លោក ហ៊ុន សែន ថា​ការលាលែងរបស់លោក យន្ត មីន បង្ហាញពីការទទួលខុសត្រូវ

នៅម៉ោងប្រមាណ ៣:៣០យប់ ឆ្លងចូលថ្ងៃទី ២៤ មិថុនា លោក ហ៊ុន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទៅសម្រាកហើយ បន្ទាប់ពីបានអញ្ជើញធ្វើដំណើរតាមរថយន្តមកកាន់ទីតាំងអាគារ៧ជាន់នៅខេត្តព្រះសីហនុទាំងយប់ ក្រោយពីបានអញ្ជើញវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នៅទីក្រុងបាងកក។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោក ហ៊ុន សែន បានលើកឡើងនៅល្ងាចនេះថា ​ការលាលែងពីដំណែង​អភិបាល​ខេត្តព្រះ​សីហនុ របស់​លោក យន្ត មីន បង្ហាញពីការទទួលខុសត្រូវ​របស់អាជ្ញាធរនៅចំពោះមុខប្រជា​ពលរដ្ឋ។

លោកនាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន បាន​ថ្លែងបែបនេះនៅពេល​ដែល​ចុះ​ទៅពិនិត្យដោយ​ផ្ទាល់នូវសកម្មភាព​ជួយសង្រ្គោះ និងស្វែងរក​ជនរងគ្រោះ​ក្នុងហេតុការណ៍បាក់អគារកម្ពស់​៧ជាន់នៅខេត្តជាប់សមុទ្រមួយនេះ។

តាម​រយៈការផ្សាយ​ផ្ទាល់នៅលើ​ទំព័រហ្វេសប៊ុក លោក ហ៊ុន សែន មានប្រសាសន៍​ថា៖ «ឯកឧត្តម យន្ត មីន បានទទួលស្គាល់ ទទួលខុសត្រូវ​អំពីកំហុសលើការ​អនុវត្តសមត្ថភាព​ សមត្ថកិច្ចរបស់គាត់​។ គាត់បានលាលែងចេញពី​​ដំណែង​ជាអភិបាល​ខេត្ត បង្ហាញ​ពីការទទួលខុសត្រូវ​របស់​អាជ្ញាធរនៅចំពោះមុខប្រជាពលរដ្ឋ​កម្ពុជា។»

លោក ហ៊ុន សែន នៅថ្ងៃនេះ បាន​យល់ព្រមឲ្យលោក យន្ត មីន លាលែងពីដំណែងជាអភិបាល​ខេត្តព្រះសីហនុ​ ក្រោយពីមានហេតុការណ៍បាក់​អគារនៅ​ក្នុង​ដែនសមត្ថកិច្ច​របស់ខ្លួន។ នៅថ្ងៃដដែល ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យផ្ទេរភារកិច្ច លោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម ទៅកាន់ដំណែងអភិបាលខេត្តព្រះសីហនុ ជំនួសលោក យន្ត មីន។ ដោយឡែក លោក យន្ត មីន ត្រូវបានផ្ទេរទៅ​បម្រើការងារនៅក្រសួងមហាផ្ទៃវិញ​។

តួលេខចុងក្រោយ អ្នកស្លាប់​ក្នុង​ហេតុការណ៍នេះមាន​ចំនួន ​២៨នាក់ ខណៈអ្នករងរបួសមានចំនួន​២៦នាក់។

លោក ហ៊ុន សែន បានបញ្ជាក់​នៅល្ងាចនៅថា គ្រួសារ​អ្នកដែល​បាត់បង់​ជីវិតនឹងទទួល​បាន​ប្រាក់​ឧបត្ថម្ភបន្ថែម​ជាង​៦ម៉ឺនដុល្លារ ហើយ​ជន​រងគ្រោះ​ដែលកំពុងសម្រាកព្យាបាល​នឹងទទួលបាន​១ម៉ឺនដុល្លារ​បន្ថែម​៕

តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ​ ប្រតិបត្តិការរុករកជនរងគ្រោះក្នុងអគាររលំ ត្រូវបានបិទបញ្ចប់នៅត្រឹមម៉ោង៧កន្លះយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ