អង្គការ​​ជាង​​៤០​ ស្នើ​​​រដ្ឋា​ភិបាល​បង្កើត​គណៈ​កម្មការ​ឯករាជ្យ​ស៊ើប​អង្កេត​​​​ឃាតកម្ម​លើ​​​លោក​​បណ្ឌិត​​ កែម ឡី

លោក កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់នៅក្នុងម៉ាត់ស្តុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ (រូបថត៖ស៊ុន ណារិន)

អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិចំនួន​៤៥ អំពាវនាវ​ឡើងវិញ​ឱ្យរដ្ឋាភិបាលក​ម្ពុជាបង្កើត​គណៈកម្មការស៊ើប​អង្កេត​ឯករាជ្យ​និង​មិនលម្អៀង ដើម្បីស៊ើបអង្កេត​ឱ្យបា​នហ្មត់ចត់និង​មាន​ប្រសិទ្ធភាពចំពោះឃាតកម្មលើរូបលោកបណ្ឌិត កែម ឡី។

តាមរយៈសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី៩ ខែកក្កដា អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ដូចជា អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) អង្គការសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស (APHR) អង្គការបណ្តាញប្រជាធិបតេយ្យអាស៊ី (ADN) និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ជាដើមនោះ បានលើកឡើងថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជាបានបរាជ័យក្នុងការស្វែងរកយុត្តិធម៌ជូនលោកបណ្ឌិត​ កែម ឡី អ្នកវិភាពសង្គម​ និងក្រុមគ្រួសាររបស់​លោក។

សេចក្តីថ្លែងការណ៍នេះបានរម្លឹកថា នៅថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ លោក កែម ឡី ត្រូវបានគេបាញ់សម្លាប់នៅក្នុងហាងកាហ្វេ​នៅស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ​ កណ្តាល​រាជធានីភ្នំពេញ។ ភ្លាមៗនោះ សមត្ថកិច្ចបានចាប់ខ្លួនមនុស្សម្នាក់ឈ្មោះ «អឿត អាង» ដែលហៅខ្លួនឯងថា «ជួប សម្លាប់»។ យោងតាមការឱ្យ​ដឹងពីសមត្ថកិច្ច ជនសង្ស័យបានសារភាពទាក់ទងទៅនឹងការសម្លាប់នេះ ដោយសារលោកបណ្ឌិត កែម ឡី បានជំពាក់លុយគាត់ចំនួន៣ ០០០ដុល្លារ មិនព្រមសង ខណៈដែលការអះអាងនេះត្រូវបានជំទាស់ដោយភរិយារបស់លោក កែម ឡី និងភរិយារបស់លោក អឿត អាង។

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីសវនាការកាត់ក្តីរយៈពេលកន្លះថ្ងៃ សាលាដំបូងរាជធានីភ្នំពេញ បានរកឃើញថា ជនជាប់ចោទឈ្មោះ អឿត អាង មានពិរុទ្ធពីបទឃាតកម្មទៅលើលោក កែម ឡី និងបានកាត់ទោសគាត់ដាក់ពន្ធនាគារអស់មួយជីវិត។

ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិលទាំងនេះបានលើកឡើង​ថា មកដល់បច្ចុប្បន្ននេះ ករណីនេះនៅតែមិនទាន់​មានការស៊ើបអង្កេតឯករាជ្យ មិនលម្អៀង និងប្រសិទ្ធភាពណាមួយ ដើម្បីកំណត់ថា តើមាននរណាផ្សេងទៀតចូលរួមក្នុងការសម្លាប់នេះឬយ៉ាងណានោះទេ។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព បានថ្លែងថា សំណុំរឿងឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នៅមានចំណុចសង្ស័យជាច្រើនដែលត្រូវការស៊ើបអង្កេតឡើងវិញ។

លោកស្រី​ថា៖ «ប្រសិនបើរឿងនៃការជំពាក់ហ្នឹង សួរថា បាញ់សម្លាប់ហ្នឹងតើបានលុយមកវិញ​ឬអត់? អាហ្នឹងវាជាចេតនារបស់ឃាតករនៃការបាញ់សម្លាប់ហ្នឹង វាអ៊ីចឹងអត់ទេ? នេះមួយ! ប៉ុន្តែទី២នោះ គឺរឿងរ៉ាវទាំងអស់នោះ យើងមើលទៅជារឿងប្រតិដ្ឋសុទ្ធសាធ ព្រោះហេតុអី ព្រោះលោកបណ្ឌិត កែម ឡី គាត់ជាអ្នកមានអាជីពច្បាស់លាស់ លោកមានទ្រព្យធន លោកមានក្រុមគ្រួសារ។ ហើយរឿងរ៉ាវទាំងអស់ហ្នឹង ត្រូវបានបដិសេធដោយក្រុមគ្រួសារ ហើយសូម្បីតែភរិយារបស់លោក អឿត អាង ដែលអះអាងខ្លួនថា ជួបសម្លាប់ ហើយបានសម្លាប់លោក កែម ឡី ដោយសាររឿងបំណុលហ្នឹង ក៏ត្រូវបាន​ភរិយាគាត់បដិសេធដែរ អ៊ីចឹងបើយើងមើលដំណើររឿងទាំងអស់ហ្នឹង ជារឿងមួយដែលមិនអាចទទួលយកបាននោះទេ»

ប៉ុន្តែការអំពាវនាវនេះ ត្រូវបានអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចាត់ទុកថា គ្រាន់​តែ​ជាសារ​នយោបាយនិងមិនមានអំណះអំណាងផ្លូវច្បាប់ណា ដើម្បីការពារហេតុផល​ផ្លូវច្បាប់នោះទេ។ បើតាមលោក ជិន ម៉ាលីន ក្រុមគ្រួសារ សាច់ញាតិ ឬភាគីណាមួយ អាចដាក់បណ្តឹងសើរើករណីនេះឡើងវិញបាន ប្រសិនបើពួកគេមានភស្តុតាងរឹងមាំ។

លោកថ្លែងតាមប្រព័ន្ធតេឡេក្រាម​​​ថា៖ «អ៊ីចឹងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងសាច់ញាតិក្រុម​គ្រួសារដែលមិនសុខចិត្ត អាចប្រើប្រាស់សិទ្ធិក្នុងបណ្តឹងសើរើបាន ក៏ប៉ុន្តែការធ្វើបណ្តឹង​សើ​រើ ត្រូវការមានភស្តុតាងផ្ទុយ ត្រូវមានទឡ្ហីករណ៍និងសក្ខីកម្មរឹងមាំណាស់ ដែលផ្ទុយ​ទៅនឹងអ្វីដែលសមត្ថកិច្ចរកឃើញ។ ក៏ប៉ុន្តែកន្លងមក យើងឃើញថា មានតែការថ្លែងសារជាលក្ខណៈនយោបាយ វាអត់មានភស្តុតាងសក្ខីកម្មផ្ទុយណារឹងមាំដែលអាចឱ្យសមត្ថកិច្ចយកជាការបានទេ»

ជារៀងរាល់ឆ្នាំ ក្រុមអង្គការសង្គមស៊ីវិល និងអ្នកកែមឡីនិយម តែងតែប្រារព្ធខួបលោកបណ្ឌិតនៅស្តុបបូកគោ និងនៅស្រុកកំណើតរបស់លោកបណ្ឌិតជាដើម។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ ប្រាប់ ​វីអូឌី ថាលោកនឹងប្រារព្ធខួប៥​ឆ្នាំនៃឃាតកម្មលោកបណ្ឌិត កែម ឡី នៅតាមប្រព័ន្ធអនឡាញ​ ក្រោមប្រធានបទ «យុត្តិធម៌សម្រាប់ទាំងអស់គ្នា (Justice For All)» ដើម្បីចង់រម្លឹកវីរភាពនៃការលះបង់របស់លោកបណ្ឌិត កែម ឡី។

លោកមានប្រសាសន៍​ថា៖ «ខួបឆ្នាំនេះ បើសិនយើងនិយាយពីសំឡេង​តាមបណ្តាញសង្គម គឺមានការកើនឡើងខ្លាំង ប៉ុន្តែការចូលរួមផ្ទាល់អាចមានការ​ថយចុះ ដោយសារស្ថានភាពជំងឺ​កូវីដ-១៩ តែសំឡេង​នៅតាមបណ្តាញសង្គមនៅមានការកើនឡើង»។

ចំណែកប្រធានសមាគមបណ្តាញយុវជនកម្ពុជា (CYN) លោក អ៊ុល វាន់ មានប្រសាសន៍ថា លោកក៏ចូលរួម​ប្រារព្ធខួប​នៃមរណភាព​លោកបណ្ឌិត កែម ឡី តាមប្រព័ន្ធអនឡាញដែរ ដោយ​សារឆ្នាំនេះមានបញ្ហាកូវីដ-១៩ មិនអាចជួបជុំគ្នាបាន។ ប៉ុន្តែលោកនៅតែប្រារព្ធកម្មវិធីរម្លឹកខួបវីរភាពលោកបណ្ឌិត ដោយមានការចូលរួមពីសំណាក់យុវជន អង្គការសង្គមស៊ីវិល សហជីព ដើម្បីចូលរួមនិយាយពីវីរភាពនៃការលះបង់របស់លោកបណ្ឌិត កែម ឡី។

លោកមានប្រសាសន៍ថា៖ «ទស្សនៈ គំនិត ក៏ដូចជាយុទ្ធសាស្រ្តដែលលោកបណ្ឌិត កែម ឡី បន្សល់ទុក មានគុណតម្លៃ មានប្រយោជន៍មែនទែន សម្រាប់ឱ្យ​សាធារណជននិង​យើង​ជាយុវជន​ជំនាន់​ក្រោយនេះ អាចធ្វើការសិក្សារៀនសូត្រ អាចធ្វើការយកមកផ្សព្វផ្សាយបន្តទៅដល់យុវជនផងគ្នា ទៅដល់បងប្អូនប្រជាពលរដ្ឋយើងផ្សេងទៀត»។

លោក អ៊ុល វ៉ាន់ បន្តទៀតថា ក្នុងនាមលោកជាយុវជន ដូចជាតំណាងអង្គការបណ្តាញយុវជនកម្ពុជា និងព្យាយាមផ្សព្វផ្សាយបន្តនូវទស្សនៈជាគោលគំនិតនៃការអភិវឌ្ឍ​សង្គម​ជាតិ ដើម្បី​លើកកម្ពស់នូវសេរីភាពបញ្ចេញមតិនិងគោរពលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ហើយបន្តយកគោលគំនិត ក៏ដូចជាយុទ្ធសាស្រ្តរបស់លោកបណ្ឌិត កែម ឡី ដើម្បីលើកទឹកចិត្តនិងជំរុញយុវជនដទៃទៀតឱ្យ​មានភាពក្លាហាននិង​សកម្មក្នុងការចូលរួមកិច្ចការងារសង្គមជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ