងក្រោយនេះ ការចូលរួមធ្វើអំណោយឈាម ឃើញថាពលរដ្ឋយើងបានចូលរួម និងទទួលបានការយល់ដឹងច្រើនជាងមុនៗ។ មនុស្សដែលអាចចូលរួមបរិច្ចាគបាន មានអាយុចាប់ពី១៨ រហូត៦០ឆ្នាំ គេអាចបរិច្ចាគ»។
ស្របពេលជាមួយគ្នានេះ ប្រភពដដែលបន្តថា ក្នុងនាមគ្រូពេទ្យ លោកអំពាវនាវដល់យុវជន និងពលរដ្ឋ គួរចូលរួមផ្ដល់ឈាមឱ្យបានគ្រប់ៗគ្នា ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ លោកបន្តថា ចាំបាច់ណាស់ រឿងឈាមនេះ ព្រោះត្រូវការចាក់បញ្ចូលឈាម សម្រាប់អ្នកកំពុងមានទុក្ខកង្វល់។
លោកបន្ដថា៖ «ក្នុងនាមខ្ញុំជាមន្ដ្រីនៅមជ្ឈមណ្ឌលផ្ដល់ឈាម ក៏សុំអំពាវនាវដល់បងប្អូនទាំងអស់ដែលអាចបរិច្ចាគឈាមបាន គឺពិតជាសារៈសំខាន់ការចែករំលែក។ កាយវិការបរិច្ចាគនេះ ជាកាយវិការមនុស្សធម៌ ដែលយើងមិនអាចកាត់ថ្លៃបាន»។
លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) បានសម្ដែងការរីករាយពីកម្មវិធីបរិច្ចាគឈាមនេះ ដោយលោកចាត់ទុកថា ការបរិច្ចាគឈាមនេះ គឺជាការជួយសង្គ្រោះមនុស្ស និងបានបុណ្យកុសលច្រើនណាស់។ ម្យ៉ាងវិញទៀត ការផ្តល់ឈាមនេះ វាគឺជាការរួមចំណែកដែលបង្ហាញពីសាមគ្គីភាពនៅក្នុងសង្គម។
លោកបន្តថា៖ «អ្នកគ្រោះថ្នាក់ជាយថាហេតុណាមួយដែលត្រូវការឈាមបន្ទាន់។ មិនមែនត្រឹមតែឃើញទេ តែយើងចូលរួមក្នុងការជួយសង្រ្គោះជីវិតមនុស្ស»។
ចំណែកប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ថ្លែងថា កម្មវិធីបរិច្ចាគឈាមនេះ ក្នុងមួយឆ្នាំ គឺអង្គការរបស់លោកស្រីរៀបចំពីរដង ដោយមានការសហការជាមួយនឹងមជ្ឈមណ្ឌលផ្ដល់ឈាមកម្ពុជា ជាពិសេសវាមានភាពងាយស្រួល ដោយក្រុមគ្រូពេទ្យបានចុះមកផ្ទាល់ ដើម្បីអាចឱ្យយុវជន និងសាធារណជនមកបរិច្ចាគបាន។
បើតាមលោកស្រី ចក់ សុភាព ការផ្តល់ឈាមនេះ វាពុំមែនជារឿងដែលត្រូវភ័យខ្លាចអ្វីឡើយ ពីព្រោះវាមិនប៉ះពាល់ដល់សុខភាពនោះទេ។
លោកស្រីបន្ដថា៖ «វាជាបុណ្យកុសលមួយដែលបានបរិច្ចាគឈាមស្រស់របស់ខ្លួន ដើម្បីឱ្យអ្នកដទៃមានជីវិត។ ដូចយើងដឹងស្រាប់ហើយថា នៅមជ្ឈមណ្ឌលផ្ដល់ឈាមកម្ពុជា ក៏មានការខ្វះខាតឈាមដែរ។ ខ្ញុំសង្ឃឹមថា តាមរយៈកម្មវិធីនេះ យើងបានជួយ និងរួមចំណែកដល់ពលរដ្ឋយើងទាំងអស់គ្នា»។
របាយការណ៍ដែលចេញដោយមជ្ឈមណ្ឌលផ្ដល់ឈាមកម្ពុជា បង្ហាញថា កាលពីឆ្នាំ២០២០ កន្លងទៅ ឈាមដែលទទួលបានពីការបរិច្ចាគនៅទូទាំងប្រទេស សរុបជាង ១០ម៉ឺនសាក់ ក្នុងនោះទទួលបានពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម ប្រមាណ៧ម៉ឺនសាក់ និងមណ្ឌលផ្តល់ឈាមនៅតាមខេត្ត ទទួលបានប្រមាណ៣ម៉ឺនសាក់៕