លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានថ្លែងថាការផ្លាស់ប្តូរមិនមែនសំដៅតែលើការផ្លាស់ប្តូរអ្នកដឹកនាំនោះទេ ដោយលោកលើកឡើងថាលោកនឹងបន្តធ្វើនាយករដ្ឋមន្រ្តីរហូតដល់លោក”ខ្ជិលធ្វើ”។
លោកបានថ្លែងបែបនេះជាការការពារហេតុផលនៃការរុះរើគណៈរដ្ឋមន្រ្តី ដោយឆ្លើយតបនឹងអ្នករិះគន់មួយចំនួនដែលលោកថារិះគន់ថាការរុះរើគណៈរដ្ឋមន្រ្តី គឺ”មុខដដែលៗ”។
ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តដំណាក់កាលទី៣នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: លោក ហ៊ុន សែន បានលើកឡើងថាមនុស្សចាស់ដែលមានគំនិតថ្មីគឺជាយុវជនមួយរូប។ លោកបន្តថាលោកនឹងកាន់អំណាចជានាយករដ្ឋមន្រ្តី ដរាបណាប្រជាជននៅគាំទ្ររូបលោក។
លោកមានប្រសាសន៍ថា៖ “អាយុ៨០ក៏ដោយ ក៏ប៉ុន្តែបើសិនជាមានគំនិតថ្មី វាក៏ជាយុវជនដែរ។ អាហ្នឹងនិយាយឲ្យច្បាស់គ្នាអញ្ចឹង។ អាផ្លាស់ប្តូរ វាមិនចាំបាច់ផ្លាស់មនុស្សទេ។ និយាយអញ្ចឹងថាខ្ញុំមិនផ្លាស់ ទេឲ្យខ្ញុំទៅណា បើប្រជាជនបោះឆ្នោតឲ្យខ្ញុំ ខ្ញុំនៅតែធ្វើតែអញ្ចឹង ធ្វើរហូតដល់ខ្ញុំទាល់តែខ្ជិលធ្វើ និយាយឲ្យវាត្រង់ៗអញ្ចឹងហ្មង”។
លោក ហ៊ុន សែន ក៏បានរិះគន់គណបក្សប្រឆាំងនិងមនុស្សមួយចំនួនដែលលោកថាជាមនុស្សដដែលៗរិះគន់រដ្ឋាភិបាល។ លោកមានប្រសាសន៍ថា៖ “ខ្ញុំសូមផ្តាំអស់លោកអ្នក បើទោះបីមុខចាស់ក៏ដោយ ប៉ុន្តែចរិតការងារឲ្យវាថ្មី អាហ្នឹងហើយការផ្លាស់ប្តូរនោះ។ វាមិនចាំបាច់តែមុខថ្មី បានវាហៅការផ្លាស់ប្តូរទេ។ មុខចាស់ក៏ប៉ុន្តែធ្វើសកម្មភាពផ្លាស់ប្តូរ អាហ្នឹងបានវាផ្លាស់ប្តូរ វានៅកន្លែងហ្នឹងឯង។ អាមុខថ្មី វាមិនទាន់ប្រាកដថាវាផ្លាស់ប្តូរទេ។ វាផ្លាស់ប្តូរតែមនុស្ស ក៏ប៉ុន្តែវាទៅរឿងមួយផ្សេង”។ តែអាមុខចាស់ ដែលមិនផ្លាស់ប្តូរ ទើបវាខ្លាំង ព្រោះវាពូកេយល់ដឹងណាស់”។
កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តីបានដាក់សំណើទៅរដ្ឋសភា ដោយលោកបានសម្រេចបញ្ចប់មុខងាររដ្ឋមន្រ្តីចំនួន៣រូបនិងផ្លាស់ប្តូររដ្ឋមន្រ្តីចំនួន៥រូប ឲ្យទៅដឹកនាំក្រសួងផ្សេងវិញ។ រដ្ឋមន្រ្តីដែលត្រូវបានបញ្ចប់មុខងារនោះមានរដ្ឋមន្រ្តីការបរទេស លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងដែនដី លោក អ៊ឹម ឈុនលឹម និងរដ្ឋមន្រ្តីក្រសួងធម្មការ លោក មិន ឃិន។
គួររំឮកថាកាលពីថ្ងៃទី៣ខែមីនា ឆ្នាំ២០១៥ លោក ហ៊ុន សែន ធ្លាប់បានថ្លែងថាលោកនឹងអាចរស់នៅបានយ៉ាងតិច៣០ឆ្នាំទៀត ប៉ុន្តែមិនមែនមានន័យថាលោកនឹងឈរជានាយករដ្ឋមន្រ្តីប្រទេសកម្ពុជា រហូតដល់៣០ឆ្នាំទៀតនោះទេ។ ចំណែកកាលពីខែមេសា ឆ្នាំ២០១៥ ហ៊ុន សែន បានប្រកាសថាគណបក្សប្រជាជនកម្ពុជានឹងឈ្នះការបោះឆ្នោតសម្រាប់អាណត្តិទី៦ នៅឆ្នាំ២០១៨ខាងមុខនេះ ដោយលោកអះអាងថាលោកនឹងធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តីដដែល។
គួរបញ្ជាក់ថាលោក ហ៊ុន សែន បានកាន់អំណាចជានាយករដ្ឋមន្រ្តីបានជាង៣០ឆ្នាំមកហើយរហូតមកដល់ពេលនេះ។ កាលពីការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ ការគាំទ្ររបស់ប្រជាពលរដ្ឋលើគណបក្សប្រជាជនកម្ពុជាដែលដឹកនាំ រដ្ឋាភិបាលបានធ្លាក់ចុះពី៩០អាសនៈមកត្រឹម៦៨អាសនៈប៉ុណ្ណោះ៕