ក្រសួងការបរទេសបញ្ជូនមន្ត្រីមួយរូបរបស់ខ្លួនគឺលោក ហុង បញ្ញារិទ្ធ ដែលត្រូវជាកូនប្រសារលោក សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ឲ្យទៅកាន់ការងារនៅប្រទេសកូរ៉េខាងត្បូងបណ្ដោះអាសន្ន ជំនួសអតីតឯកអគ្គរាជទូតលោក ស៊ុត ឌីណា ដែលត្រូវបានឃុំខ្លួនកាលពីដើមសប្ដាហ៍នេះ។
អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី បានឲ្យវីអូឌីដឹងថា ក្រសួងបានបញ្ជូនលោក ហុង បញ្ញារិទ្ធ ឲ្យទៅកាន់ការងារបណ្ដោះអាសន្ននៅប្រទេសកូរ៉េខាងត្បូង ភ្លាមៗក្រោយពីមានការឃុំខ្លួនលោក ស៊ុត ឌីណា តែលោកពុំអាចបញ្ជាក់ថ្ងៃច្បាស់នោះទេ។
ទោះយ៉ាងណា លោក ជុំ សន្ទរី បញ្ជាក់ថា ក្រសួងមិនទាន់តែងតាំងមុខងារផ្លូវការណាមួយដល់លោក ហុង បញ្ញារិទ្ធ នៅឡើយទេ។ លោកបន្តថា ក្រសួងកំពុងពិចារណារកមន្ត្រីដើម្បីទៅកាន់តំណែងជាឯកអគ្គរាជទូតថ្មីប្រចាំប្រទេសកូរ៉េខាងត្បូងក្នុងពេលឆាប់ៗ ដោយលោកពុំទាន់អាចបញ្ជាក់ថ្ងៃជាក់លាក់នោះទេ។
លោកមានប្រសាសន៍ថា៖ “គាត់គ្រាន់តែជា មិនទាន់មានការតែងតាំងមុខងារអីជាផ្លូវការទេបាទ! គ្រាន់តែជាការបញ្ជូន ព្រោះសភាពការណ៍យើងបន្ទាន់ភ្លាមគឺយើងបានបញ្ជូន … ហើយបច្ចុប្បន្នហ្នឹងគឺថ្នាក់ដឹកនាំយើងកំពុងតែពិនិត្យពិចារណាអំពីការតែងតាំងឥស្សរជនទៅធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូងហ្នឹង”។
បើតាមលោក ជុំ សន្ទរី លោក ហុង បញ្ញារិទ្ធ គឺជាទីប្រឹក្សារបស់អតីតរដ្ឋមន្ត្រីការបរទេសលោក ហោ ណាំហុង ដែលទើបបញ្ចប់ពីតំណែង។ លោក ហុង បញ្ញារិទ្ធ ក៏ជាអតីតអគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាផងដែរ។
គួរបញ្ជាក់ថា លោក ហុង បញ្ញារិទ្ធ បានរៀបអាពាហ៍ពិពាហ៍ជាមួយកូនស្រីទោលរបស់លោក សុខ អាន គឺលោកស្រី សុខ សុម៉ា។
យោងតាមគេហទំព័ររបស់ក្រុមហ៊ុន មេធាវី អេចប៊ីអេស (HBS Law) លោក ហុង បញ្ញារិទ្ធ គឺជាប្រធានក្រុមហ៊ុននេះ ហើយលោកក៏ធ្លាប់ជាជំនួយការផ្ទាល់របស់លោក សុខ អាន ដែលត្រូវជាឪពុកក្មេកផងដែរ។ ក្រៅពីនោះ លោកក៏ជាប្រធានរបស់សម្ព័ន្ធក្រុមហ៊ុនក្នុងវិស័យសំណង់ សេវាកម្មព័ត៌មានវិទ្យា និងទេសចរណ៍។
គួររំឭកផងដែរថា អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្រូង លោក លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនកាលពីថ្ងៃចន្ទ និងបញ្ជូនខ្លួនទៅកាន់តុលាការកាលពីម្សិលមិញ។ លោកត្រូវតុលាការឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ ដោយត្រូវចោទប្រកាន់ចំនួន២បទល្មើសគឺកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងរំលោភអំណាចដោយមានប្រសិទ្ធភាព៕