អ្នកសារព័ត៌មានមួយចំនួនដែលធ្លាប់បានធ្វើបទសម្ភាសន៍ជាមួយលោកបណ្ឌិត កែម ឡី អ្នកវិភាគបញ្ហាសង្គមដែលត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់កាលពីថ្ងៃអាទិត្យ បង្ហាញអារម្មណ៍សោកស្តាយនៅពេលបាត់បង់រូបលោក ដោយចាត់ទុករូបលោកជាអ្នកវិភាគម្នាក់ដែលហ៊ាននិយាយចំៗចំណុច។
អ្នកយកព័ត៌មានកាសែតខ្មែរថាមស៍ លោក តាំង វីដា យល់ថាការស្លាប់របស់លោកបណ្ឌិតកែម ឡី ជាការបាត់បង់មួយដែល”គួរឲ្យភ្ញាក់ផ្អើលនិងគួរឲ្យសោកស្តាយបំផុត”។ លោកបន្តថារាល់ពេលដែលលោក កែម ឡី បញ្ចេញទស្សនៈនិងមតិយោបល់របស់លោកដល់សារព័ត៌មានគឺ”ចំចំណុចនិងជាគំនិតល្អៗ”ហើយរាល់គំនិតរបស់លោកគឺសុទ្ធតែមានអំណះអំណាងនិងបានសិក្សាសា្រវជ្រាវបានលម្អិត។
លោក តាំង វីដា និយាយថា៖ “រាល់គំនិតយោបល់របស់គាត់បានផ្ដល់ឲ្យអ្នកកាសែតគឺមានផល ប្រយោជន៍ដោយសារតែរាល់អំណះអំណាងទាំងនោះសុទ្ធតែមានឯកសារយោងនិងបានសិក្សាស្រាវជ្រាវបានលម្អិត។ គាត់មិនមែនចេះតែនិយាយតាមតែការនឹកឃើញទេគាត់បានសិក្សាជាច្រើន។ មានកាលៈទេសៈគាត់សុំមិនបញ្ចេញយោបល់ព្រោះគាត់មិនមានអំណះអំណាងគ្រប់គ្រាន់”។
លោកបន្ថែមថា៖ “ការបាត់បង់គឺពិតជាគួរឲ្យភ្ញាក់ផ្អើលមែនទែនដោយសាររឿងនឹងជារឿងឃាតកម្ម។ ហើយកន្លងមកគាត់ក៏ធ្លាប់បាននិយាយដដែលៗថាគាត់បានរំពឹងទុកមុនថាគាត់មិនខ្លាចស្លាប់ ហើយគាត់និងអាចត្រូវគេសម្លាប់នៅថ្ងៃណាមួយ ប៉ុន្ដែពួកយើងគិតថាគាត់និយាយបែបអាចមានគ្រោះថា្នក់ប៉ុន្ដែវាមិនអាចកើតមានទេ ប៉ុន្ដែចុងក្រោយវាកើតមានឡើងមែន។ គឺវាពិតជាគួរឲ្យសោកស្ដាយណាស់។ …ហើយគាត់ក៏មិនទាន់បានបំពេញបំណងគាត់ទាំងស្រុងក្នុងការផ្ដល់ការអប់រំដល់ប្រជាពលរដ្ឋ។ ហើយ ការបាត់បង់រូបគាត់ជាការបាត់បង់ដ៏ធំមួយសម្រាប់ប្រទេសកម្ពុជាមួយផងដែរ”។
អ្នកយកព័ត៌មាននៅស្ថាប័នព័ត៌មានភ្នំពេញប៉ុស្តិ៍ លោក មាស សុខជា យល់ថាការបាត់បង់លោកកែម ឡី ជាការបាត់បង់ប្រភពនៃព័ត៌មានដ៏សំខាន់មួយ។ ក្នុងបទពិសោធន៍ព័ត៌មានរបស់លោកជាមួយលោកកែម ឡី លោកយល់ថាការគំនិតរបស់លោក កែម ឡី មានអត្ថប្រយោជន៍ដល់ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាអ្នកអាចផងដែរ ដោយលោកអះអាងថាសម្រង់សម្តីរបស់លោក(Quote)គឺមានទម្ងន់និងចំចំណុច។
លោកមានប្រសាសន៍ថា៖ “គាត់ផ្តល់ហូរហែមកដូចថាយើងចាប់អារម្មណ៍តែម្តងហើយនៅពេលយើងសរសេរព័ត៌មានយើងដាក់quote(សម្រង់សម្តី) គាត់ទៅគឺមានទម្ងន់តែម្តង។ ហើយអ្នកអានអ្នកស្តាប់គេចាប់អារម្មណ៍តែម្តងនៅពេលដាក់quoteគាត់។ រហូតដល់ពេលខ្លះថ្នាក់ដឹកនាំពេលដែលគេឃើញquote គាត់យើងសរសេរដាក់ហ្នឹង អាចនឹងក្តៅក្រហាយក៏ថាបាន។ … ហ្នឹងជាការជួយរបស់គាត់មួយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដែលយើងពាំនាំទៅដល់មិត្តអ្នកអានថ្នាក់ដឹកនាំ។ ហ្នឹងជាប្រយោជន៍មួយដែលយើងផ្សព្វផ្សាយនូវការផ្តល់អនុសាសន៍របស់គាត់ហ្នឹង យើងអាចថាជាការផ្តល់អនុសាសន៍ដែលមានផលវិជ្ជមានច្រើន”។
លោកបន្ថែមថា៖ “ខ្ញុំអ្នកដែលធ្លាប់សំភាសន៍គាត់ ពេលដែលបាត់គាត់ហ្នឹង ហាក់ដូចជាបាត់នូវប្រភពមួយប្រភពសំខាន់មួយរបស់យើង ឥឡូវនេះខ្ញុំកំពុងរកអ្នកវិភាគណាមួយទៀតដែលខ្ញុំអាចប្រើសម្តី យកមកដាក់ក្នុងប្រព័ន្ធផ្សព្វផ្សាយឲ្យមានទម្ងន់។ ទម្ងន់មិនមែនថាឃើញតែចំណុចអាក្រក់ទេ ទម្ងន់ផលវិជ្ជមាន”។
លោកក៏បានអំពាវនាវឲ្យរដ្ឋាភិបាលតាមរកឃាតកពិតប្រាកដឲ្យបាននិងលើកទឹកចិត្តដល់អ្នកវិភាគផ្សេងទៀតត្រូវក្លាហាននិងហ៊ាននិយាយនូវអ្វីដែលខ្លួនយល់ថាល្អនិងបានផ្តល់ផលវិជ្ជមានសម្រាប់សង្គមជាតិ។
លោក កែម ឡី បានផ្តល់បទសម្ភាសន៍ចុងក្រោយឲ្យវិទ្យុអាស៊ីសេរីនិងVOAស្តីពីរបាយការណ៍របស់អង្គការគ្លូបល វីតណេស(Global Wintess)ពីរឿងជំនួញធំៗរបស់ក្រុមគ្រួសារត្រកូលហ៊ុន។
បច្ចុប្បន្នសពលោកបណ្ឌិត កែម ឡី ត្រូវបានរក្សាទុកនៅវត្តចាស់ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដើម្បីឲ្យមហាជនមកគោរពសពលោកជាលើកចុងក្រោយ។ សពរបស់លោកគ្រោងតម្កល់ទុកនៅទីនោះរយៈពេល១០ថ្ងៃហើយនឹងត្រូវបូជានៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ ក្រោយពីការស្លាប់របស់លោក កែម ឡី ប្រជាជនដែលស្គាល់និងធ្លាប់ឭសំឡេងលោក អ្នកនយោបាយនិងអង្គការសង្គមស៊ីវិល មានការសោកស្តាយចំពោះការបាត់បង់រូបលោក។
កាលនៅរស់ លោក កែម ឡី ធ្លាប់បាននិយាយទៅកាន់សាធារជនថា៖ “នៅពេលយើងវិភាគម្តងៗ ខ្ញុំមិនដែលគិតថាខ្លួនខ្ញុំមានជីវិតទេ។ ខ្ញុំចង់និយាយថានៅក្នុងប្រទេសមួយដែលមានខ្លាច្រើន ដែលមានពស់វែកច្រើន ដែលមានឆ្លាមច្រើន នៅពេលដែលយើងវិភាគម្តងៗ យើងមិនដែលគិតថាយើងមានជីវិតទេ។ ប៉ុន្តែបើសិនជាយើងនាំគ្នាខ្លាច យើងនាំគ្នាខ្លាចទាំងអស់គ្នា យើងអត់មានលទ្ធភាពផ្តល់គំរូដល់យុវជនទេ យើងអត់មានលទ្ធភាពកែប្រែប្រទេសយើងទេ អញ្ចឹងហើយបានខ្ញុំហ៊ាននិយាយបែបនេះ”៕
ដោយ ហ៊ុន សិរីវឌ្ឍន៍, សាយ ឡាលីស, និងណយ សុធានី