​ចិន​គាំទ្រ​ឲ្យ​កម្ពុជា​ចាត់​វិធានការ​លើ​អ្នក​ពាក់​ព័ន្ធ​នឹង​សំណង់​អគារ​បាក់​រលំ​នៅ​ខេត្ត​ព្រះសីហនុ

បុរស​ម្នាក់​អង្គុយ​រង់ចាំ​សាច់​ញាតិ​របស់​គាត់ ដែល​ត្រូវ​បាន​គេ​ជឿ​ថា បាន​កប់​នៅ​ក្រោម​គំនរ​បាក់​បែក​នៃ​សំណង់​អគារ​របស់​ចិន​មួយ​ស្ថិត​នៅ​ខេត្ត​ព្រះសីហនុ។ រូបថត៖ សូត សុខប្រាថ្នា

ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​បង្ហាញ​ជំហរ​គាំ​ទ្រ​​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​របស់​កម្ពុជា​ទៅ​លើ​ជន​ជាតិ​ចិន និង​អ្នក​ពាក់​ព័ន្ធ បន្ទាប់​ពី​សំណង់​អគារ​ចិន​មួយ​កន្លែង​នៅ​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​កម្ពុជា​បាន​បាក់​រំលំ​កាល​ពី​ថ្ងៃ​ម្សិល​មិញ ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​រាប់ និង​របួស​រាប់​សិប​នាក់។

តួលេខ​ថ្មី​បំផុត​នៅ​ត្រឹម​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ បង្ហាញ​ថា ក្រុម​ជួយ​សង្គ្រោះ​បាន​ទាញ​សាក​សព​កម្មករ​សំណង់​ដល់​ទៅ ២០​នាក់​ហើយ ចេញ​ពី​គំនរ​បាក់​បែក​នៃ​អគារ​សំណង់​មួយ ដែល​គ្រោង​ឆ្អឹង​នៃ​អគារ​ត្រូវ​បាន​សាង​សង់​ឡើង​ពី​​ដែក។ ចំណែក​ឯ​តួលេខ​អ្នក​រង​របួស នៅមាន​ចំនួន ២៤​នាក់​ដដែល។

ជាង​មួយ​ថ្ងៃ​ក្រោយ​ហេតុការណ៍​នេះ ស្ថានទូត​ចិន​បាន​សរសេរ​នៅ​លើទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ខ្លួន​សោក​ស្ដាយ​​ចំពោះ​ហេតុការណ៍​នេះ និង​បួង​សួង​ឲ្យ​វិញ្ញាក្ខន្ធ​ជន​រង​គ្រោះ​បាន​ទៅ​កាន់​សុគតិភព។

ស្ថានទូត​ចិន​ក៏​បាន​បង្ហាញ​ជំហរ​គាំ​ទ្រ​ផង​ដែរ​ទៅ​ដល់​វិធានការ​របស់​អាជ្ញាធរ​កម្ពុជា ដែល​បាន​ចាប់​ខ្លួន​ជន​ជាតិ​ចិន​ដែល​ពាក់​ព័ន្ធ​នឹង​គម្រោង​សាង​សង់​នៃ​អគារ​កម្ពស់ ៧​ជាន់​នេះ។

ស្ថានទូត​ចិន​បាន​សរសេរ​រៀបរាប់​លើ​ទំព័រ​ហ្វេសបុក​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះថា​៖ «ភាគី​ចិន​គាំ​ទ្រ​ស្ថាប័ន​ពាក់​ព័ន្ធ​របស់​កម្ពុជា​បើក​ការ​ស៊ើប​អង្កេត​តាម​ផ្លូវ​ច្បាប់ និង​គាំ​ទ្រ​ទាំង​ស្រុង​ចំពោះ​ភាគី​កម្ពុជា​ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ជន​ល្មើស​ទាំង​ឡាយ ដែល​ពាក់​ព័ន្ធ​ក្នុង​ឧបទ្ទេវហេតុ​លើក​នេះ»

សំណង់​អគារ​កម្ពស់ ៧​ជាន់ ដែល​ជា​គម្រោង​កាន់​កាប់​ដោយ​ជន​ជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ បាន​បាក់​រលំ​កាល​ពី​ព្រឹក​ទៀប​ភ្លឺ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ ហើយ​សាក​សព​មនុស្ស ២០​នាក់​ហើយ​ត្រូវ​បាន​ទាញ​ចេញ​ពី​គំនរ​បាក់​បែក​នៃ​សំណង់​អគារ​មួយ​នេះ ខណៈ​ដែល​មនុស្ស ២៤​នាក់​ទៀត បាន​រង​របួស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ