អតីតសមាជិកម្នាក់នៃគណៈកម្មការបុណ្យសពរបស់លោក កែម ឡី ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកនេះ ជុំវិញបណ្តឹងរបស់គណបក្សមួយ ដែលទាមទារឲ្យមានការបកស្រាយលើបញ្ហាការចាត់ចែងលុយបុណ្យកាលពីឆ្នាំមុន។
នាយកប្រតិបតិ្តរបស់អង្គការ សង់ត្រាល់ លោក មឿន តុលា ជាអតីតសមាជិកគណៈកម្មការបុណ្យសពលោកកែម ឡី ចូលបំភ្លឺតាមដីកាកោះហៅជាលើកទី២នៅព្រឹកថ្ងៃអង្គារនេះ។
ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះអតីតសមាជិកគណៈកម្មការបុណ្យសពលោក កែម ឡី ៣អង្គ/នាក់ រូមមាន លោក មឿន តុលា នាយកប្រតិបតិ្តអង្គការ សង់ត្រាល់ លោក ប៉ា ងួនទៀង នាយកប្រតិបតិ្តមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ។
លោក ប៉ា ងួនទៀង តុលាការតម្រូវឲ្យចូលបំភ្លឺនៅថ្ងៃនេះដែរ តែដោយសារលោកជាប់រវល់នៅក្រៅប្រទេស ទើបលោកផ្តល់សិទ្ធិឲ្យមេធាវី ចំណែកព្រះតេជគុណ ប៊ុត ប៊ុនតិញ ត្រូវចូលបំភ្លឺនៅថ្ងៃស្អែក៕