លោក​ ចូ បៃឌិន​ គាំទ្រ​ឱ្យ​​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​វាយ​ប្រហារ​ដោយ​យន្ដហោះ​ដ្រូន​របស់​អាមេរិក​​នៅ​​អាហ្វហ្គា​នីស្ថាន

លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក។ (ហ្វេសប៊ុក៖ President Joe Biden)

សេតវិមានបានឱ្យ​​ដឹងនៅថ្ងៃចន្ទម្សិលមិញថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃឌិន គាំទ្រឱ្យ​​មានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ចំពោះការវាយប្រហារដោយយន្ដហោះដ្រូន (drone) របស់អាមេរិក ដែលបានឆក់យកជីវិតជនស៊ីវិលអាហ្វហ្គានីស្ថានរហូតដល់ទៅ១០នាក់កាលពីខែមុន។

អ្នក​នាំពាក្យ​សេតវិមាន​ លោក​ស្រី ​Jen Psaki បានឱ្យ​​ដឹងថា ការថ្លែងរបស់ប្រធានាធិបតី​សហរដ្ឋ​អាមេរិករូបនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រសប្ដាហ៍មុន ទាក់ទងទៅនឹងការវាយប្រហារដោយ​យន្ដហោះដ្រូនដែលកើតឡើងកាលពីខែសីហាកន្លងទៅ។

ទីភ្នាក់ងារសារ​ព័ត៌មាន Reuters បានស្រង់សម្ដីលោក​ស្រី ​Jen Psaki យកមកចុះផ្សាយថា៖ «សកម្មភាពនៃការវាយប្រហារនេះ ត្រូវបានធ្វើឡើងដោយមានកំហុស។ រាល់ការបាត់បង់ គឺជាសោកនាដកម្មមួយ»។

គួរបញ្ជាក់ថា កងកម្លាំងអាមេរិក កាលពីខែសីហាកន្លងទៅ បានបើកការវាយប្រហារដោយយន្ដហោះ​ដ្រូននៅទីក្រុងកាប៊ុល សំដៅទៅលើអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់នៅក្នុងរថយន្តដែលមានបំណងវាយប្រហារមកកាន់ព្រលានយន្តហោះក្នុងទីក្រុងកាប៊ុល ដែលបានបណ្ដាលឱ្យ​​ជនស៊ីវិល១០​នាក់ ក្នុងនោះមានកុមារ៧​នាក់ បានស្លាប់បាត់បង់ជីវិតផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ