យុវជន ស្រី ចំរើន ដែលបានចេញមុខជាបន្តបន្ទាប់ទាមទារឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បកស្រាយរឿងការចោទប្រកាន់អាស្រូវស្នេហា បានឲ្យដឹងថាសាលាក្រុងអនុញ្ញាតឲ្យក្រុមយុវជនហែញត្តិទៅទីស្នាក់ការគណបក្សសង្រ្គោះជាតិនិងផ្ទះរបស់លោក កឹម សុខា នៅថ្ងៃអង្គារស្អែកនេះ ប៉ុន្តែអភិបាលរងសាលារាជធានីថាខ្លួនមិនបានទទួលលិខិតរបស់យុវជននោះទេ។
លោក ស្រី ចំរើន ដែលអះអាងខ្លួនតំណាងឲ្យនិស្សិតមកពីសាកលវិទ្យាល័យរដ្ឋនិងឯកជនមួយចំនួន ប្រាប់វីអូឌីថាលោកបានដាក់លិខិតជូនដំណឹងទៅផ្នែករដ្ឋបាលនៃសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃចន្ទនេះ ហើយថាសាលារាជធានីបានអនុញ្ញាតឲ្យមានការហែញត្តិនោះ។ លោកបន្តថា៖ “ខ្ញុំដាក់លិខិតនៅព្រឹកមិញនេះ គាត់(ផ្នែករដ្ឋបាល)ទទួលហើយអនុញ្ញាត។ គេគ្រាន់តែហាមយើងកុំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ជៀសវាងការបង្កហិង្សា។ យើងគ្រាន់តែសុំគាត់(កឹម សុខា)បកស្រាយទេ ហើយអត់មានបង្កហិង្សាអ្វីទេ”។
បើតាមលោក ស្រី ចំរើន លោកនឹងដឹកនាំយុវជនប្រមាណ២០០នាក់ នៅវេលាម៉ោង២រសៀលថ្ងៃស្អែកនេះ ដោយដង្ហែញត្តិពីមុខរដ្ឋសភាទៅដាក់នៅការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅបឹងកេងកង រួចបន្តទៅទីស្នាក់ការបក្សសង្រ្គោះជាតិនៅចាក់អង្រែនិងបន្តទៅបន្តទៅផ្ទះលោក កឹម សុខា នៅទួលគោក។ លោកបន្តថាការដាក់ញត្តិនេះដើម្បីស្នើលោក កឹម សុខា ចេញបកស្រាយរឿងខ្សែអាត់សំឡេងដោយថា“ប៉ះពាល់ធ្ងន់ធ្ងរផ្នែកច្បាប់ វប្បធម៌ ប្រពៃណីនិងជាគំរូអាក្រក់ដល់យុវជន”។
លោក ស្រី ចំរើន បានបញ្ជាក់ថាការដង្ហែញត្តិនេះអាចជាការធ្វើដំណើរតាមរថយន្ត ម៉ូតូឬដើរតាមលទ្ធភាពដែលមាន។
ទោះជាយ៉ាងណា អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង ប្រាប់វីអូឌីថាលោកមិនទាន់បានទទួលលិខិតស្នើសុំរបស់ក្រុមយុវជននោះទេ។ លោកបន្តថាសាលារាជធានីមិនអាចឲ្យមានការដើរហែជាក្បួនឬជិះរថយន្តជាក្បួនតាមផ្លូវនោះទេ។
លោក ឃួង ស្រេង បន្ថែមថា៖ “ប៉ុន្តែបើទៅតាមឡានអីខ្ញុំពិចារណា ប៉ុន្តែខ្ញុំអត់ទាន់បានទទួលលិខិតហ្នឹងទេ ចាំខ្ញុំឆែកមើលជាមួយកូនចៅខ្ញុំសិន…បាទយើងទៅហាមគេម៉េចបើគេជិះឡានម៉ូតូ…ប៉ុន្តែបើហែបានប៉ះពាល់ ហែជាក្បួន ហែជាឡានក៏ប៉ះពាល់ដែរ ហ្នឹងជាបញ្ហា”។
វីអូឌីមិនអាចទាក់ទងយុវជន ស្រី ចំរើន ជាលើកទីពីរ ដើម្បីសុំការឆ្លើយតបទៅនឹងការលើកឡើងរបស់អភិបាលរងរាជធានីភ្នំពេញ។
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថាគណបក្សបានទទួលដំណឹងពីគម្រោងតវ៉ានេះ ហើយថ្នាក់ដឹកនាំគណបក្សកំពុងតែពិភាក្សាបញ្ហានេះ។
ប្រធានផ្នែកអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថាវាជារឿងធម្មតាសម្រាប់ប្រជាពលរដ្ឋដែលមានសិទ្ធិក្នុងការហែក្បួនទាមទារអ្វីដែលគាត់ចង់បាន។ ប៉ុន្តែលោកថាប្រសិនបើអាជ្ញាធររាជធានីអនុញ្ញាតឲ្យក្រុមនិស្សិតនេះហែក្បួនមែននោះ លោកថាក្រុមនិស្សិតនេះទទួលឱកាសច្រើនពីអាជ្ញាធរបើប្រៀបធៀបជាមួយក្រុមផ្សេងទៀតដែលសុំហែក្បួនទាមទារសិទ្ធិដីធ្លីនិងការគោរពសិទ្ធិមនុស្សជាដើម។ លោកបន្ថែមថា៖ “ដល់ពេលក្រុមហ្នឹង(ក្រុមនិស្សិត)មានលក្ខណៈអោយស្រួលជាង អ៊ីចឹងយើងឃើញថាការអនុវត្តរបស់អាជ្ញាធរហ្នឹងនៅមានកម្រិតដែលយើងឲ្យថាមានស្តង់ដារពីរហ្នឹងណាមិនខុសទេ”។
គួរបញ្ជាក់ថាកាលពីឆ្នាំ២០១៥ គណបក្សសង្រ្គោះជាតិធ្លាប់បានដាក់លិខិតមួយច្បាប់ទៅសាលារាជធានីភ្នំពេញ ដោយស្នើឲ្យចាត់កម្លាំងការពារផ្ទះរបស់មេដឹកនាំបក្សប្រឆាំង ព្រមទាំងទីស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែក្រោម ក្រោយពីមានហេតុការណ៍នៃការវាយតំណាងរាស្រ្តបក្សប្រឆាំងនៅក្បែររដ្ឋសភា។ កាលពីថ្ងៃទី២៦ខែតុលា ឆ្នាំ២០១៥ បាតុករមួយក្រុមបានតវ៉ានៅផ្ទះរបស់លោក កឹម សុខា ទាមទារឲ្យលោកចុះចេញពីតំណែងជាប្រធានទី១នៃរដ្ឋសភា។ ការតវ៉ានោះមានការគប់ដំថ្មមួយចំនួនចូលផ្ទះរបស់លោក កឹម សុខា ផងដែរ។
គួរបញ្ជាក់ថាពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហានេះ កាលពីសប្តាហ៍មុន ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង បានប្រកាសទទួលយកបណ្ដឹងរបស់ក្រុមយុវជនដែលបានប្ដឹងលោក កឹម សុខា ថាបានផ្ដល់លុយឲ្យស្រីស្នេហ៍ទិញផ្ទះនិងដី ហើយថាអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ ចំណែករដ្ឋសភាបានផ្ញើលិខិតមួយទៅលោក កឹម សុខា ឲ្យបកស្រាយរឿងអាស្រូវស្នេហានេះ តាមញត្តិរបស់យុវជនដែលបានដាក់ទៅរដ្ឋសភា៕ ដោយ ស៊ុន ណារិន និងលោក ទូច សុខា